Tuesday, 24 November 2020

បច្ចេកទេសដាំដូងក្រអូបឲ្យឆាប់ផ្លែ

 

គេសង្កេតឃើញថាដំណាំដូង មានប្រជាជនកម្ពុជា ពេញនិយមដាំណាស់ ព្រោះតែដំណាំនេះសមស្របទៅនឹងអាកាសធាតុ សណ្ឋានដីនៅកម្ពុជា។ ជាពិសេសដូងក្រអូប ងាយស្រួលដាំ និងថែទាំជាងគេ ហើយឆាប់បានផ្លែលក់ទៀតផង។ កសិករគួរតែដាំដូងតាមបច្ចេកទេសដូចខាងក្រោម៖

*ការជ្រើសរើសពូជ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                         

-ត្រូវជ្រើសរើសពូជចេញពីកសិដ្ឋានដែលបណ្ដុះពូជសុទ្ធ១០០%​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចៀសវាងប៉ះដូងដែលមិនសុទ្ធ

-ជ្រើសរើសពូជណាដែលថ្លោសល្អ

 *វិធីដាំ
-ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ
-លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ
-ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ

-ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់

*វិធីថែទាំ

-រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ

-ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ

-ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង
-ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ
-ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី

-ហាមដុតភ្លើងក្នុងចំការដូង។

*ចំណាំៈ

-ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។

-ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។

-ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។
-បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ

-ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6×6 m និងដូងធម្មតា 8x8m។
» ដោយផ្អែកទៅលើបច្ចេទេសដាំដុះខាងលើ បើបងប្អូនយកទៅអនុវត្តន៏ធានាថានិងទទួលបានលទ្ធផលល្អជាក់ជាមិនខាន ៕
ប្រភព៖ kbn.news
ផ្សាយបន្តដោយ៖ Sesan


វិធីសាស្ត្រដំណាំធូរេន


១, ការជ្រើសរើសដីសំរាប់ដំណាំធូរេន
ធូរេនជារុក្ខជាតិ នៅតំបន់ត្រូពិច ។

ក-ទីតាំងដាំដំណាំ
-ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយះកំពស់ចាប់ពី៧៥ម៉ែត្រ រហូតដល់១០០០ម៉ែត្រ។
-ជាប្រភេទដីមិនលិចទឹក និង មិនដក់ទឹក
-ជាប្រភេទដីក្រហម ម៉តល្អ (គុណភាពដីល្អផុតលេខសំរាប់ដំណាំនេះ)
-ជាប្រភេទដី ខ្លាញ់ក្តាម និងច្រោះទឹកខ្លាំង (ដីកំពង់សោម តាមផ្លូវជាតិលេខ4)
-ជាប្រភេទដីខ្មៅលើ និង ក្រហមក្រោម
-ធូរេន ត្រូវការ pHស្មើ ៥,៥ ទៅ ៦,៥
-របបសំនើមច្រើន នៅទីតាំងដាំ
ខេត្តដែលអាចដាំដំណាំធូរេនបាន មាន កំពត ស្ទឹងត្រែង កំពង់សោម រតនះគីរី កំពង់ចាម ពោធសាត់ សៀមរាប បាត់ដំបង ប៉ៃលិន មណ្ឌលគីរី ព្រវិហារ។ល។
ខ-របៀបដាំដុះ


-ភ្ជួរដី ឲ្យផុស ចំនួន ២ដង
-បាចកំបោរសរីរាង្គ ចំនួន ១គីឡូក្រាម លើដី 100ម៉ែត្រ
- រាស់ដីស្មើ ផ្អាប់ទុករយះពេល ១៥ ទៅ ៣០ ថ្ងៃ (អស់សកម្មភាព)
-បោះតំរុយ សំរាប់ដាំ ចន្លោះពីដើម មួយ ទៅមួយ ៥ទៅ៨ម៉ែត្រពីគ្នា
-ការជីករណ្តៅដាំ ទំហំ ១ម៉ែត្រ គុណ១ម៉ែត្រ ជំរៅ ១ម៉ែត្រ ឬ បួនតឹក បួនជ្រុង ជំរៅ ៤តឹក
-វាស់ pHដី នៅបាតរណ្តៅ បើមិនសមស្រប ត្រូវបាចកំបោរ១ខាំក្នុង១រណ្តៅ
-ដាក់កាកសំណល់សរីរាង្គម៉ត់ ឲ្យពេញរណ្តៅ ហើយ បាញ់ ជីធម្មជាតិ ឲ្យជោគ ។
-រៀងរាល់ ៥ថ្ងៃ ត្រូវជ្រោយមួយដង ហើយត្រូវជ្រោយយ៉ាងតិច ៥ដងដែរ។
-រៀបចំប្រព័ន្ធស្រោចស្រព្វ ឲ្យបានល្អ

២, របៀបដាក់ជីនិងថែបំប៉ន

ក-ការដាក់ជីគោក
-ត្រូវដាក់ជីគ្រាប់ចំនួន ៦ គីឡូក្រាមក្នុងមួយដើម សំរាប់១ឆ្នាំ
-ត្រូវដាក់ចំនួន ៩ ដង ក្នុង១ឆ្នាំ
-ត្រូវដាក់ រដូវ វស្សា ពេលបេះផ្លែអស់ ចំពោះស្រុកមេមត់ គឺ នៅខែ៧ត្រូវដាក់រៀងរាល់ខែ ចាប់ពី ខែ ១០ (អស់ទឹកភ្លៀង) មួយខែគឺបាចលើ កំផែង ០,៥ ទៅ ២ គីឡូក្រាម រហូតដល់ធូរ៉េន ជិតកាត់។
១-នៅខែតុលា ចំនួន ០.៥គីឡូក្រាម
២-នៅខែវិច្ឆិកា ចំនួន ០.៥គីឡូក្រាម
៣-នៅខែធ្នូ ចំនួន ០.៥គីឡូក្រាម
៤-នៅខែមករា ចំនួន ០.៥គីឡូក្រាម
៥-នៅខែកុម្ភះ ចំនួន ០.៥គីឡូក្រាម
៦-នៅខែមីនា ចំនួន ០.៥គីឡូក្រាម
៧-នៅខែមេសា ចំនួន ០.៥គីឡូក្រាម
៨-នៅខែឧសភា ​ ចំនួន ០.៥គីឡូក្រាម
៩-នៅខែមិថុនា ចំនួន ០.៥គីឡូក្រាម

ខ- វិធីដាក់ជីគ្រាប់


-ការដាក់លើកទី១៖
ការដាក់ជី ត្រូវ ជីកចរតាមសំយ៉ាបមែក (ច្បាប់) ជំរៅ ២តឹក ទំហំ២តឹក ហើយ បាចនៅក្នុងម្លប់ កំពែង ចំនួន ៣ខាំទៀត ។ ឬ ជីក ចំនួន ៤រណ្តៅ គំលាតពីគល់ ១ម៉ែត្រ ហើយ ក្នុង ១រណ្តៅ ត្រូវដាក់ ចំនួន ០,៥ ទៅ ០,៧ គីឡូក្រាម ។
-ការដាក់លើកទី២៖
គឺនៅរដូវអស់ទឹកភ្លៀង ចាប់ពីខែ១០រហូតដល់ខែ៥ រៀងរាល់ ១ខែ ត្រូវដាក់ ០,៥ គីឡូក្រាម ដោយបាចលើម្លប់កំផែងចំពោះធូរ៉េន ៤ទៅ៥ឆ្នាំ ។ហាមជាន់លើដីម្លប់កំផែង ឬកាប់ដីម្លប់កំផែងបណ្តាឲ្យដាច់ឬស និងបាញ់ថ្នាំស្មៅ បណ្តាឲ្យងាប់ឬសស្បៃ ជ្រុះផ្កាផ្លែងាប់ដើម។

គ-ការបំប៉នជីទឹកដល់ឬសដើមស្លឹកត្រួយ គឺ
២,៥សេសេ ត្រូវលាយទឹកស្អាត ១លីត្រ សំរាប់ស្រោចឲ្យសព្វ លើក្រឡាផ្ទៃ ១ម៉ែត្រការ៉េ។ រៀងរាល់ ៧ថ្ងៃ ស្រោច ១ដង ហើយ ត្រូវស្រោចឲ្យបានជាប់ចំនួន ៤ដង នឹងបានលទ្ធផលល្អហើយ។

ឃ-សំរាប់ប្រើលើ ស្លឹក ដើម ធាង កំចាត់ជំងឺនិងសត្វបំផ្លាញគឺ
បាញ់លើស្លឹកដើមមែក រៀងរាល់ ១០ថ្ងៃម្តង ។ ត្រូវបាញ់ ៣ដងជាប់គ្នា។
គឺ ២,៥សេសេ លាយទឹកស្អាត ១ លីត្រ។
សំគាល់ ចំពោះរដូវភ្លៀង ត្រូវលាយថ្នាំដិតស្លឹក ដើម្បីកុំឲ្យឆាប់អស់ជាតិថ្នាំ ពេលភ្លៀងធ្លាក់មក។


ង-ការបំប៉នជីទឹកដល់ផ្កាផ្លែ គឺ
សំរាប់ជំរុញឲ្យចេញ ផ្កាកំលាំងល្អ តាមធម្មជាតិ (មិនមែនរំញូចទេ) មិនជ្រុះផ្កា ផ្កាមានសុខភាពរឹងមាំល្អកាន់ផ្កា និង ផ្លៃ ច្រើន។
២,៥សេសេ ត្រូវលាយទឹកស្អាត ១លីត្រ សំរាប់ស្រោចឲ្យសព្វ លើក្រឡាផ្ទៃ ១ម៉ែត្រការ៉េ។ រៀងរាល់ ៧ថ្ងៃ ស្រោច ១ដង ហើយ ត្រូវស្រោចឲ្យបានជាប់ចំនួន ៤ដង នឹងបានលទ្ធផលល្អហើយ។ ហើយ ដើម្បីបន្តថែផ្កាថែមទៀត ត្រូវស្រោចរៀងរាល់ ១៥ថ្ងៃ មួយដង រហូតដល់ផ្លែចាស់។
ចំណាំ ថ្នាំនេះ ត្រូវប្រើមុនមួយខែនៃពេលរដូវផ្កាធូរ៉េនមកដល់។

៣, ការប្រើជី

៤, ការថែទាំ
-ស្រោចទឹក
-បោចស្មៅ
-គ្របរងដាំ
-ពូនគល់
-តាក់តែងមែក
-ធ្វើរណ្តៅដាក់ជី
-បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង៕


ប្រភព៖ កសិកម្មស្រុកភ្នំព្រឹក

ផ្សាយបន្តដោយ៖ Sesan




វិធី​ដាំ​អំពៅ​ក្នុង​ដី​ស្រែ


រដូវ​វស្សា​ឆ្នាំ​២០១៤ កសិករ​ច្រើន​ខេត្ត ដាំ​ស្រូវ​វស្សា​មិន​អស់​ដី​ទេ ដោយសារ​ទឹក​ភ្លៀង​ធ្លាក់​មិន​ទៀង​ទាត់។ ផ្ទៃដី​ដែល​សេសសល់​ពី​ការ​ដាំ​ស្រូវ​នេះ កសិករ​នៅ​ខេត្ត​តាកែវ និង​ខេត្ត​ព្រៃវែង បាន​នាំ​គ្នា​​ដាំ​អំពៅ​ទៅ​វិញ។

តើ​ដំណាំ​អំពៅ​ក្នុង​ដី​ស្រែ​នោះ គេ​ដាំ​យ៉ាង​ដូច​ម្ដេច?

​តម្រូវការ​ដើម​អំពៅ​បាន​កើន​ឡើង ខណៈ​ទីផ្សារ​អំពៅ​មាន​តម្លៃ​ខ្ពស់​ក្នុង​ពេល​រដូវ​ធ្លាក់​ខ្យល់ មនុស្ស​ស្រេក​ទឹក ត្រូវ​ការ​ទឹក​អំពៅ​ស្រស់​ទទួល​ទាន​បង្កើន​ថាមពល។ បញ្ហា​នេះ គេ​ឃើញ​​នៅ​ក្នុង​ដីស្រែ​នៃ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ សំបូរ​ចំការ​អំពៅ កំពុង​ត្រូវ​បាន​កសិករ​ដាំ​ជំនួស​ស្រូវ។

​ម្ចាស់​ចម្ការ​អំពៅ​នៅ​ភូមិ​ចមពល ឃុំ​ពពេល លោក រស់ ម៉ៅ អះអាង​ថា ទឹកភ្លៀង​ធ្លាក់​ចុង​ឆ្នាំ​គាត់​នៅ​​សល់​ដី​ពី​ដាំ​ស្រូវ​ដែល​ខ្វះ​ទឹក គាត់​កែច្នៃ​ដាំ​អំពៅ។ លោក​អះអាង​ថា អំពៅ​មាន​ច្រើន​ពូជ ប៉ុន្តែ​អំពៅ​ដែល​គាត់​ដាំ និង​លក់ដាច់​លឿន គឺ​អំពៅ​ទឹក​ឃ្មុំ ព្រោះ​ទឹក​វា​ផ្អែម ដើម​មិន​ស្រួយ​ខ្លាំង សំបក​ស្ដើង៖ «អំពៅ​វា​មាន​ប្រភេទ​ច្រើន ដូចជា​អំពៅ​ខ្មៅ អំពៅ​តម្លាន់ អំពៅ​ទឹក​ឃ្មុំ អំពៅ​ឫស្សី ជាដើម។ ​បទពិសោធន៍​ការ​ដាំ​អំពៅ​នេះ ដំបូង​គឺ​ត្រូវ​ជ្រើស​រើស​ពូជ ថ្នាំង​វា​ល្អ ហើយ​យើង​កាប់​យក​តែ​មួយ​ថ្នាំងៗ​ទេ សាច់​ណា​ដែល​វែង​យើង​កាត់​វា​ចេញ បាន​យក​អំពៅ​ហ្នឹង​ទៅ​ដាក់​ក្នុង​បាវ​មួយ ចង​មាត់​ឲ្យ​​ជិត ហើយ​បាន​យក​ទៅ​ត្រាំ​ទឹក​វា​មួយ​យប់ ស្អែក​ឡើង​យើង​ស្រង់​អំពៅ​ពី​ក្នុង​ទឹក​មក ប៉ុន្តែ​អត់​​ស្រាយ​មាត់​បាវ​ទេ ទុក​មួយ​អន្លើ​សិន»។

​ស្រដៀង​គ្នា​ដែរ ម្ចាស់​ចំការ​អំពៅ​នៅ​ភូមិ​ទ្រា ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង លោក អៀង សាត អះអាង​ថា គាត់​ដាំ​អំពៅ​កែវ​ស្ករ គឺ​ជា​ពូជ​អំពៅ​ដើម​មិន​ស្រួយ ស្វិត តែ​ទឹក​វា​ផ្អែម។ អ្នក​លក់​ទឹក​អំពៅ​មក​កក់​ប្រាក់​មុន ខ្លាច​គាត់​មិន​លក់​ឲ្យ ព្រោះ​ចំការ​អំពៅ​ក្នុង​ឃុំ​នោះ​មាន​អ្នក​ដាំ​តិច​ហិកតារ​ពេក៖ «ពី​ដំបូង​មក​ខ្ញុំ​ទៅ​ទិញ​គេ​នៅ​ព្រែក​ថ្មី អំពៅ​កែវ​ស្ករ ទិញ​តែមួយ​សា​មក​ខ្ញុំ​ចេះ​តែ​ទុក​រហូត​ទៅ។ បាន​ពូជ​យក​មក​ដាំ​ហ្នឹង យើង​កាប់​វា​៣ៗ​ភ្នែក​ទៅ ហើយ​យើង​ត្រាំ​ទឹក​មួយ​យប់​បាន​យក​ទៅ​រៀប​ដាក់​លើ​ថ្នាល​ផ្សាំ​ទុក​ឲ្យ​វា​ដុះ​បាន​ប្រហែល​ជា ២​តឹក​ទៅ យើង​យក​ទៅ​ដាក់​ដាំ​តាម​រង។ តែ​រង​យើង​កាប់​ហើយ ដាក់​ជី​ធម្មជាតិ​គឺ​ជីកំប៉ុស​ហ្នឹង រោយ​តាម​រង​រហូត​ដើម្បី​ឲ្យ​ល្អ​មិន​ចាំ​បាច់​​ប្រើ​ជីគីមី ដាក់​ហើយ​យើង​ដាក់​កូន​ដាំ​ទៅ។ ដល់​ដាំ​បាន​កន្លះ​ខែ បាន​យើង​លុប​ដី​មួយ​សា ពេល​លុប​ដី​នេះ យក​ជីកំប៉ុស​ទៅ​រោយ​បន្តិចៗ​ពី​លើ។ រំលង​មួយ​ខែ​ទៀត ដាក់​ជីកំប៉ុស​មួយ​សា​ទៀត រោយ​លុប​ដី​បង្ហើយ។ អំពៅ​នេះ​មិន​រើស​ដី​ទេ អំពៅ​ហ្នឹង​ស្រួល​ដាំ​ជាង​អំពៅ​កែវ​ទឹក​ឃ្មុំ»។

​ឯកសារ​កសិកម្ម​ប្រាប់​ពី​របៀប​ដាំ​អំពៅ​មាន ២​បែប គឺ​ដាំ​ដោយ​បណ្ដុះ និង​ដាំ​ដោយ​កំណាត់​ដើម។ ការ​បណ្តុះ​កូន​អំពៅ ជា​ដំបូង​ត្រូវ​កាត់​ដើម​អំពៅ​ជា​កំណាត់​ខ្លីៗ យក​ថ្នាំង​មួយៗ រួច​ហើយ​រៀប​ថ្នាំង​​នោះ​តម្រៀប​គ្នា​ក្នុង​ថ្នាល​មួយ​ក្បែរ​ប្រភព​ទឹក ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្រោចស្រព។

កំណាត់​ដើម​អំពៅ​នោះ មិន​ត្រូវ​លុប​ដី​ឲ្យ​ជិត​ទេ ត្រូវ​យក​ភ្នែក​ថ្នាំង​អំពៅ​បញ្ឈរ​ឡើង​លើ ដើម្បី​ឲ្យ​​ពន្លក​ឆាប់​ដុះ​ពី​ថ្នាំង បន្ទាប់​មក​ត្រូវ​គ្រប​ចំបើង​ពី​លើ​ថ្នាំង​អំពៅ។ ស្រោច​ទឹក​មួយ​ថ្ងៃ​ម្ដង ដើម្បី​ឲ្យ​កូន​អំពៅ​ឆាប់​ដុះ​ល្អ។ ពេល​ដែល​កូន​អំពៅ​ដុះ​បាន​ទំហំ​ប៉ុន​ម្រាមដៃ គឺ​ក្រោយ​បណ្ដុះ​ប្រហែល ១​ខែ​​ទើប​គេ​យក​ទៅ​ដាំ​នៅ​ក្នុង​ដី​ចំការ។


ការ​ដាំ​កំណាត់​ដើម​អំពៅ៖ វិធី​នេះ​គេ​អនុវត្ត​ចំពោះ​ដី​ចំការ​ធំៗ ដែល​កាប់​រណ្ដៅ ហើយ​លើក​ជា​រង។ ការ​ដាំ​ដុះ​តាម​វិធី​នេះ គេ​អាច​អនុវត្ត​បាន​ចំ​ពេល​ដែល​ដី​ចំការ​នៅ​សើម។ វិធី​នេះ​អាច​ចំណាយ​ទុន​​តិច និង​ឆាប់​រហ័ស​ទួល​ផល​ទៀត​ផង។ ប៉ុន្តែ​វា​មាន​គុណ​វិបត្តិ​ម្យ៉ាង គឺ​ដើម​ដុះ​មិន​បាន​ល្អ​នៅ​ពេល​​ពុំ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់។

​វិធី​ទាំង​២​បែប​នេះ​ត្រូវ​កសិករ រស់ ម៉ៅ ប្រាប់​បន្ថែម​ថា មិន​ត្រូវ​យក​អំពៅ​ទៅ​បណ្ដុះ​ដោយ​កាប់​​ដើម​អំពៅ​មួយ​សាច់​ទេ ត្រូវ​កាប់​យក​តែ​កន្លែង​ថ្នាំង​ដែល​មាន​ភ្នែក ហើយ​ដុះ​ពន្លក​តិចៗ​ទៅ​បណ្ដុះ។

​លោក រស់ ម៉ៅ អះអាង​ថា ចង់​ដាំ​អំពៅ​ឲ្យ​វា​ផ្អែម ចាំបាច់​ត្រូវ​ប្រើ​ផេះ និង​ដី​ដំបូក ហាម​ប្រើ​ធ្យូង និង​​លាមក​សត្វ​ស្រស់ តែ​អាច​ប្រើ​បាន​នូវ​លាមក​សត្វ​ស្ងួត​ក្រៀម​ងាប់​យូរ​ឆ្នាំ៖ «អំពៅ​វា​ត្រូវការ​ជី តែ​ពពួក​ផេះ​ហើយ​និង​ដី​ដំបូក យើង​មិន​អាច​យក​អាចម៍​គោ​អី​មក​ដាំ​ទេ កាលណា​យក​អាចម៍​គោ​យក​មក​ដាំ គឺ​អំពៅ​នឹង​វា​អត់​ផ្អែម​ទេ គឺ​ផេះ​ដែល​យើង​ដុត​កន្លែង​ណា​​ផ្សេងៗ ឲ្យ​ទៅ​ជា​ផេះ មិន​មែន​ធ្យូង​ទេ។ បើ​យើង​ដាក់​អាចម៍​គោ អាចម៍​មាន់ បាន ប៉ុន្តែ​អត់​ដាក់​វា​​នៅ​ស្រស់​ទេ លុះត្រា​តែ​អាចម៍​គោ អាចម៍ មាន់ ដែល​វា​ងាប់​តាំង​ពី​ឆ្នាំ​ទៅ​ហ្នឹង​បាន​យើង​យក​មក​​​លាយ​ជាមួយ​គ្នា»។

​លោក រស់ ម៉ៅ បន្ត​ថា ដាំ​អំពៅ​បើ​ដាក់​លាមក​សត្វ​សុទ្ធ គឺ​ដើម​អំពៅ​ពេល​កៀប​យក​ទឹក​មាន​រសជាតិ​​ប្រៃ មិន​មាន​ឱជារស​ផ្អែម​ទេ ប៉ុន្តែ​បើ​ដាក់​ផេះ និង​ដី​ដំបូក គឺ​ទឹក​អំពៅ​វា​ផ្អែម។ 


វិធី​ដាំ​ដើម​អំពៅ

មុន​ដាំ​ត្រូវ​ភ្ជួរ​ដី​ឲ្យ​បាន ៣​សា ឲ្យ​បាន​ជម្រៅ​ជ្រៅ រាស់​ឲ្យ​ម៉ត់ ឆូត​ជា​គន្លង ដើម្បី​ឲ្យ​មាន​ចង្អូរ ប៉ុន្តែ​មិន​ត្រូវ​លើក​រង​ដាំ​អំពៅ​ទេ។ កាយ​គន្លង​នោះ​ឲ្យ​មាត់​រណ្ដៅ​ទំហំ ៨​តឹក រួច​យក​កូន​អំពៅ ១​ដើម មាន​ដុះ​ដើម​ប៉ុន​មេដៃ កម្ពស់ ២​តឹក​ទៅ​កប់​ក្នុង​រណ្ដៅ ដែល​មាន​ល្បាយ​ផេះ ដី​ដំបូក លាមក​សត្វ​ងាប់ នៅ​បាត​រណ្ដៅ​នោះ​ជា​ស្រេច កប់​វា​បន្ថើរៗ​ល្មម៖ «យើង​អត់​កប់​ជ្រៅ​ពេក​ទេ ដោយសារ​តែ​យើង​មាន​ចង្អូរ​អ៊ីចឹង ពេល​មាន​ភ្លៀង និង​ពេល​ស្រោច​ទឹក​ពី​លើ​គឺ​វា​ធ្លាក់​មក​បន្តិចៗ យើង​មិន​បាច់​លុប​ជើង​អី​ទៀត​ទេ ដោយសារ​យើង​ស្រោច​ទឹក​ទៅ​ដី​ហ្នឹង​វា​ធ្លាក់​មក អ៊ីចឹង​បាន​យើង​កប់​វា​រាក់ៗ។ ពេល​ដាំ​ហើយ​យើង​ត្រូវ​យក​ស្លឹក​ដូង គ្រប​វា​ដដែល ដើម្បី​ឲ្យ​វា​ត្រជាក់»។

ការ​ថែទាំ​ដំណាំ​អំពៅ

​លោក រស់ ម៉ៅ ឲ្យ​ដឹង​ថា អំពៅ​ត្រូវ​ការ​ទឹក​ស្រោច​នៅ​ពេល​ដី​ខ្សោះ​ទឹក។ ប៉ុន្តែ​បើ​ស្រោច​ទឹក​ច្រើន​​ពេក វា​នឹង​ធ្វើ​ឲ្យ​ទឹក​អំពៅ​សាប។ លោក​បន្ត​ថា នៅ​ពេល​ដាំ​អំពៅ​ទុក​ឲ្យ​វា​ដុះ​បាន​កម្ពស់ ០,៥០​ម៉ែត្រ​ពី​ដី ម្ចាស់​ដំណាំ​ត្រូវ​ដក​ស្លឹក​ដុះ​នៅ​បណ្ដូល​ដើម​អំពៅ​ចោល ដើម្បី​ឲ្យ​អំពៅ​ឆាប់​បែក​កូន និង​ដុះ​ដើម​បាន​ទំហំ​ប៉ុនៗ​គ្នា។ ពេល​អស់​ស្លឹក​បណ្ដូល​នោះ គឺ​ដើម​អំពៅ​ឆាប់​បែក​កូន​ច្រើន ហើយ​លូត​កម្ពស់​ដើម​ស្មើ​គ្នា៖ «ដើមៗ​ហ្នឹង​គឺ​យើង​ដក​បណ្ដូល​វា កាល​ណា​យើង​អត់​ដក​បណ្ដូល​វា គឺ​វា​អត់​បែក​កូន​ទេ ទី​១ ហើយ​ទី​២ ដើម​អំពៅ​វា​មាន​កម្ពស់​ខ្ពស់​ទាបៗ វា​អត់​ស្មើ​ទេ បើ​អ៊ីចឹង​បណ្ដូល​ហ្នឹង​ដក​ចេញ​បាន​ល្អ។ បើកាលណា​ដាច់​ក៏​យើង​ដក​ម្ដង​ទៀត ទាល់តែ​បណ្ដូល​ហ្នឹង​ដាច់​ដល់​ត្រឹម​គល់​វា​នោះ។ ពេល​ដក​បាន​ហើយ ១​អាទិត្យ ទៅ ១០​ថ្ងៃ វា​ចាប់​ផ្ដើម​បែក​កូន បែក​ដូច​ស្លឹកគ្រៃ​អ៊ីចឹង។ វា​បែក​ក្នុង​១​គុម្ព​មាន ៨ ទៅ ១០​ដើម មាន​កន្លែង​ខ្លះ​បែក​ដល់ ១២​ដើម»។

​លោក រស់ ម៉ៅ បន្ត​ថា បើ​ចង់បាន​ដើម​អំពៅ​ថ្លោស​ល្អ មាន​ទំហំ​ដើម​ប៉ុនៗ​គ្នា ត្រូវ​កាប់​ដើម​ចោល​ខ្លះ ទុក​តែ ៨​ដើម​ក្នុង​មួយ​គុម្ព រាប់​ទាំង​ដើម​ដែល​ដក​បណ្ដូល​ចេញ។ លោក​ថា មាន​អ្នក​ដាំ​ខ្លះ​ទុក​ដើម​អំពៅ​បែក​មក​នោះ​ទាំង​អស់ ព្រោះ​ចង់​ចំណេញ។ លោក​ថា ការ​ទុក​បែប​នេះ គឺ​មិន​ចំណេញ​​ទេ វា​នឹង​ដណ្ដើម​គ្នា​បឺត​ជីជាតិ​ពី​ដី ធ្វើ​ឲ្យ​ដើម​អំពៅ​តូច​ហើយ​ក្រិន។ ប៉ុន្តែ​បើ​ដី​ដាំ​អំពៅ​ជា​ដី​ល្បប់​​បាត​បឹង ឬ​ដី​លិច​ទឹក ការ​ទុក​ដើម​អំពៅ​បែក​ទាំង​អស់​នោះ​បាន តែ​ត្រូវ​ថែម​ជី​គីមី​នៅ​ក្នុង​ដី​គន្លង​នោះ ដើម្បី​បំពេញ​ជី​ក្នុង​ដី​ល្បប់ ទើប​ដើម​អំពៅ​ដុះ​បាន​កម្ពស់​ជិត ២​ម៉ែត្រ និង​មាន​ដើម​ថ្លោស​ល្អ។ លោក​អះអាង​ថា ការ​បន្ថែម​ជី​ក្នុង​ដី​រង ពេល​ដែល​អំពៅ​កំពុង​បែក​កូន​នេះ​នាំ​ឲ្យ​ដើម​អំពៅ​ប្រេះ​ដើម​ហើយ​ស្រួយ។

លោក​បន្ត​ថា ការ​ថែទាំ​មួយ​ទៀត គឺ​ការ​ដើរ​ប្រឡេះ​ស្លឹក​ដែល​ដុះ​នៅ​ជាប់​ដើម៖ «បើ​យើង​ដាំ​អំពៅ​ចំនួន ២០០​គុម្ព គឺ​យើង​មាន​គោ​មួយ​នឹម យើង​គ្រាន់​តែ​សក​ស្លឹក​អំពៅ​ឲ្យ​គោ​ស៊ី​ទៅ​បាន​ហើយ។ ប៉ុន្តែ​អំពៅ​កា​រសក​មិន​មែន​សក អស់ៗ​ដល់​ចុង​ទេ បើ​កាល​ណា​សក​បែប​នេះ គឺ​វា​ក្រិន អ៊ីចឹង​ពេល​លៃ គឺ​យើង​យក​ស្លឹក​ណា​ដែល​ចង់​ទុំ​និង​ចាស់ ២ ទៅ ៣​ស្លឹក​ទេ សក​ម្ដង​រយៈពេល​១​អាទិត្យ បាន​សក​ម្ដង​ទៀត»។


​លោក រស់ ម៉ៅ ឲ្យ​ដឹង​ថា អំពៅ​ដាំ ៤​ខែ អាច​ប្រមូល​ផល​បាន។ ការ​ប្រមូល​ផល​អំពៅ​មិន​ត្រូវ​កាប់​​ដល់​គល់​ទេ ត្រូវ​ទុក​គល់​វា​ឲ្យ​នៅ​សល់​ពី​ដី ១​តឹក ដើម្បី​ឲ្យ​វា​បែក​គុម្ព​ទៀត​ក្រោយ​ទៀត ដោយ​ការ​​ប្រមូល​ស្លឹក​ឈើ និង​ចុង​អំពៅ​ទៅ​គ្រប​ពី​លើ​គល់ ហើយ​ដុត​វា៖ «ខែ​ផល្គុន ខែ​ជិត​ភ្លៀង ពេល​ហ្នឹង​យើង​ប្រមូល​ចុង​អំពៅ​ក្បែរ​ហ្នឹង​យក​ទៅ​គរ​នៅ​លើ​គល់​អំពៅ​ដែល​យើង​កាប់ ហើយ​យើង​ដុត​វា។ ប៉ុន្តែ​ដុត​ហ្នឹង​មិន​មែន​ឲ្យ​ភ្លើង​ឆេះ​ហើយ យើង​ដុត​បន្ថែម​ទៀត គឺ​អត់​ទេ ដុត​តែមួយ​សា​ហ្នឹង​ឆេះ​ប៉ុន្មាន​ក៏​ឆេះ​ទៅ រួច​ហើយ​បាន​យើង​ចាប់​ផ្ដើម​ឆាយ​ដី​ពី​ភ្លឺ​យើង​ហ្នឹង​មក​ទម្លាក់​ក្នុង​ចង្អូរ​ហ្នឹង​វិញ។ មួយ​អាទិត្យ​ទៅ ១០​ថ្ងៃ​ភ្លៀង​មក​វា​ចាប់​ផ្ដើម​ដុះ​ជា​ថ្មី​ហើយ។ ការ​ដុះ​លើក​ក្រោយ​នេះ យើង​អត់​មាន​ដក​កូន​ទៀត​ទេ គឺ​ពន្លក​វា​ធំ​ជាង​មុន​ទៅ​ទៀត​លើក​ទី​២​នេះ ហើយ​​យើង​មិន​បាច់​ដាំ​មួយ​សា​ទៀត​ទេ អា​គល់​ហ្នឹង​គឺ​វា​ដុះ​ដោយ​ខ្លួន​ឯង យើង​ធ្វើ​របៀប​ហ្នឹង​គឺ​ដាំ ១​ឆ្នាំ ទទួល​ផល​ដល់​ទៅ ៣​ឆ្នាំ»។

​ចំពោះ​ការ​ដាំ​អំពៅ​កែវ​ស្ករ របស់​លោក អៀម សាត នៅ​ខេត្ត​ព្រៃវែង វិញ លោក​ថា អំពៅ​គាត់​ដាំ ៥​ខែ​ទើប​ប្រមូល​ផល។ លោក​ប្រៀបធៀប​ថា ដាំ​អំពៅ​និង​ដាំ​ស្រូវ គឺ​អំពៅ​លក់​ចំណេញ​ជាង​លក់​គ្រាប់​ស្រូវ៖ «អំពៅ​ចំណេញ​ជាង​ស្រូវ​ច្រើន​ណាស់។ បើ​ដី​អំពៅ​នេះ ខ្ញុំ​ធ្វើ​ស្រូវ លក់​គ្រាប់​ស្រូវ​បាន​តែ ១៧​ម៉ឺន​ទេ បើ​ខ្ញុំ​ដាំ​អំពៅ​អាច​លក់​បាន​ជិត ៥​លាន។ អំពៅ​នេះ​ខ្ញុំ​ម៉ៅ​ឲ្យ​គេ​បាន ៤​លាន ៤០​ម៉ឺន បើ​ខ្ញុំ​ចំណាយ​ប្រេង ថ្លៃ​ដាក់​ជី និង​ប្រើ​កម្លាំង​អស់​តែ ៤០​ម៉ឺន​ទេ»។

ដោយសារ​តែ​អំពៅ​ទទួល​បាន​ផល​ចំណេញ​ច្រើន ទើប​គេ​ឃើញ​មាន​ចម្ការ​អំពៅ​ដាំ​ច្រើន​ម៉ឺន​ហិកតារ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​កំពង់ធំ ហើយ​មាន​រោងចក្រ​ចម្រាញ់​ទឹក​អំពៅ​ផលិត​ជា​​ស្ករ​ស​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ៕


ប្រភព៖ RFA

ផ្សាយបន្តដោយ៖ Sesan



Wednesday, 18 November 2020

វិធីសាស្ត្រដាំម្នាស់🌱🌱

 


១, ការរៀបចំរង

យើងត្រូវរៀបចំដីឲ្យបានស្អាត ទុកចោលមួយសប្តាហ៍  បន្ទាប់មកកាយចង្អូរ ឬភ្ជួរឆូតដែលមានបណ្ដោយ២០ម៉ែត្រ និងចន្លោះចង្អូរប្រវែង ១ម៉ែត្ររួចដាក់ជីអាចម៍គោតាមចង្អូរហើយលប់ដីពីលើ។

២,ការដាំម្នាស់

យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ ដែលមានចន្លោះពីគុម្ភមួយទៅគុម្ភមួយ ប្រវែងពី ៣​​​ ទៅ ៤តឹក និងចន្លោះរងប្រវែងពី ៦ ទៅ ៨តឹក។ យើងត្រូវកប់គល់កូនម្នាស់ចូលទៅក្នុងដីប្រមាណ ១តឹក។

៣, ការសំអាតស្មៅ ពូនគល់​ និងការគ្របរង

ស្មៅចាប់ផ្ដើមដុះក្រោយយើងដាំ រួចរយៈពេល១ខែ យើងត្រូវត្រួតពិនិត្យមើល បើឃើញថាមានស្មៅដុះកម្ពស់កូនម្នាស់ យើងចាំបាច់ត្រូវធ្វើការជំរះស្មៅចេញ រួចពូនរង និងយកស្មៅងាប់ ឬដើមកន្ទ្រាំងខែត្រ ឬអង្កាមដាក់ពីលើរងឲ្យបានច្រើនដើម្បីឲ្យកើតជាជី និងបន្ថយការលូតលាស់របស់ស្មៅ។

៤, ការដាក់ជី

* ការដាក់ដីទ្រាប់បាត យើងដាក់ជីលាមកសត្វប្រមាណ៣ការុង ឬ៣០គីឡូក្រាមពីលើចង្អូររងប្រវែង២០ម៉ែត្ររួចកាប់ជ្រោយឲ្យបានសព្វមុនពេលដាំ។

* ការដាក់ជីបំប៉ន យើងប្រើជីអ៊ុយរ៉េ២ដង និងជី២០-២០-១៥  មួយដងសម្រាប់បំប់នដើមម្នាស់ឲ្យលូតលាស់ល្អ។ ត្រូវសំអាតស្មៅឲ្យបានស្អាតជាមុនសិន និងត្រូវដាក់ជីក្រោយភ្លៀងធ្លាក់សម្រាប់រដូវវស្សា។ នៅរដូវប្រាំងយើងត្រូវយកជីអ៊ុយរ៉េចំនួនកន្លះគីឡូក្រាម លាយទឹក១ធុងចំណុះ២០លីត្រសម្រាប់កូនម្នាស់១០០ដើម។ ត្រូវចាក់ស្រោច តាមគល់កុំឲ្យទឹកជីចូលក្នុងបណ្ដូលដើមម្នាស់។

* លើកទី១៖ ត្រូវដាក់ជីក្នុងរយៈពេល១ខែកន្លះ  ក្រោយដាំប្រើជីអ៊ុយរ៉េ ១គីឡូក្រាមសម្រាប់កូនម្នាស់២០០ដើម។

* លើកទី២៖ ត្រូវដាក់ក្នុងរយៈពេល ២ខែក្រោយលើកទី១ ប្រើជីអ៊ុយរ៉េម្ដងទៀត១គីឡូក្រាមសម្រាប់កូនម្នាស់២០០ដើម។

* លើកទី៣៖ ពេលម្នាស់ចាប់ផ្ដើមចេញផ្កាប្រើជី ២០-២០-១៥ មួយគីឡូក្រាមសម្រាប់កូនម្នាស់២០០ដើម។

» ចំណាំ៖ យើងអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងកន្ទ្រាំងខែត្រ ដោយចាក់ស្រោចតាមគល់ជំនួសជីអ៊ុយរ៉េបាន។ យើងប្រើទឹកជី១ធុងចំណុះ២០លីត្រ សម្រាប់ម្នាស់១០០ដើម។

៥, ស្រោចស្រព

បើយើងដាំកូនម្នាស់នៅរដូវប្រាំង យើងត្រូវស្រោចទឹកពន្លិចរងក្រោយដាំរួច និងត្រូវស្រោចវារៀងរាល់មួយខែម្ដងរហូតដល់ភ្លៀងធ្លាក់។

៦, កាច់សំអាតខ្នែង

ជាធម្មតាពូជម្នាស់ស្រុកយើងពុំសូវឃើញមានខ្នែងកូននៅពេលដើមម្នាស់ កំពុងលូតលាស់ទេ ប៉ុន្តែយើងគួរតែត្រួតពិនិត្យមើលបើមានខ្នែងត្រូវកាត់ចេញ ដោយទុកតែដើមមេមួយប៉ុណ្ណោះដើម្បីឲ្យបានផ្លែធំ។

៧, ជំរុញផ្កា

ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវាមានដើមធំល្អដែលមានស្លឹកលើស ពី២០ឡើងទៅ។ យកថ្មស្អុយលេខមួយ ចំនួន ៣ខាំលាយជាមួយទឹក១ធុងចំណុះ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូលក្នុងបណ្ដូលដើមម្នាស់ទាល់តែពេញ។ ជាធម្មតាល្បាយទឹកថ្មស្អុយ២០លីត្រអាចចាក់បាន ៣រងប្រវែង២០ម៉ែត្រ។ ក្រោយចាក់ថ្មស្អុយរយៈពេល ៤ខែ ២០ថ្ងៃទើបម្នាស់ទុំអាចកាច់យកលក់បាន៕


នាំមកជូនដោយ៖ Sesan-សេសាន




អ្នកជំនាញ​ជំរុញ​ឱ្យ​ពលរដ្ឋ​ដាំ​ស្លឹកគ្រៃ កាត់បន្ថយ​ការ​នាំចូល

អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​លើកឡើងថា ទោះ​ស្លឹកគ្រៃ​ជា​បន្លែ​សាមញ្ញ​ងាយស្រួល​ដាំ​ដុះ ប៉ុន្តែ​ស្លឹកគ្រៃ​ដែល​ចរាចរ​លក់​នៅលើ​ទីផ្សារ ភាគច្រើន​នាំចូល​ពី​បរទេស ព្រមទាំង​ភាគច្រើន​រីកលូតលាស់​ដោយ​ការប្រើ​ថ្នាំ​គីមី ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​។​

​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​មក​ពី​កសិដ្ឋាន​ហ្គ្រែ​ន​ភ្នំពេញ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កញ្ញា នី ពិសី អះអាង​ប្រាប់​វិទ្យុ​ផ្កាឈូក​ថា ស្លឹកគ្រៃ​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​វិស័យ​កសិកម្ម​។ កញ្ញា​ឱ្យដឹង​បន្តថា ស្លឹកគ្រៃ​មិន​ត្រឹមតែ​ជា​រុក្ខជាតិ​ស្លឹកគ្រៃ​អាច​ប្រើប្រាស់​ជា​គ្រឿងផ្សំ​ក្នុង​ម្ហូបអាហារ​សម្រាប់​មនុ​ស្ស​ប៉ុណ្ណោះទេ ស្លឹកគ្រៃ​ក៏​អាច​ប្រើ​សម្រាប់​ជា​ចំណី​សត្វ ដូចជា​មាន់​និង​ទា​បានដែរ​។​

​កញ្ញា នី ពិសី ដែល​ជា​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​ឱ្យដឹងថា ស្លឹកគ្រៃ​ជា​ដំណាំ​មាន​អត្ថប្រយោជន៍​ច្រើន ហើយ​ងាយ​ដាំ​ទៀត​។ កញ្ញា​ប្រាប់​ពី​បច្ចេកទេស​ក្នុង​ការដាំ​ស្លឹកគ្រៃ​ដូចនេះ​ថា មុន​ដំបូង​គេ​ត្រូវ​ជ្រើសរើស​ដើម​ស្លឹកគ្រៃ​ដែល​មាន​ដើម​ល្អ មិន​រង​ការបំផ្លាញ​ណាមួយ​ពី​សត្វ​ចង្រៃ​។ កញ្ញា​បន្តថា ក្រោយ​ជ្រើសរើស​ពូជ​ដើម​ល្អ​បាន​ហើយ ទាមទារ​ត្រូវ​រៀបចំ​រណ្ដៅ ជម្រៅ​រណ្ដៅ ២០ ទៅ​៣០​សង់ទីម៉ែត្រ ហើយ​គម្លាត​រវាង​រណ្ដៅ​មួយ​ទៅ​រណ្ដៅ​មួយ​ប្រវែង​៦០ ទៅ​៧០​សង់ទីម៉ែត្រ​។ ប៉ុន្តែ​កញ្ញា​ថា ក្នុង​មួយ​រណ្ដៅៗ​ដាំ​បាន​តែ​១​ដើម​ប៉ុណ្ណោះ​ដើម្បី​សន្សំ​សំចៃ​ពូជ​។​

​កញ្ញា​បញ្ជាក់ថា គេ​អាច​ដាំ​ដើម​ស្លឹកគ្រៃ​ភ្លាមៗ​ក៏បាន​ឬ​ផ្សាំ​គ​ល់វា​ឱ្យ​ដុះ​ឫស​សិន​ក៏​បាន ប៉ុន្តែ​បើ​ចង់​ឱ្យ​ស្លឹកគ្រៃ​ដុះ​ល្អ​និង​ឆាប់​លូតលាស់​លឿន គួរតែ​ផ្សាំ​វា​ឱ្យ​ដុះ​ឫស​៣​ថ្ងៃ​ចាំ​យក​ទៅ​ដាំ​៖ «​ក្រោយ​យើង​ជីករណ្ដៅ​ដាំ​រួច​ហើយ​ជម្រៅ​២០​ទៅ​៣០​សង់ទីម៉ែត្រ បន្ទាប់មក​យើង​ដាក់​កម្ទេច​ស្លឹកឈើ​ងាប់ ហើយ​ដាក់​ជីលា​មក​សត្វ​ធម្មជាតិ​ច្របល់​បញ្ចូល​គ្នា​ដាក់​ក្នុង​រណ្ដៅ​នោះ ស្រោច​ទឹក​វា​ចាំ​យក​ដើម​មក​ដាំ​»​។​

​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​រូបនេះ​បាន​ឱ្យដឹងទៀតថា ស្លឹកគ្រៃ​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ស្លឹកគ្រៃ​អំបោះ និង​ស្លឹកគ្រៃ​ត្រែង​។ កញ្ញា​ថា ស្លឹកគ្រៃ​ត្រែង​មាន​ដើម​ពណ៌​ក្រហម ហើយ​រឹង​ពិបាក​ហាន់ ចំណែក​ស្លឹកគ្រៃ​អំបោះ​មាន​ដើម​ស្រួយ​មាន​ជាតិ​ទឹក​ច្រើន និង​ងាយស្រួល​ហាន់​ជាង​។​

កញ្ញា​ឱ្យដឹងទៀតថា ក្នុង​កសិដ្ឋាន​កញ្ញា មាន​ដាំ​ស្លឹកគ្រៃ​អំបោះ ព្រោះ​ពូជ​ប្រភេទ​នេះ​មាន​តម្រូវការ​ទីផ្សារ​ច្រើនជាង​។ កញ្ញា​បញ្ជាក់ទៀតថា គេ​អាច​ស្លឹកគ្រៃ​ដាំ​បាន​ច្រើន​របៀប អាច​ដាំ​តាម​ភ្លឺ​ព័ន្ធ​ជុំវិញ​ស្រះ ភ្លឺស្រែ ជុំវិញ​ផ្ទះ អាច​ដាំ​លើក​ជា​រង ដាំ​ចម្រុះ​ជាមួយ​រុក្ខជាតិ​ផ្សេង​ទៀត​ក៏​បាន​។ ប៉ុន្តែ​កញ្ញា​អះអាងថា បើ​ដាំ​លក្ខណៈ​ចម្រុះ​ល្អ​ជាង ព្រោះ​វា​អាចបំពេញ​ជីជាតិ​ឱ្យ​គ្នា​ទៅវិញទៅមក​៖ «​បើ​ស្លឹកគ្រៃ​ដែល​ខ្ញុំ​ដាំ​ដាច់​វា​ដាច់​ម្នាក់ឯង វា​ល្អ​ដែរ តែ​មាន​ស្លឹក​ពណ៌​លឿង ក្រហម អត់​សូវ​ល្អ តែបើ​យើង​ដាំ​វា​ក្បែរ​ដើម វា​ដើម​ស្លឹក​កន្ធំ​ថេត​និង​ដើម​អង្គាដី ឃើញ​ថា​ស្លឹក​របស់​វា​លា​ស់ខ្ចីៗ​និង​ដើម​ថ្លោស​ល្អ​»​។​

​ចំណែក​ការថែទាំ​ដំណាំ​ស្លឹកគ្រៃ​ក្រោយ​ដាំ​រួច អ្នកបច្ចេកទេស​ណែនាំ​ថា ដោយសារ​ស្លឹកគ្រៃ​ជា​ដំណាំ​ងាយស្រួល​ដាំ មិនសូវ​មាន​សត្វ​ចង្រៃ​បំផ្លាញ ដូច្នេះ​គ្រាន់តែ​ស្រោច​ទឹក​ក្នុង​មួយ​សប្ដាហ៍​តែ​ពីរ​ដង​ប៉ុណ្ណោះ គឺ​ពេល​ព្រឹក​និង​ពេល​ល្ងាច​។ ដោយឡែក​ជី​បំប៉ន​វិញ ស្លឹកគ្រៃ​ត្រូវការ​ប្រភេទ​ស្លឹកឈើ​រលួយ​ដាក់​ក្បែរ​គល់​ជា​ការ​ស្រេច​៖ «​ពេលដែល​យើង​ដាំ​បាន​រយៈពេល​១​អាទិត្យ វា​ចាប់ផ្ដើម​លាស់​ត្រួយ ហើយ​នៅពេល​បាន​អាយុ​ពី​៤​ទៅ ១៥​ថ្ងៃ វា​ចាប់ផ្ដើម​ដុះ​កូនតូច​។ រយៈពេល​នេះ យើង​ចាប់ផ្តើម​ដាក់​កម្ទេចកម្ទី​និង​ជ្រោ​យគ​ល់វា​ដើម្បី​បាន​លូត​លឿន​»​។​

​រីឯ​របៀប​ប្រមូល​ផល​វិញ អ្នកបច្ចេកទេស​រូបនេះ​អះអាងថា ស្លឹកគ្រៃ​មាន​អាយុ​៦​ខែ អាច​ប្រមូល​ផល​បាន​ពេញលេញ ប៉ុន្តែ​ស្លឹកគ្រៃ​អាយុ​បាន​៤​ខែ គេ​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ​៖ «​រយៈពេល​៦​ខែ ជា​អាយុ​អាច​ប្រមូល​ផល​បាន​ហើយ​កុំ​ទុក​យូរ​ពេក ព្រោះ​បើ​យើង​ទុក​ឱ្យ​លើសពីនេះ វា​ខាត​សេដ្ឋកិច្ច​វិញ​ទេ​»​។​

​ឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍ​ន៍​កសិក​ម្មធម្ម​ជាតិ​កម្ពុជា​ស្ដីពី​អត្ថប្រយោជន៍​ដំណាំ​ស្លឹកគ្រៃ​បង្ហាញថា ស្លឹកគ្រៃ​ជា​ដំណាំ​រុក្ខជាតិ​ស្លឹក​វែងៗ ក្លិនប្រហើរ​ឈ្ងុយ ដុះ​បែក​ជា​គុម្ព ស្លឹក​។ គល់​វា​ប្រើ​ជា​គ្រឿងផ្សំ​ក្នុង​អាហារ ជួយ​បន្ថែម​ក្លិនក្រអូប​ឱ្យ​ម្ហូប​មាន​រស​ឆ្ងាញ់​។​

​ឯកសារ​ដដែល​ឱ្យដឹងទៀតថា ដំណាំ​ស្លឹកគ្រៃ​ក៏​ជា​ឱសថ​បន្ថយ​ជាតិពុល​ក្នុង​រាងកាយ ព្រមទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ ប៉ូវ​ភ្នែក ប៉ូវ​ឆ្អឹង និង​ធ្មេញ​ផងដែរ​។ ជាងនេះទៀត ស្លឹកគ្រៃ​ក៏​ជួយ​កម្ចាត់​សត្វល្អិត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើសពីនេះ ស្លឹកគ្រៃ​ក៏​មាន​គុណ​តម្លៃ​ជាច្រើន​និង​សម្បូរ​ទៅ​ដោយ​សារធាតុ​ដែល​មាន​ប្រយោជន៍​ជាច្រើន​មុខ​ដូចជា ជាតិ​រ៉ែ វីតាមីន និង​អង់ស៊ីម រួម​នឹង​ជីវជាតិ​សំខាន់​ច្រើន​ទៀត ដែល​មនុស្ស​ត្រូវការ​ជា​ចាំបាច់ ដើម្បី​ឱ្យមាន​សុខភាព​ល្អ​។​

​ដោយសារ​គុណ​តម្លៃ​ស្លឹកគ្រៃ​ច្រើន​នេះហើយ បានជា​ស្លឹកគ្រៃ​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​កសិដ្ឋាន​ហ្គ្រែ​ន​ភ្នំពេញ ដើម្បី​បំពេញ​សេចក្តីត្រូវការ​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​។ ជាក់ស្តែង កញ្ញា នី ពិសី អះអាងថា ស្លឹកគ្រៃ​ដាំ​តាម​បែប​ធម្មជាតិ​ជាង ១០០០​គុម្ព លក់​ទៅ​ឱ្យ​ទីផ្សារ​សេ​ដាក (CEDAC) ក្នុង​ទីក្រុង​ភ្នំពេញ បាន​តម្លៃ​ក្នុង​១​គីឡូក្រាម​៤០០០​រៀល ដែល​តម្លៃ​នេះ​កញ្ញា​អះអាងថា ជា​តម្លៃ​ខ្ពស់ជាង​ស្លឹកគ្រៃ​ដែល​ដាំ​ប្រើ​ថ្នាំ​គីមី​ជាង​ពាក់កណ្ដាល​។​

​ខណៈ​ដែល​កម្ពុជា​បាន​នាំចូល​គល់​ស្លឹកគ្រៃ​ពី​ប្រទេស​ជិតខាង​ក្នុង​បរិមាណ​ដ៏​ច្រើន លោក សម វិទូ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​(CEDAC) ជំរុញ​ឱ្យ​កសិករ​ដាំ​បន្លែ​ប្រភេទ​នេះ ដើម្បី​កាត់បន្ថយ​ការផ្គត់ផ្គង់​ពី​ខាងក្រៅ​។ ទន្ទឹមគ្នានេះ លោក​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​តម្រូវការ​ស្លឹកគ្រៃ​នៅក្នុង​ទីក្រុង​ភ្នំពេញ​មាន​ប្រមាណ​ជាង​៥០​តោន​ក្នុង​មួយថ្ងៃៗ​៖ «​តាម​ការស្រាវជ្រាវ​ដដែល គល់​ស្លឹកគ្រៃ​ប្រហែល​៥០​តោន ត្រូវបាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម (​ក្នុង​មួយ​ថ្ងៃ​) ហើយ​នាំ​មកកាន់​ផ្សារ​ដើម​គរ​និង​ផ្សារ​នាគ​មាស ដែល​ជា​កន្លែង​ចែកចាយ​ធំ ទៅ​ខេត្ត​ជុំវិញ​ភ្នំពេញ​និង​ខេត្ត​ឆ្ងាយៗ​មួយចំនួន​»​។

អ្នកជំនាញ​កសិកម្ម​រូប​នេះ​យល់​ថា ទោះបី​ដំណាំ​ស្លឹកគ្រៃ​ត្រូវបាន​គេ​ដឹងថា ងាយស្រួល​ដាំ មិនចាំបាច់​ចំណាយ​ថវិកា​ថែទាំ​ច្រើនក្តី លោក​អះអាង​ថា ពលរដ្ឋ​មួយចំនួន​នៅតែ​មិន​ចាប់អារម្មណ៍​ដាំ ហើយ​បែរជា​ត្រូវ​ចំណាយលុយ​ទិញ​ស្លឹកគ្រៃ​ទៅវិញ​។ ជាងនេះទៀត លោក​អះអាង​ទៀតថា បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​កម្ពុជា ស្លឹកគ្រៃ​កំពុង​នាំចូល​ខ្លាំង​ពី​បណ្ដា​ប្រទេសជិតខាង ហើយ​​ភាគច្រើន​មានប្រើ​ថ្នាំ​គីមី​។​

​អ្នកបច្ចេកទេស​ខាង​បន្លែ​សរីរាង្គ​រូបនេះ ក៏​ជំរុញ​ឱ្យ​ប្រជាកសិករ​ងាក​មក​ដាំ​ដំណាំ​ស្លឹកគ្រៃ​តាម​បែប​ធម្មជាតិ​ឱ្យបាន​ច្រើន​។ ទោះជា​ស្លឹកគ្រៃ​ជា​ដំណាំ​សាមញ្ញ តែ​អ្នកបច្ចេកទេស​អះអាងថា វា​ក៏​ជា​ចំណែក​មួយ​ជួយ​បំពេញ​សេចក្តីត្រូវការ​ប្រចាំថ្ងៃ​មិន​អាច​ខ្វះ​បាន និង​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​កសិករ​បាន​មួយកម្រិត​៕


ប្រភព៖ ផ្កាឈូក( By សែម ពិសី - June 2, 2017)

ផ្សាយបន្តដោយ៖ Sesan


 


 

ការនាំចេញអង្ករទៅក្រៅប្រទេសមានការកើនឡើងក្នុងរយៈពេល៥ខែឆ្នាំ២០២០

ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសមានការកើនឡើងជាង៤០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន។

លោកបានឱ្យដឹងថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យក្នុងរយៈពេល៥ខែដើមឆ្នាំ២០២០នេះសម្រេចបាន៣៥៦,០៩៧តោនកើនឡើងប្រមាណ១០៥,៩២៥តោនឬស្មើនឹង៤២,៣៤ភាគរយដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ដែលមានចំនួន២៥០,១៧២តោន។

ដោយឡែកសម្រាប់ខែឧសភាឆ្នាំ២០២០នេះសម្រេចការនាំចេញអង្ករបានចំនួន៥៥,៨៤៥តោនកើនឡើងចំនួន១៩,៤៣៦តោនស្មើនឹង៥៣,៣០ភាគរយធៀបទៅនឹងខែឧសភាឆ្នាំ២០១៩ដែលក្នុងនេះមានអង្ករក្រអូបគ្រប់ប្រភេទចំនួន៥១,៦៨៣តោន, អង្ករចម្រុះគ្រប់ប្រភេទចំនួន៣,៥៧៨តោន និងអង្ករចំហ៊ុយមានចំនួន៥៨៤តោន។

លោក វេង សាខុន បានលើកឡើងបន្ថែមថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល៥ខែមកនេះមានចំនួន៥៤ប្រទេសដែលប្រទេសក្នុងសហភាពអ៊ឺរ៉ុបមានចំនួន២៤ប្រទេសក្នុងចំណោម២៨ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន៦ប្រទេស ហើយនិងទ្វីបដទៃទៀតចំនួន២៣ប្រទេស។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន៥ក្នុងចំណោម ៤៩ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ។

ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ដូចជា សហភាពអ៊ឺរ៉ុបកើនចំនួន៥១,១០ភាគរយ, ប្រទេសចិនកើនចំនួន២៥,២៦ភាគរយ, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន៤៥,៣៩ភាគរយ និងគោលដៅដទៃទៀតបានកើនឡើងចំនួន៧៩,៤០ភាគរយ៕

ប្រភព៖ ផ្កាឈូក(  By មុំ គន្ធា - June 1, 2020)

ផ្សាយបន្តដោយ៖ Sesan

ការងារបង្កបង្កើនផលដំណាំចម្រុះក្នុងខេត្តពោធិ៍សាត់មានការកើនឡើង


ការងារ​ដាំដុះ​ដំណាំ​បន្លែ​ចម្រុះ​នៅ​ទូទាំង​ខេត្តពោធិ៍សាត់​សម្រេច​បាន​សរុប​ចំនួន​២៧៣​ហិចតា​ឬ​ស្មើនឹង​៦៨,៦០%​នៃផែន​ការ​សរុប​ចំនួន​៣៩៨​ហិចតា​។ ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តពោធិ៍​សាត់ដែល​ផ្សាយ​ដោយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ លោក វេង សាខុន​នៅ​ថ្ងៃសុក្រ​ ទី​២៦ ​ខែមិថុនា ​ឆ្នាំ២០២០​នេះ។

លោក​រដ្ឋមន្រ្តី​បាន​លើកឡើង​ថា​ លទ្ធផល​ការងារ​បង្កបង្កើន​ផលដំណាំ​រួមផ្សំ​ និង​សាកវប្ប​កម្មតាម​គ្រួសារ​ក្នុង​ត្រឹម​ឆមាស​ទី១ ឆ្នាំនេះ ​សម្រេច​បាន​សរុប​៤៣៥​ហិចតា​ស្មើនឹង​៧២,៣៨%​ ដែល​ផែនការ​ប្រចាំ​ឆ្នាំមាន​៦០១​ហិចតា​ក្នុងនោះ​បន្លែគ្រប់​មុខមាន​២៧៣​ហិចតា,​ឳឡឹក៧៩​ហិចតា,ម្ទេសគ្រប់​ប្រភេទ​៥ហិចតា,​ល្ពៅ​៣៣​ហិចតា,​ម្នាស់​១០​ហិចតា និង​ដំឡូង​ជ្វា៣៨​ហិចតា​។


ដោយឡែក​ដំណាំ​ឧស្សាហកម្ម​គ្រួសារ​កសិករ​អនុវត្ត​បាន​១៩០៧៣​ហិចតា​ស្មើ ៦,៧៨%​ផែនការ​ប្រចាំឆ្នាំ​១៩៧០៧ហិចតា​ក្នុងនោះ​ដំឡូង​មី​១៥៤១៦​ហិចតា,​ពោត​ក្រហម​២១២៣​ហិចតា,​ពោតស​២២៥ហិចតា,អំពៅ១៦៨ហិចតា,ដំណាំ​ល្ង​១៣៣​ហិចតា,​សណ្តែក​ដី​៣៤១ហត,​សណ្តែក​បាយ​២១៨​ហិចតា,​សណ្តែ​កអង្គុយ​១៥៤ហិចតា,​សណ្តែក​សៀង​៥១​ហិចតា,​ត្រាវ​៦៧ហិចតា,​សាគូ​៦០ហិចតា,ខ្ញី​៤៥ហិចតា និងរមៀត​៧២​ហិចតា​។


អ្នកស្រី​អ៊ុន ​លក្ខិណា​​រស់នៅ​ភូមិជ្រែង​ ឃុំស្វាយ​លួង​ ស្រុកណ្តៀង​ ខេត្តពោធិ៍​សាត់ បាន​ឲ្យដឹង​ថា ​គាត់បាន​ធ្វើការ​ដាំដុះ​ដំណាំ​បន្លែ​បាន៤​ដងក្នុង​១ឆ្នាំ​ ដូចជា​ ត្រប់​ ត្រសក់​ ស្ពៃ ​និងខាត់​ណាផ្កា​…។ល។  ហើយ​ទទួល​ចំណូល​ប្រហែល​ ៣០,០០០,០០០ រៀល​ លើផ្ទៃ​ដីដាំ​ដុះប្រហែល​ ៣០អា​ ។ ចំពោះ​បន្លែ​ដែលគាត់​ផលិត​បានទៅ​បោះដុំ​នៅ​ផ្សារភូពុយ​ពោធិ៍សាត់​ ប្រភេទ​បន្លែ​ល្អលេខ១​ និង​លក់ដោយ​ខ្លួនឯង​ខ្លះ​។ ​ជាក់ស្តែង​ក្នុង​មួយថ្ងៃ​ត្រសក់​លក់បាន​បរិមាណ​ ១០០​ទៅ​១៣០​គីឡូក្រាម​ក្នុងតំលៃ​២ ០០០​រៀល​ (បោះដុំ) ​ននោង​និង​ត្រឡាច​ជា​មធ្យម​២២០០​រៀល/១គីឡូក្រាម៕


ប្រភព៖ ផ្កាឈូក(By មុំ គន្ធា - June 26, 2020 )

ផ្សាយបន្តដោយ៖ Sesan



អ្វីទៅជាបន្លែសរីរាង្គ?



បន្លែ​នៅ​លើ​ទីផ្សារ​កម្ពុជា​ត្រូវ​បាន​គេ​បែក​ចែក​ជា​៤​ប្រភេទ​សំខាន់ៗ​រួម​មាន បន្លែ​ធម្មជាតិ បន្លែ​សុវត្ថិភាព បន្លែ​គីមី និង​បន្លែ​សរីរាង្គ។ នេះ​បើ​តាម​ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​សហករណ៍​សរីរាង្គ​ខ្មែរ​លោក នាង ថៃ។

លោក នាង ថៃ រៀបរាប់​ពី​ភាព​ខុស​គ្នា​នៃ​បន្លែ​ទាំង​៤​ប្រភេទ​ថា​ទី​១ បន្លែ​ធម្មជាតិ​ជា​ប្រភេទ​បន្លែ​ដែល​ប្រជាកសិករ​ដាំ​នៅ​ជុំវិញ​ផ្ទះ​ឬ​ដុះ​ដោយ​ឯកឯង​តាម​ធម្មជាតិ ដោយ​មិន​មាន​ប្រើ​ជី​ឬ​ថ្នាំ​អ្វី​នោះ​ទេ។ រី​ឯ​ទី​២ បន្លែ​សុវត្ថិភាព​ជា​ប្រភេទ​បន្លែ​ដែល​ប្រជាកសិករ​ដាំ​ដុះ​ជា​ទ្រង់ទ្រាយ​ធំ​ឬ​តូច​ទៅ​តាម​ទំហំ​ដី។ ការ​ដាំ​ដុះ​នោះ​មាន​ប្រើ​ជី​គីមី​ឬ​ថ្នាំ​ពុល​គីមី ដែល​មិន​មាន​ការ​ហាម​ឃាត់ និង​ប្រើ​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​ដែល​បាន​កំណត់​ត្រឹមត្រូវ។ បន្លែ​ដែល​ទទួល​ស្គាល់​ថា​ជា​បន្លែ​សុវត្ថិភាព លុះ​ត្រា​តែ​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ជា​ប្រភេទ​បន្លែ​បាន​អនុវត្ត​កសិកម្ម​ល្អ​ (GAP) ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​KOC វ័យ​ជាង​៣០​ឆ្នាំ សម្បុរ​សណ្តែកបាយ​រូប​នេះ​បន្ត​ទៀត​ថា សម្រាប់​ប្រភេទ​ទី​៣ គឺ​បន្លែ​គីមី​ជា​ប្រភេទ​បន្លែ​ដែល​ដាំ​ដុះ​ដោយ​ប្រើ​ថ្នាំ​ពុល​ឬ​ជី​គីមី ហាម​ឃាត់​និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​និង​បរិស្ថាន​ផង​ដែរ។  បន្លែ​ប្រភេទ​នេះ​ត្រូវ​គេ​អះអាង​ថា​មាន​ច្រើន​នៅ​លើ​ទីផ្សារ​កម្ពុជា​និង​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ការ​ដាំដុះ​ក្នុង​ស្រុក​និង​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ទៀត​ផង។

ផ្ទុយ​ស្រឡះ​ពី​ប្រភេទ​បន្លែ​ទាំង​៣​ លោក​ នាង ថៃ ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល នៃ​KOC បន្ត​ថា បន្លែ​សរីរាង្គ​ជា​បន្លែ​ កម្រ​ជាង​គេ។ កម្រ​ត្រង់​ថា បន្លែ​ប្រភេទ​នេះ​មាន​លក់​តិច​តួច នៅ​លើ​ទីផ្សារ​ ហើយ​វា​មាន​តម្លៃ​ថ្លៃ។សហករណ៍​សរីរាង្គ​ខ្មែរ​ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KOC ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​សហភាព​អឺរ៉ុប​សម្រាប់​បន្លែ​និង​ផ្លែឈើ​កាល​ពី​ឆ្នាំ​២០១៧។

គេហទំព័រ​របស់ KOC បាន​ឱ្យ​ដឹង​ថា បន្លែ​និង​ផ្លែឈើ​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សរីរាង្គ​ស្តង់ដារ​នោះ​សរុប​ប្រមាណ​៥៨​ប្រភេទ នៅ​ក្នុង​កសិដ្ឋាន​ពីរ​កន្លែង​របស់ KOC គឺ​រមណីយដ្ឋាន​ពិកនិក​ ក្នុង​ខេត្ត​ព្រះសីហនុ និង​កសិដ្ឋាន Eco-Agri Farm ក្នុង​ខេត្ត​កោះកុង។ វិញ្ញាបនបត្រ​ទទួល​ស្គាល់​នោះ​មាន​ន័យ​ថា ផលិតផល​កសិកម្ម​ចេញ​ពី​ចម្ការ​ទាំង​ពីរ​នោះ​អាច​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​បាន។

ប្រធាន​គ្រប់គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​KOC លោក នាង ថៃ បាន​ឱ្យ​ដឹង​ថា ការ​ដាំដុះ​បន្លែ​សរីរាង្គ​គឺ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​សារធាតុ​គីមី អ័រម៉ូន​ឬ​សារធាតុ​គីមី​សំយោគ​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន​នោះ​ទេ។ ក្រៅ​ពី​នោះ សម្រាប់​ស្តង់ដារ​សរីរាង្គ​អឺរ៉ុប​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ផលិតផល​ធម្មជាតិ​មួយ​ចំនួន​ដូចជា ថ្នាំ​ជក់ ផ្លែ​ស្លែង កាក​សំណល់​ផ្ទះ​បាយ កាក​សំណល់​នៅ​ក្នុង​បង្គន់ បន្ទប់​ទឹក​សម្រាប់​មនុស្ស​ប្រើប្រាស់ សូម្បី​តែ​ទឹក​ងូត និង​ទឹក​លាង​ចាន ព្រោះ​ថា​សារធាតុ​សាប៊ូ​ដែល​មនុស្ស​ប្រើប្រាស់​នោះ​មាន​ធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​បន្លែ។

គោលការណ៍​ណែនាំ​សម្រាប់​អ្នក​សម្របសម្រួល​ស្តី​ពី​ផលិតផល​កសិកម្ម ដំណាំ​សរីរាង្គ​របស់​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​សរសេរ​ថា ផលិតផល​កសិកម្ម​សរីរាង្គ ត្រូវ​បាន​គេ​កំណត់​អត្ថន័យ​ថា ជា​ប្រព័ន្ធ​ផលិតកម្ម​មួយ​ដែល​កំពុង​ប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​ដូចជា រុក្ខជាតិ​បៃតង លាមក​សត្វ កាក​សំណល់​ពី​កសិដ្ឋាន និង​រុក្ខជាតិ​ឱសថ។ ការ​អនុវត្ត​វិធីសាស្រ្ត​សរីរាង្គ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​សត្វ បរិស្ថាន និង​កាត់​បន្ថយ​ការ​ចំណាយ។



ប្រធាន​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​នៅ​ក្រុមហ៊ុន Control Union ដែល​ជា​ស្ថាប័ន​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ លោក គ្រី វង្សសុជាតិ មាន​ប្រសាសន៍​ថា មុន​នឹង​ទទួល​បាន​ស្លាក​សញ្ញា​ជា​បន្លែ​សរីរាង្គ​ ក្រុមហ៊ុន​ដែល​ដាំដុះ​បន្លែ​សរីរាង្គ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់​ចត់ ចាប់​តាំង​ពី​ការ​រៀបចំ​ដី​រហូត​ដល់​ការ​ដាក់​លក់​ផលិតផល​កសិកម្ម​នៅ​លើ​ទីផ្សារ។ នីតិវិធី​នៃ​ការ​រៀបចំ​ទាំង​នោះ​នឹង​ត្រូវ​បាន​ចង​ក្រង​ជា​ឯកសារ​និង​មាន​ការ​ចុះ​ធ្វើ​សវនកម្ម​ពី​មន្រ្តី​ជំនាញ​ខាង​ស្តង់ដារ​ផង​ដែរ។

លោក គ្រី វង្សសុជាតិ បន្ថែម​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​រក​ទិញ​បន្លែ​សរីរាង្គ​បាន​នៅ​តាម​ផ្សារ។ ប៉ុន្តែ​អ្នក​ជំនាញ​រូប​នេះ​សង្កត់​ធ្ងន់​ថា បន្លែ​សរីរាង្គ​ជា​បន្លែ​ដែល​មាន​បិទ​ស្លាក​សញ្ញា​សម្គាល់​សរីរាង្គ​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ជាតិ​ឬ​អន្តរជាតិ​នៅ​លើ​កញ្ចប់​បន្លែ។ រី​ឯ​បន្លែ​ដែល​មិន​មាន​បិទ​ស្លាក​សញ្ញា​មិន​អាច​ចាត់​ទុក​ជា​បន្លែ​សរីរាង្គ​បាន​នោះ​ទេ។

ប្រធាន​គ្រប់​គ្រង​ផ្នែក​គុណភាព​ផលិតផល​នៃ​សហករណ៍​សរីរាង្គ​ខ្មែរ (KOC) លោក នាង ថៃ បញ្ជាក់​ថា ​បន្លែ​សរីរាង្គ​គឺ​ជា​ផលិតផល​ដែល​មាន​ទាំង​គុណភាព សុវត្ថិភាព និង​អនាម័យ​សម្រាប់​អ្នក​ប្រើប្រាស់​និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន​នោះ​ទេ៕


ប្រភព៖ ផ្កាឈូក(By ថុល ស្រីលក្ខណ៍ - July 6, 2018)

ផ្សាយបន្តដោយ៖ Sesan



Tuesday, 17 November 2020

ដំណើរការនៃការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន


ដោយ​មើលឃើញពីសក្តានុពល​នៃការនាំចេញ​ផ្លែស្វាយ​កម្ពុជាទៅ​ក្រៅ​ប្រទេសនិង​ក្នុង​គោល​បំណងនាំ​ចេញ​ផ្លែ​ស្វាយ​ពី​ប្រទេស​កម្ពុជាទៅ​កាន់​ប្រទេសចិន​ដែល​​ធានា​បាននូវ​សុវត្ថិភាពភូត​គាម​អនាម័យ​នោះ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ បាន​ចាប់​ផ្តើម​ចរចា​ទីផ្សារ​ជាមួយ​ប្រទេសចិន តាមរយៈ​ការ​រៀប​ចំ​ផែន​ការ​ការងារ​សម្រាប់រៀប​ចំពិធីសារ​នាំ​ចេញ​ផ្លែ​ស្វាយ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន និង​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​ភាគី​ចិន​និងកម្ពុជា កាលពី​ថ្ងៃទី២៥ ខែកញ្ញា​ឆ្នាំ​២០១៤​កន្លង​ទៅ​នៅ​សហភាព​មីយ៉ាន់ម៉ា។

នាពេល​ថ្មីៗកន្លងមក​នេះ រដ្ឋមន្រ្តីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ លោក​វេង សាខុន​បាន​បញ្ជាក់​លំអិត​ថា ក្រសួង​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​ចរចា​ទីផ្សារ​ស្វាយ​ជាមួយ​អគ្គ​រដ្ឋ​បាល​គយនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន (GACC) តាំង​ពី​ដើម​ឆ្នាំ​២០១៨ នៅ​មុន​ពេល​អគ្គ​រដ្ឋ​បាល​ត្រួត​ពិនិត្យ​គុណភាព អធិការកិច្ចនិង​ចត្តាឡីស័ក (AQSIQ) ច្របាច់​បញ្ជូល​គ្នា​ជាមួយ​ GACC រហូត​ដល់​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ ទើប​ទទួល​បាន​ការឯក​ភាព​និង​ឈាន​ដល់ការ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្តី​ពីលក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យសម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពីកម្ពុជាទៅកាន់​ប្រទេស​ចិននាថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២០​ កន្លងទៅ​ថ្មីៗ​នេះ។

តើ​កសិករ​ឬអ្នក​វិនិយោគ​ចម្ការ​ស្វាយ​ត្រូវ​ធ្វើ​បែប​ណា ទើប​អាច​នាំ​ចេញ​ផ្លែ​ស្វាយស្រស់​កម្ពុជាទៅ​កាន់​ប្រទេសចិន​បាន? តើប្រភេទ​ផ្លែ​ស្វាយ​អ្វីខ្លះ​ដែល​អាច​នាំ​ចេញ​បាន?

ចម្ការ​ស្វាយ​ទីតាំង​វេចខ្ចប់ ឃ្លាំង​ត្រជាក់ និង​កន្លែង​ធ្វើ​ប្រព្រឹត្តិ​កម្ម​ភូតភាំ​អនាម័យ​សម្រាប់​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ត្រូវចុះ​បញ្ជី​នៅអគ្គ​នាយកដ្ឋាន​កសិកម្មនិង​ទទួល​ស្គាល់​ដោយ ​GACC។ រាល់​ឯកសារ​ចុះបញ្ជី​ត្រូវ​មាន​ព័ត៌​មាន​ឈ្មោះ​ចម្ការ អាសយដ្ឋាន​ និង​លេខ​កូដសម្គាល់​ដើម្បី​កំណត់​ប្រភព​បាន​ត្រឹមត្រូវ នៅ​ពេល​ដែល​ផ្លែ​ស្វាយ​ដែល​នាំ​ចេញ​មិន​មាន​អនុលោមភាព​តាម​បទ​ប្បញ្ញត្តិ​នៃ​ពិធី​សារ​នេះ។ ​មុនពេល​ចាប់ផ្តើម​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ក្នុង​រដូវ​នីមួយៗ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​ ត្រូវ​ផ្តល់​បញ្ជីឈ្មោះ​ចម្ការ​ស្វាយ​ដែល​បាន​ចុះបញ្ជី​ទៅGACC ជាមុន និង​ត្រូវ​មាន​ការ​យល់​ព្រម​ដោយ​ភាគី​ទាំងពីរ។

គ្រប់​ចម្ការ​ស្វាយ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ ត្រូវ​បង្កើត​និង​អនុវត្តន៍​ការ​ចុះបញ្ជី​ការ​អនុវត្ត​កសិកម្ម​ល្អ (GAP)​ឬអនុវត្តន៍​​តាម​ប្រព័ន្ធ​វិញ្ញាបនកម្ម​អន្តរជាតិ​ផ្សេងៗទៀត​ ដើម្បី​ធានា​ក្នុង​ការ​តាម​ដាន​ប្រមូល​ត្រលប់​វិញ​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម។ ដើម្បីថែរក្សា​ស្ថាន​ភាព​អនាម័យក្នុងចម្ការ​ត្រូវ​ធ្វើការ​ប្រមូល​ផ្លែ​ស្វាយ​ដែល​រលួយ​ចេញ​ពី​ចម្ការ​ក្នុង​អំឡុង​ពេល​ប្រមូល​ និង​ការអនុវត្ត​វិធាន​ការ​ចម្រុះគ្រប់​គ្រង​ដំណាំ (IPM) ដូចជាការ​អង្កេត​តាម​ដាន​សមាសភាព​ចង្រៃ ការ​ប្រើប្រាស់​វិធាន​ការ​គីមី ឬជីវសាស្រ្ត​និង​វិធាន​ការ​មេកានិច។ ចំពោះ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ហាម​ឃាត់​ដោយ​ប្រទេស​ចិន កម្ពុជា​ត្រូវ​អង្កេត​តាមដាននិង​ពិនិត្យ​ស្វែង​រក​ឱ្យ​បាន​ហ្មត់ចត់​ក្នុង​ចម្ការ​ក្នុង​អំឡុង​េល​ដំណាក់​កាលលូត​លាស់ និង​ប្រមូល​ផល​ស្វាយ​ដើម្បីធានាថា សមាសភាព​ ចង្រៃ​ភូតគាម​អនាម័យ​ហាម​ឃាត់​ដោយ​ប្រទេស​ចិន ស្ថិត​ក្រោម​ការ​គ្រប់គ្រង។


គ្រប់​ចំការស្វាយ​ដែល​បាន​ចុះបញ្ជី ត្រូវ​រក្សា​កំណត់​ត្រា​នៃ​ការ​អង្កេត​តាម​ដាន និង​វិធាន​ការគ្រប់​គ្រងសមាសភាពចង្រៃ និង​ផ្តល់នូវ​កំណត់​ត្រា​ទាំង​នេះ​តាម​ការ​ស្នើសុំ​របស់​ GACC។ កំណត់នេះ​ត្រូវ​មាន​ឈ្មោះ​ថ្នាំ​កសិកម្ម​ ធាតុសកម្ម កាល​បរិច្ឆេទប្រើ​ប្រាស់ និង​កំហាប់​នៃ​ថ្នាំ​កសិកម្មទាំងអស់​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​រដូវ​ដាំដុះ​នីមួយៗ។

គ្រប់​ទី​តាំង​វេច​ខ្ចប់និ​ងកន្លែង​ស្តុកទុក​ផ្លែ​ស្វាយ​ទាំងអស់​ ត្រូវ​តែ​បង្កើត​ប្រព័ន្ធ​ប្រមូល​ត្រលប់​មកវិញ ដើម្បី​ធានា​ថា ផ្លែ​ស្វាយ​នាំ​ចេញ​អាច​ត្រូវ​បាន​តាមដាន​ត្រឡប់​មក​វិញ​ដល់​ចម្ការ​ដែល​បាន​ចុះបញ្ជី។ ប្រសិន​បើ​ទីតាំង​វេច​ខ្ចប់​ផ្លែ​ស្វាយ​មាន​ទីតាំង​ដាច់​ដោយ​ឡែក​ពី​សហគ្រាស​ធ្វើ​ប្រព្រឹត្តិកម្ម​កម្តៅ ផ្លែស្វាយ​ទាំងនោះ​អាច​ធ្វើ​ការ​ហៅ​ត្រឡប់​ទៅ​ចម្ការវិញ​តាម​រយៈ​សហគ្រាស​ធ្វើ​ប្រព្រឹត្តិកម្ម។

ការ​វេច​ខ្ចប់​និង​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ផ្លែ​ស្វាយ​ស្រស់​បន្ទាប់​ពី​ប្រមូល​ផល​ ត្រូវ​អនុវត្ត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាងហ្មត់ចត់​ពី​សំណាក់​ភាគីកម្ពុជា ហើយ​ត្រូវ​ឆ្លង​កាត់​ការជ្រើសរើស​ដោយ​ដៃ ការ​លាង​សម្អាត​ និង​ដំណើរការ​ផ្សេងៗទៀត​ដើម្បី​ធានាថា ផ្លែ​ស្វាយ​ទាំងនោះ​គ្មាន​ជាប់​ដី សត្វ​ល្អិត​ចង្រៃ​ ម៉ៃត៍ ពពួកខ្យង ផ្លែរលួយ និង​សំណល់​រុក្ខ​ជាតិ​ផ្សេងៗ​។ ក្នុង​ករណី​មាន​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​ផ្សិត​ ត្រូវ​តែ​ប្រើ​ឱ្យ​ស្រប​តាម​ស្តង់ដា​ជាតិ​សុវត្ថិភាព​ចំណីអាហារ​នៃប្រទេស​ចិន។

ប្រភេទ​ផ្លែ​ស្វាយ​ស្រស់​ដែល​មាន​ឈ្មោះ​វិទ្យា​សាស្រ្ត​ថា Mangifera indica  អាច​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេសចិន​បាន​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​និង​បទ​ដ្ឋាន​គតិ​យុត្ត​នៃ​ប្រទេស​ចិន​ បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ដែល​មាន​ចែង​ក្នុង​ពិធី​សារ​នេះ និង​គ្មាន​ជាប់ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ហាម​ឃាត់ចូល​ប្រទេសចិន។

ក្រៅ​ពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន តើកម្ពុជា​នាពេល​កន្លងមក បាន​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅប្រទេស​ណាខ្លះ? និង​មានគម្រោង​យ៉ាងបន្តទៀត?

លោករដ្ឋមន្រ្តី វេង សាខុន​បាន​មាន​ប្រសាសន៍ថា ៖ «យើង​មិន​មាន​ប្រទេស​ច្រើន​ទទួល​យក​​ការ​នាំ​ចូល​ស្វាយ​ស្រស់​ពី​ប្រទេសកម្ពុជានៅឡើយ​ទេ លើក​លែង​តែប្រទេស​កូរ៉េ ប្រទេស​ថៃ បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេសវៀត​ណាម» ។

ប្រទេសកូរ៉េ គេ​មាន​ទទួល​យក​តែ​តាម​រយៈ​ការ​ដាំ​ដុះ​ ការថែ​ទាំម ប្រមូល​ផល ការកម្ចាត់​សមាសភាព​ចង្រៃ និង​វេច​ខ្ចប់​ពី​ក្រុម​ហ៊ុន​ហ៊ីយុន​ដាយ តែមួយ​គត់ រឺឯការ​ដឹកជញ្ជូន​ចេញ​ត្រូវ​ធ្វើ​តាម​យន្ត​ហោះ ដែល​មាន​តម្លៃ​ខ្ពស់​ ហើយ​មាន​ចំនួន​តិច​តួច។ យើង​ក៏​បាន​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​បណ្តា​ប្រទស​ស្ថិត​ក្នុង​សមាជិកសហភាព​អឺរ៉ុប​ផង​ដែរ និងប្រទេស​រុស្ស៊ី ប៉ុន្តែ​មាន​ចំនួន​តិច​តួច​បំផុត ដោយបញ្ហា​នៃ​ការ​ដឹកជញ្ជូន​តាម​យន្ត​ហោះ ដែលកន្លង​មក​យើង​ផ្ញើ​តាម​យន្ត​ហោះ​កាតា និង​ជើង​យន្ត​ហោះ​ដទៃទៀត។ ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃនិង​វៀត​តាម បាន​ធ្វើ​ឡើង​មិន​ទៀង​ទាត់ អាស្រ័យ​ទៅ​លើ​គេ​ពេញ​ចិត្ត​ឱ្យ​នាំចូល​ឬមិនឱ្យ​នាំ​ចូល​ និង​ម្យ៉ាង​មក​ពី​ការ​បញ្ជាទិញ​ពី​ប្រទេស​ទី៣ ជាពិសេស​ប្រទេស​ចិន។

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទកម្ពុជា​ និង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និ​ង​នេសាទ​ជប៉ុនបាន​ចាប់​ផ្តើម​ដំណើរការ​ចរចាស្តី​ពី​​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេញ​ផ្លែ​ស្វាយ​ទៅ​កាន់​ប្រទេសជប៉ុន​ផងដែរ។

ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​នាំចេញ​ទៅ​កាន់សហរដ្ឋ​អាមេរិកក្នុង​ពេល​អនាគត ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​ទទួល​ជំនួយ​បច្ចេកទេស​ពីUSDA និង​USAIDដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្នុង​នោះ​រួម​មាន ការផ្តល់ជំនួយ​បច្ចេកទេស​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្រ្តអភិវឌ្ឍ​ន៍​ផ្នែក​ការពារដំណា និង​ភូតគាម​អនាម័យផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍ដំណាំ​សាកវប្ប​កម្ម ការ​កសាង​សមត្ថភាព​វិភាគ​ហានីភ័យ​លើ​ដំណាំ​ស្វាយ​និង​ស្វាយ​ចន្ទី រួម​ទាំង​ការកសាង​សមត្ថភាព​ពាក់ព័ន្ធ​ដូចជា​ សិក្ខា​សាលា​ស្តី​ពី​ដំណើរ​ការ​បើក​ទីផ្សារ ការ​វិភាគហានិភ័យសមាភាព​ចង្រៃ វិធាន​ការ​ភូតគាម​អនាម័យ ការ​អង្កេត​សមាសភាព​ចង្រៃ​លើ​ដំណាំ​ ដែល​បាន​ដំណើរការ​អនុវត្ត​ដោយ Animal and Plant Health Inspection (APHIS) នៃ ​US Department  of Agriculture  (USDA)។

លើស​ពី​នេះ USAID ក៏កំពុង​ផ្តល់ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍវិស័យ​កសិកម្ម​តាម​រយៈ​កម្ម​វិធី​មួយ​ហៅថា HARVEST II ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឃ​ខ្សែច្រវាក់​តម្លៃ​ដំណាំ​សាកវប្បកម្ម​ (បន្លែនិង​ផ្លែឈើ)។

យោង​តាម​ទិន្ន​ន័យ​របស់​អគ្គ​នាយក​ដ្ឋាន​កសិកម្ម (ការនាំ​ចេញ​ផ្លូវ​ការ​តាម​ច្រក​ចេញ​ចូល​តែមួយ) បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩កន្លង​ទៅ​មា​នផ្លែ​ស្វាយស្រស់ (58,162.16 តោន) ដំណាប់ស្វាយ (2,712.16 តោន) ទឹកស៊ីរ៉ូ​ស្វាយ (928.00 តោន) និង​ស្វាយជ្រក់ (8.60 តោន) ដែល​សរុប​ប្រមាណជា​៤៥លានដុល្លារអាមេរិក។​

លើស​ពី​នេះ​ទៀត ក៏​មាន​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ក្រៅ​ផ្លូវ​ការ​ទៅប្រទេស​វៀត​ណាម​និង​ប្រទេស​ថៃ​ជាច្រើនម៉ឺន​តោន​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ផង​ដែរ៕


ប្រភព៖ ផ្កាឈូក(By មុំ គន្ធា - June 19, 2020 )

ផ្សាយបន្តដោយ៖ Sesan



គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...