បន្លែនៅលើទីផ្សារកម្ពុជាត្រូវបានគេបែកចែកជា៤ប្រភេទសំខាន់ៗរួមមាន បន្លែធម្មជាតិ បន្លែសុវត្ថិភាព បន្លែគីមី និងបន្លែសរីរាង្គ។ នេះបើតាមប្រធានគ្រប់គ្រងផ្នែកគុណភាពផលិតផលនៃសហករណ៍សរីរាង្គខ្មែរលោក នាង ថៃ។
លោក នាង ថៃ រៀបរាប់ពីភាពខុសគ្នានៃបន្លែទាំង៤ប្រភេទថាទី១ បន្លែធម្មជាតិជាប្រភេទបន្លែដែលប្រជាកសិករដាំនៅជុំវិញផ្ទះឬដុះដោយឯកឯងតាមធម្មជាតិ ដោយមិនមានប្រើជីឬថ្នាំអ្វីនោះទេ។ រីឯទី២ បន្លែសុវត្ថិភាពជាប្រភេទបន្លែដែលប្រជាកសិករដាំដុះជាទ្រង់ទ្រាយធំឬតូចទៅតាមទំហំដី។ ការដាំដុះនោះមានប្រើជីគីមីឬថ្នាំពុលគីមី ដែលមិនមានការហាមឃាត់ និងប្រើទៅតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ត្រឹមត្រូវ។ បន្លែដែលទទួលស្គាល់ថាជាបន្លែសុវត្ថិភាព លុះត្រាតែបានទទួលវិញ្ញាបនបត្របញ្ជាក់ជាប្រភេទបន្លែបានអនុវត្តកសិកម្មល្អ (GAP) ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រធានគ្រប់គ្រងផ្នែកគុណភាពផលិតផលនៃKOC វ័យជាង៣០ឆ្នាំ សម្បុរសណ្តែកបាយរូបនេះបន្តទៀតថា សម្រាប់ប្រភេទទី៣ គឺបន្លែគីមីជាប្រភេទបន្លែដែលដាំដុះដោយប្រើថ្នាំពុលឬជីគីមី ហាមឃាត់និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងបរិស្ថានផងដែរ។ បន្លែប្រភេទនេះត្រូវគេអះអាងថាមានច្រើននៅលើទីផ្សារកម្ពុជានិងត្រូវបានគេជឿថាមានការដាំដុះក្នុងស្រុកនិងនាំចូលពីប្រទេសជិតខាងទៀតផង។
ផ្ទុយស្រឡះពីប្រភេទបន្លែទាំង៣ លោក នាង ថៃ ប្រធានគ្រប់គ្រងផ្នែកគុណភាពផលិតផល នៃKOC បន្តថា បន្លែសរីរាង្គជាបន្លែ កម្រជាងគេ។ កម្រត្រង់ថា បន្លែប្រភេទនេះមានលក់តិចតួច នៅលើទីផ្សារ ហើយវាមានតម្លៃថ្លៃ។សហករណ៍សរីរាង្គខ្មែរដែលហៅកាត់ជាភាសាអង់គ្លេសថា KOC ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រសរីរាង្គស្តង់ដារសហភាពអឺរ៉ុបសម្រាប់បន្លែនិងផ្លែឈើកាលពីឆ្នាំ២០១៧។
គេហទំព័ររបស់ KOC បានឱ្យដឹងថា បន្លែនិងផ្លែឈើដែលទទួលបានវិញ្ញាបនបត្រសរីរាង្គស្តង់ដារនោះសរុបប្រមាណ៥៨ប្រភេទ នៅក្នុងកសិដ្ឋានពីរកន្លែងរបស់ KOC គឺរមណីយដ្ឋានពិកនិក ក្នុងខេត្តព្រះសីហនុ និងកសិដ្ឋាន Eco-Agri Farm ក្នុងខេត្តកោះកុង។ វិញ្ញាបនបត្រទទួលស្គាល់នោះមានន័យថា ផលិតផលកសិកម្មចេញពីចម្ការទាំងពីរនោះអាចនាំចេញទៅសហភាពអឺរ៉ុបបាន។
ប្រធានគ្រប់គ្រងផ្នែកគុណភាពផលិតផលនៃKOC លោក នាង ថៃ បានឱ្យដឹងថា ការដាំដុះបន្លែសរីរាង្គគឺមិនអនុញ្ញាតឱ្យប្រើសារធាតុគីមី អ័រម៉ូនឬសារធាតុគីមីសំយោគផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពមនុស្ស សត្វ និងបរិស្ថាននោះទេ។ ក្រៅពីនោះ សម្រាប់ស្តង់ដារសរីរាង្គអឺរ៉ុបមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលធម្មជាតិមួយចំនួនដូចជា ថ្នាំជក់ ផ្លែស្លែង កាកសំណល់ផ្ទះបាយ កាកសំណល់នៅក្នុងបង្គន់ បន្ទប់ទឹកសម្រាប់មនុស្សប្រើប្រាស់ សូម្បីតែទឹកងូត និងទឹកលាងចាន ព្រោះថាសារធាតុសាប៊ូដែលមនុស្សប្រើប្រាស់នោះមានធាតុគីមីដែលប៉ះពាល់ដល់បន្លែ។
គោលការណ៍ណែនាំសម្រាប់អ្នកសម្របសម្រួលស្តីពីផលិតផលកសិកម្ម ដំណាំសរីរាង្គរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទបានសរសេរថា ផលិតផលកសិកម្មសរីរាង្គ ត្រូវបានគេកំណត់អត្ថន័យថា ជាប្រព័ន្ធផលិតកម្មមួយដែលកំពុងប្រើប្រាស់ធនធានដែលមានស្រាប់ដូចជា រុក្ខជាតិបៃតង លាមកសត្វ កាកសំណល់ពីកសិដ្ឋាន និងរុក្ខជាតិឱសថ។ ការអនុវត្តវិធីសាស្រ្តសរីរាង្គមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វ បរិស្ថាន និងកាត់បន្ថយការចំណាយ។
ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មនៅក្រុមហ៊ុន Control Union ដែលជាស្ថាប័នចេញវិញ្ញាបនបត្រសរីរាង្គ លោក គ្រី វង្សសុជាតិ មានប្រសាសន៍ថា មុននឹងទទួលបានស្លាកសញ្ញាជាបន្លែសរីរាង្គ ក្រុមហ៊ុនដែលដាំដុះបន្លែសរីរាង្គត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចាប់តាំងពីការរៀបចំដីរហូតដល់ការដាក់លក់ផលិតផលកសិកម្មនៅលើទីផ្សារ។ នីតិវិធីនៃការរៀបចំទាំងនោះនឹងត្រូវបានចងក្រងជាឯកសារនិងមានការចុះធ្វើសវនកម្មពីមន្រ្តីជំនាញខាងស្តង់ដារផងដែរ។
លោក គ្រី វង្សសុជាតិ បន្ថែមថា ប្រជាពលរដ្ឋខ្មែរអាចរកទិញបន្លែសរីរាង្គបាននៅតាមផ្សារ។ ប៉ុន្តែអ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា បន្លែសរីរាង្គជាបន្លែដែលមានបិទស្លាកសញ្ញាសម្គាល់សរីរាង្គដែលផ្តល់ដោយស្ថាប័នជាតិឬអន្តរជាតិនៅលើកញ្ចប់បន្លែ។ រីឯបន្លែដែលមិនមានបិទស្លាកសញ្ញាមិនអាចចាត់ទុកជាបន្លែសរីរាង្គបាននោះទេ។
ប្រធានគ្រប់គ្រងផ្នែកគុណភាពផលិតផលនៃសហករណ៍សរីរាង្គខ្មែរ (KOC) លោក នាង ថៃ បញ្ជាក់ថា បន្លែសរីរាង្គគឺជាផលិតផលដែលមានទាំងគុណភាព សុវត្ថិភាព និងអនាម័យសម្រាប់អ្នកប្រើប្រាស់និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ៕
ប្រភព៖ ផ្កាឈូក(By ថុល ស្រីលក្ខណ៍ - July 6, 2018)
ផ្សាយបន្តដោយ៖ Sesan
No comments:
Post a Comment