អ្នកបច្ចេកទេសខាងបន្លែសរីរាង្គលើកឡើងថា ទោះស្លឹកគ្រៃជាបន្លែសាមញ្ញងាយស្រួលដាំដុះ ប៉ុន្តែស្លឹកគ្រៃដែលចរាចរលក់នៅលើទីផ្សារ ភាគច្រើននាំចូលពីបរទេស ព្រមទាំងភាគច្រើនរីកលូតលាស់ដោយការប្រើថ្នាំគីមី ដែលអាចបណ្ដាលឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គមកពីកសិដ្ឋានហ្គ្រែនភ្នំពេញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ កញ្ញា នី ពិសី អះអាងប្រាប់វិទ្យុផ្កាឈូកថា ស្លឹកគ្រៃផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរនិងវិស័យកសិកម្ម។ កញ្ញាឱ្យដឹងបន្តថា ស្លឹកគ្រៃមិនត្រឹមតែជារុក្ខជាតិស្លឹកគ្រៃអាចប្រើប្រាស់ជាគ្រឿងផ្សំក្នុងម្ហូបអាហារសម្រាប់មនុស្សប៉ុណ្ណោះទេ ស្លឹកគ្រៃក៏អាចប្រើសម្រាប់ជាចំណីសត្វ ដូចជាមាន់និងទាបានដែរ។
កញ្ញា នី ពិសី ដែលជាអ្នកបច្ចេកទេសខាងបន្លែសរីរាង្គឱ្យដឹងថា ស្លឹកគ្រៃជាដំណាំមានអត្ថប្រយោជន៍ច្រើន ហើយងាយដាំទៀត។ កញ្ញាប្រាប់ពីបច្ចេកទេសក្នុងការដាំស្លឹកគ្រៃដូចនេះថា មុនដំបូងគេត្រូវជ្រើសរើសដើមស្លឹកគ្រៃដែលមានដើមល្អ មិនរងការបំផ្លាញណាមួយពីសត្វចង្រៃ។ កញ្ញាបន្តថា ក្រោយជ្រើសរើសពូជដើមល្អបានហើយ ទាមទារត្រូវរៀបចំរណ្ដៅ ជម្រៅរណ្ដៅ ២០ ទៅ៣០សង់ទីម៉ែត្រ ហើយគម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែង៦០ ទៅ៧០សង់ទីម៉ែត្រ។ ប៉ុន្តែកញ្ញាថា ក្នុងមួយរណ្ដៅៗដាំបានតែ១ដើមប៉ុណ្ណោះដើម្បីសន្សំសំចៃពូជ។
កញ្ញាបញ្ជាក់ថា គេអាចដាំដើមស្លឹកគ្រៃភ្លាមៗក៏បានឬផ្សាំគល់វាឱ្យដុះឫសសិនក៏បាន ប៉ុន្តែបើចង់ឱ្យស្លឹកគ្រៃដុះល្អនិងឆាប់លូតលាស់លឿន គួរតែផ្សាំវាឱ្យដុះឫស៣ថ្ងៃចាំយកទៅដាំ៖ «ក្រោយយើងជីករណ្ដៅដាំរួចហើយជម្រៅ២០ទៅ៣០សង់ទីម៉ែត្រ បន្ទាប់មកយើងដាក់កម្ទេចស្លឹកឈើងាប់ ហើយដាក់ជីលាមកសត្វធម្មជាតិច្របល់បញ្ចូលគ្នាដាក់ក្នុងរណ្ដៅនោះ ស្រោចទឹកវាចាំយកដើមមកដាំ»។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះបានឱ្យដឹងទៀតថា ស្លឹកគ្រៃមានពីរប្រភេទ គឺប្រភេទស្លឹកគ្រៃអំបោះ និងស្លឹកគ្រៃត្រែង។ កញ្ញាថា ស្លឹកគ្រៃត្រែងមានដើមពណ៌ក្រហម ហើយរឹងពិបាកហាន់ ចំណែកស្លឹកគ្រៃអំបោះមានដើមស្រួយមានជាតិទឹកច្រើន និងងាយស្រួលហាន់ជាង។
កញ្ញាឱ្យដឹងទៀតថា ក្នុងកសិដ្ឋានកញ្ញា មានដាំស្លឹកគ្រៃអំបោះ ព្រោះពូជប្រភេទនេះមានតម្រូវការទីផ្សារច្រើនជាង។ កញ្ញាបញ្ជាក់ទៀតថា គេអាចស្លឹកគ្រៃដាំបានច្រើនរបៀប អាចដាំតាមភ្លឺព័ន្ធជុំវិញស្រះ ភ្លឺស្រែ ជុំវិញផ្ទះ អាចដាំលើកជារង ដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បាន។ ប៉ុន្តែកញ្ញាអះអាងថា បើដាំលក្ខណៈចម្រុះល្អជាង ព្រោះវាអាចបំពេញជីជាតិឱ្យគ្នាទៅវិញទៅមក៖ «បើស្លឹកគ្រៃដែលខ្ញុំដាំដាច់វាដាច់ម្នាក់ឯង វាល្អដែរ តែមានស្លឹកពណ៌លឿង ក្រហម អត់សូវល្អ តែបើយើងដាំវាក្បែរដើម វាដើមស្លឹកកន្ធំថេតនិងដើមអង្គាដី ឃើញថាស្លឹករបស់វាលាស់ខ្ចីៗនិងដើមថ្លោសល្អ»។
ចំណែកការថែទាំដំណាំស្លឹកគ្រៃក្រោយដាំរួច អ្នកបច្ចេកទេសណែនាំថា ដោយសារស្លឹកគ្រៃជាដំណាំងាយស្រួលដាំ មិនសូវមានសត្វចង្រៃបំផ្លាញ ដូច្នេះគ្រាន់តែស្រោចទឹកក្នុងមួយសប្ដាហ៍តែពីរដងប៉ុណ្ណោះ គឺពេលព្រឹកនិងពេលល្ងាច។ ដោយឡែកជីបំប៉នវិញ ស្លឹកគ្រៃត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេច៖ «ពេលដែលយើងដាំបានរយៈពេល១អាទិត្យ វាចាប់ផ្ដើមលាស់ត្រួយ ហើយនៅពេលបានអាយុពី៤ទៅ ១៥ថ្ងៃ វាចាប់ផ្ដើមដុះកូនតូច។ រយៈពេលនេះ យើងចាប់ផ្តើមដាក់កម្ទេចកម្ទីនិងជ្រោយគល់វាដើម្បីបានលូតលឿន»។
រីឯរបៀបប្រមូលផលវិញ អ្នកបច្ចេកទេសរូបនេះអះអាងថា ស្លឹកគ្រៃមានអាយុ៦ខែ អាចប្រមូលផលបានពេញលេញ ប៉ុន្តែស្លឹកគ្រៃអាយុបាន៤ខែ គេអាចប្រមូលផលបានបណ្ដើរៗហើយ៖ «រយៈពេល៦ខែ ជាអាយុអាចប្រមូលផលបានហើយកុំទុកយូរពេក ព្រោះបើយើងទុកឱ្យលើសពីនេះ វាខាតសេដ្ឋកិច្ចវិញទេ»។
ឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជាស្ដីពីអត្ថប្រយោជន៍ដំណាំស្លឹកគ្រៃបង្ហាញថា ស្លឹកគ្រៃជាដំណាំរុក្ខជាតិស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព ស្លឹក។ គល់វាប្រើជាគ្រឿងផ្សំក្នុងអាហារ ជួយបន្ថែមក្លិនក្រអូបឱ្យម្ហូបមានរសឆ្ងាញ់។
ឯកសារដដែលឱ្យដឹងទៀតថា ដំណាំស្លឹកគ្រៃក៏ជាឱសថបន្ថយជាតិពុលក្នុងរាងកាយ ព្រមទាំងជួយបន្ថយសម្ពាធឈាមខ្ពស់ ប៉ូវភ្នែក ប៉ូវឆ្អឹង និងធ្មេញផងដែរ។ ជាងនេះទៀត ស្លឹកគ្រៃក៏ជួយកម្ចាត់សត្វល្អិតបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើននិងសម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខដូចជា ជាតិរ៉ែ វីតាមីន និងអង់ស៊ីម រួមនឹងជីវជាតិសំខាន់ច្រើនទៀត ដែលមនុស្សត្រូវការជាចាំបាច់ ដើម្បីឱ្យមានសុខភាពល្អ។
ដោយសារគុណតម្លៃស្លឹកគ្រៃច្រើននេះហើយ បានជាស្លឹកគ្រៃក្លាយជាទិសដៅសំខាន់របស់កសិដ្ឋានហ្គ្រែនភ្នំពេញ ដើម្បីបំពេញសេចក្តីត្រូវការអ្នកប្រើប្រាស់ប្រចាំថ្ងៃ។ ជាក់ស្តែង កញ្ញា នី ពិសី អះអាងថា ស្លឹកគ្រៃដាំតាមបែបធម្មជាតិជាង ១០០០គុម្ព លក់ទៅឱ្យទីផ្សារសេដាក (CEDAC) ក្នុងទីក្រុងភ្នំពេញ បានតម្លៃក្នុង១គីឡូក្រាម៤០០០រៀល ដែលតម្លៃនេះកញ្ញាអះអាងថា ជាតម្លៃខ្ពស់ជាងស្លឹកគ្រៃដែលដាំប្រើថ្នាំគីមីជាងពាក់កណ្ដាល។
ខណៈដែលកម្ពុជាបាននាំចូលគល់ស្លឹកគ្រៃពីប្រទេសជិតខាងក្នុងបរិមាណដ៏ច្រើន លោក សម វិទូ ប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្ម(CEDAC) ជំរុញឱ្យកសិករដាំបន្លែប្រភេទនេះ ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ពីខាងក្រៅ។ ទន្ទឹមគ្នានេះ លោកឱ្យដឹងថា ជារៀងរាល់ថ្ងៃតម្រូវការស្លឹកគ្រៃនៅក្នុងទីក្រុងភ្នំពេញមានប្រមាណជាង៥០តោនក្នុងមួយថ្ងៃៗ៖ «តាមការស្រាវជ្រាវដដែល គល់ស្លឹកគ្រៃប្រហែល៥០តោន ត្រូវបាននាំចូលពីប្រទេសវៀតណាម (ក្នុងមួយថ្ងៃ) ហើយនាំមកកាន់ផ្សារដើមគរនិងផ្សារនាគមាស ដែលជាកន្លែងចែកចាយធំ ទៅខេត្តជុំវិញភ្នំពេញនិងខេត្តឆ្ងាយៗមួយចំនួន»។
អ្នកជំនាញកសិកម្មរូបនេះយល់ថា ទោះបីដំណាំស្លឹកគ្រៃត្រូវបានគេដឹងថា ងាយស្រួលដាំ មិនចាំបាច់ចំណាយថវិកាថែទាំច្រើនក្តី លោកអះអាងថា ពលរដ្ឋមួយចំនួននៅតែមិនចាប់អារម្មណ៍ដាំ ហើយបែរជាត្រូវចំណាយលុយទិញស្លឹកគ្រៃទៅវិញ។ ជាងនេះទៀត លោកអះអាងទៀតថា បច្ចុប្បន្ននៅលើទីផ្សារកម្ពុជា ស្លឹកគ្រៃកំពុងនាំចូលខ្លាំងពីបណ្ដាប្រទេសជិតខាង ហើយភាគច្រើនមានប្រើថ្នាំគីមី។
អ្នកបច្ចេកទេសខាងបន្លែសរីរាង្គរូបនេះ ក៏ជំរុញឱ្យប្រជាកសិករងាកមកដាំដំណាំស្លឹកគ្រៃតាមបែបធម្មជាតិឱ្យបានច្រើន។ ទោះជាស្លឹកគ្រៃជាដំណាំសាមញ្ញ តែអ្នកបច្ចេកទេសអះអាងថា វាក៏ជាចំណែកមួយជួយបំពេញសេចក្តីត្រូវការប្រចាំថ្ងៃមិនអាចខ្វះបាន និងជួយលើកកម្ពស់ជីវភាពគ្រួសារកសិករបានមួយកម្រិត៕
ប្រភព៖ ផ្កាឈូក( By សែម ពិសី - June 2, 2017)
ផ្សាយបន្តដោយ៖ Sesan
No comments:
Post a Comment