រដូវវស្សាឆ្នាំ២០១៤ កសិករច្រើនខេត្ត ដាំស្រូវវស្សាមិនអស់ដីទេ ដោយសារទឹកភ្លៀងធ្លាក់មិនទៀងទាត់។ ផ្ទៃដីដែលសេសសល់ពីការដាំស្រូវនេះ កសិករនៅខេត្តតាកែវ និងខេត្តព្រៃវែង បាននាំគ្នាដាំអំពៅទៅវិញ។
តើដំណាំអំពៅក្នុងដីស្រែនោះ គេដាំយ៉ាងដូចម្ដេច?
តម្រូវការដើមអំពៅបានកើនឡើង ខណៈទីផ្សារអំពៅមានតម្លៃខ្ពស់ក្នុងពេលរដូវធ្លាក់ខ្យល់ មនុស្សស្រេកទឹក ត្រូវការទឹកអំពៅស្រស់ទទួលទានបង្កើនថាមពល។ បញ្ហានេះ គេឃើញនៅក្នុងដីស្រែនៃឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ សំបូរចំការអំពៅ កំពុងត្រូវបានកសិករដាំជំនួសស្រូវ។
ម្ចាស់ចម្ការអំពៅនៅភូមិចមពល ឃុំពពេល លោក រស់ ម៉ៅ អះអាងថា ទឹកភ្លៀងធ្លាក់ចុងឆ្នាំគាត់នៅសល់ដីពីដាំស្រូវដែលខ្វះទឹក គាត់កែច្នៃដាំអំពៅ។ លោកអះអាងថា អំពៅមានច្រើនពូជ ប៉ុន្តែអំពៅដែលគាត់ដាំ និងលក់ដាច់លឿន គឺអំពៅទឹកឃ្មុំ ព្រោះទឹកវាផ្អែម ដើមមិនស្រួយខ្លាំង សំបកស្ដើង៖ «អំពៅវាមានប្រភេទច្រើន ដូចជាអំពៅខ្មៅ អំពៅតម្លាន់ អំពៅទឹកឃ្មុំ អំពៅឫស្សី ជាដើម។ បទពិសោធន៍ការដាំអំពៅនេះ ដំបូងគឺត្រូវជ្រើសរើសពូជ ថ្នាំងវាល្អ ហើយយើងកាប់យកតែមួយថ្នាំងៗទេ សាច់ណាដែលវែងយើងកាត់វាចេញ បានយកអំពៅហ្នឹងទៅដាក់ក្នុងបាវមួយ ចងមាត់ឲ្យជិត ហើយបានយកទៅត្រាំទឹកវាមួយយប់ ស្អែកឡើងយើងស្រង់អំពៅពីក្នុងទឹកមក ប៉ុន្តែអត់ស្រាយមាត់បាវទេ ទុកមួយអន្លើសិន»។
ស្រដៀងគ្នាដែរ ម្ចាស់ចំការអំពៅនៅភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង លោក អៀង សាត អះអាងថា គាត់ដាំអំពៅកែវស្ករ គឺជាពូជអំពៅដើមមិនស្រួយ ស្វិត តែទឹកវាផ្អែម។ អ្នកលក់ទឹកអំពៅមកកក់ប្រាក់មុន ខ្លាចគាត់មិនលក់ឲ្យ ព្រោះចំការអំពៅក្នុងឃុំនោះមានអ្នកដាំតិចហិកតារពេក៖ «ពីដំបូងមកខ្ញុំទៅទិញគេនៅព្រែកថ្មី អំពៅកែវស្ករ ទិញតែមួយសាមកខ្ញុំចេះតែទុករហូតទៅ។ បានពូជយកមកដាំហ្នឹង យើងកាប់វា៣ៗភ្នែកទៅ ហើយយើងត្រាំទឹកមួយយប់បានយកទៅរៀបដាក់លើថ្នាលផ្សាំទុកឲ្យវាដុះបានប្រហែលជា ២តឹកទៅ យើងយកទៅដាក់ដាំតាមរង។ តែរងយើងកាប់ហើយ ដាក់ជីធម្មជាតិគឺជីកំប៉ុសហ្នឹង រោយតាមរងរហូតដើម្បីឲ្យល្អមិនចាំបាច់ប្រើជីគីមី ដាក់ហើយយើងដាក់កូនដាំទៅ។ ដល់ដាំបានកន្លះខែ បានយើងលុបដីមួយសា ពេលលុបដីនេះ យកជីកំប៉ុសទៅរោយបន្តិចៗពីលើ។ រំលងមួយខែទៀត ដាក់ជីកំប៉ុសមួយសាទៀត រោយលុបដីបង្ហើយ។ អំពៅនេះមិនរើសដីទេ អំពៅហ្នឹងស្រួលដាំជាងអំពៅកែវទឹកឃ្មុំ»។
ឯកសារកសិកម្មប្រាប់ពីរបៀបដាំអំពៅមាន ២បែប គឺដាំដោយបណ្ដុះ និងដាំដោយកំណាត់ដើម។ ការបណ្តុះកូនអំពៅ ជាដំបូងត្រូវកាត់ដើមអំពៅជាកំណាត់ខ្លីៗ យកថ្នាំងមួយៗ រួចហើយរៀបថ្នាំងនោះតម្រៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹក ដើម្បីងាយស្រួលក្នុងការស្រោចស្រព។
កំណាត់ដើមអំពៅនោះ មិនត្រូវលុបដីឲ្យជិតទេ ត្រូវយកភ្នែកថ្នាំងអំពៅបញ្ឈរឡើងលើ ដើម្បីឲ្យពន្លកឆាប់ដុះពីថ្នាំង បន្ទាប់មកត្រូវគ្របចំបើងពីលើថ្នាំងអំពៅ។ ស្រោចទឹកមួយថ្ងៃម្ដង ដើម្បីឲ្យកូនអំពៅឆាប់ដុះល្អ។ ពេលដែលកូនអំពៅដុះបានទំហំប៉ុនម្រាមដៃ គឺក្រោយបណ្ដុះប្រហែល ១ខែទើបគេយកទៅដាំនៅក្នុងដីចំការ។
ការដាំកំណាត់ដើមអំពៅ៖ វិធីនេះគេអនុវត្តចំពោះដីចំការធំៗ ដែលកាប់រណ្ដៅ ហើយលើកជារង។ ការដាំដុះតាមវិធីនេះ គេអាចអនុវត្តបានចំពេលដែលដីចំការនៅសើម។ វិធីនេះអាចចំណាយទុនតិច និងឆាប់រហ័សទួលផលទៀតផង។ ប៉ុន្តែវាមានគុណវិបត្តិម្យ៉ាង គឺដើមដុះមិនបានល្អនៅពេលពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។
វិធីទាំង២បែបនេះត្រូវកសិករ រស់ ម៉ៅ ប្រាប់បន្ថែមថា មិនត្រូវយកអំពៅទៅបណ្ដុះដោយកាប់ដើមអំពៅមួយសាច់ទេ ត្រូវកាប់យកតែកន្លែងថ្នាំងដែលមានភ្នែក ហើយដុះពន្លកតិចៗទៅបណ្ដុះ។
លោក រស់ ម៉ៅ អះអាងថា ចង់ដាំអំពៅឲ្យវាផ្អែម ចាំបាច់ត្រូវប្រើផេះ និងដីដំបូក ហាមប្រើធ្យូង និងលាមកសត្វស្រស់ តែអាចប្រើបាននូវលាមកសត្វស្ងួតក្រៀមងាប់យូរឆ្នាំ៖ «អំពៅវាត្រូវការជី តែពពួកផេះហើយនិងដីដំបូក យើងមិនអាចយកអាចម៍គោអីមកដាំទេ កាលណាយកអាចម៍គោយកមកដាំ គឺអំពៅនឹងវាអត់ផ្អែមទេ គឺផេះដែលយើងដុតកន្លែងណាផ្សេងៗ ឲ្យទៅជាផេះ មិនមែនធ្យូងទេ។ បើយើងដាក់អាចម៍គោ អាចម៍មាន់ បាន ប៉ុន្តែអត់ដាក់វានៅស្រស់ទេ លុះត្រាតែអាចម៍គោ អាចម៍ មាន់ ដែលវាងាប់តាំងពីឆ្នាំទៅហ្នឹងបានយើងយកមកលាយជាមួយគ្នា»។
លោក រស់ ម៉ៅ បន្តថា ដាំអំពៅបើដាក់លាមកសត្វសុទ្ធ គឺដើមអំពៅពេលកៀបយកទឹកមានរសជាតិប្រៃ មិនមានឱជារសផ្អែមទេ ប៉ុន្តែបើដាក់ផេះ និងដីដំបូក គឺទឹកអំពៅវាផ្អែម។
វិធីដាំដើមអំពៅ
មុនដាំត្រូវភ្ជួរដីឲ្យបាន ៣សា ឲ្យបានជម្រៅជ្រៅ រាស់ឲ្យម៉ត់ ឆូតជាគន្លង ដើម្បីឲ្យមានចង្អូរ ប៉ុន្តែមិនត្រូវលើករងដាំអំពៅទេ។ កាយគន្លងនោះឲ្យមាត់រណ្ដៅទំហំ ៨តឹក រួចយកកូនអំពៅ ១ដើម មានដុះដើមប៉ុនមេដៃ កម្ពស់ ២តឹកទៅកប់ក្នុងរណ្ដៅ ដែលមានល្បាយផេះ ដីដំបូក លាមកសត្វងាប់ នៅបាតរណ្ដៅនោះជាស្រេច កប់វាបន្ថើរៗល្មម៖ «យើងអត់កប់ជ្រៅពេកទេ ដោយសារតែយើងមានចង្អូរអ៊ីចឹង ពេលមានភ្លៀង និងពេលស្រោចទឹកពីលើគឺវាធ្លាក់មកបន្តិចៗ យើងមិនបាច់លុបជើងអីទៀតទេ ដោយសារយើងស្រោចទឹកទៅដីហ្នឹងវាធ្លាក់មក អ៊ីចឹងបានយើងកប់វារាក់ៗ។ ពេលដាំហើយយើងត្រូវយកស្លឹកដូង គ្របវាដដែល ដើម្បីឲ្យវាត្រជាក់»។
ការថែទាំដំណាំអំពៅ
លោក រស់ ម៉ៅ ឲ្យដឹងថា អំពៅត្រូវការទឹកស្រោចនៅពេលដីខ្សោះទឹក។ ប៉ុន្តែបើស្រោចទឹកច្រើនពេក វានឹងធ្វើឲ្យទឹកអំពៅសាប។ លោកបន្តថា នៅពេលដាំអំពៅទុកឲ្យវាដុះបានកម្ពស់ ០,៥០ម៉ែត្រពីដី ម្ចាស់ដំណាំត្រូវដកស្លឹកដុះនៅបណ្ដូលដើមអំពៅចោល ដើម្បីឲ្យអំពៅឆាប់បែកកូន និងដុះដើមបានទំហំប៉ុនៗគ្នា។ ពេលអស់ស្លឹកបណ្ដូលនោះ គឺដើមអំពៅឆាប់បែកកូនច្រើន ហើយលូតកម្ពស់ដើមស្មើគ្នា៖ «ដើមៗហ្នឹងគឺយើងដកបណ្ដូលវា កាលណាយើងអត់ដកបណ្ដូលវា គឺវាអត់បែកកូនទេ ទី១ ហើយទី២ ដើមអំពៅវាមានកម្ពស់ខ្ពស់ទាបៗ វាអត់ស្មើទេ បើអ៊ីចឹងបណ្ដូលហ្នឹងដកចេញបានល្អ។ បើកាលណាដាច់ក៏យើងដកម្ដងទៀត ទាល់តែបណ្ដូលហ្នឹងដាច់ដល់ត្រឹមគល់វានោះ។ ពេលដកបានហើយ ១អាទិត្យ ទៅ ១០ថ្ងៃ វាចាប់ផ្ដើមបែកកូន បែកដូចស្លឹកគ្រៃអ៊ីចឹង។ វាបែកក្នុង១គុម្ពមាន ៨ ទៅ ១០ដើម មានកន្លែងខ្លះបែកដល់ ១២ដើម»។
លោក រស់ ម៉ៅ បន្តថា បើចង់បានដើមអំពៅថ្លោសល្អ មានទំហំដើមប៉ុនៗគ្នា ត្រូវកាប់ដើមចោលខ្លះ ទុកតែ ៨ដើមក្នុងមួយគុម្ព រាប់ទាំងដើមដែលដកបណ្ដូលចេញ។ លោកថា មានអ្នកដាំខ្លះទុកដើមអំពៅបែកមកនោះទាំងអស់ ព្រោះចង់ចំណេញ។ លោកថា ការទុកបែបនេះ គឺមិនចំណេញទេ វានឹងដណ្ដើមគ្នាបឺតជីជាតិពីដី ធ្វើឲ្យដើមអំពៅតូចហើយក្រិន។ ប៉ុន្តែបើដីដាំអំពៅជាដីល្បប់បាតបឹង ឬដីលិចទឹក ការទុកដើមអំពៅបែកទាំងអស់នោះបាន តែត្រូវថែមជីគីមីនៅក្នុងដីគន្លងនោះ ដើម្បីបំពេញជីក្នុងដីល្បប់ ទើបដើមអំពៅដុះបានកម្ពស់ជិត ២ម៉ែត្រ និងមានដើមថ្លោសល្អ។ លោកអះអាងថា ការបន្ថែមជីក្នុងដីរង ពេលដែលអំពៅកំពុងបែកកូននេះនាំឲ្យដើមអំពៅប្រេះដើមហើយស្រួយ។
លោកបន្តថា ការថែទាំមួយទៀត គឺការដើរប្រឡេះស្លឹកដែលដុះនៅជាប់ដើម៖ «បើយើងដាំអំពៅចំនួន ២០០គុម្ព គឺយើងមានគោមួយនឹម យើងគ្រាន់តែសកស្លឹកអំពៅឲ្យគោស៊ីទៅបានហើយ។ ប៉ុន្តែអំពៅការសកមិនមែនសក អស់ៗដល់ចុងទេ បើកាលណាសកបែបនេះ គឺវាក្រិន អ៊ីចឹងពេលលៃ គឺយើងយកស្លឹកណាដែលចង់ទុំនិងចាស់ ២ ទៅ ៣ស្លឹកទេ សកម្ដងរយៈពេល១អាទិត្យ បានសកម្ដងទៀត»។
លោក រស់ ម៉ៅ ឲ្យដឹងថា អំពៅដាំ ៤ខែ អាចប្រមូលផលបាន។ ការប្រមូលផលអំពៅមិនត្រូវកាប់ដល់គល់ទេ ត្រូវទុកគល់វាឲ្យនៅសល់ពីដី ១តឹក ដើម្បីឲ្យវាបែកគុម្ពទៀតក្រោយទៀត ដោយការប្រមូលស្លឹកឈើ និងចុងអំពៅទៅគ្របពីលើគល់ ហើយដុតវា៖ «ខែផល្គុន ខែជិតភ្លៀង ពេលហ្នឹងយើងប្រមូលចុងអំពៅក្បែរហ្នឹងយកទៅគរនៅលើគល់អំពៅដែលយើងកាប់ ហើយយើងដុតវា។ ប៉ុន្តែដុតហ្នឹងមិនមែនឲ្យភ្លើងឆេះហើយ យើងដុតបន្ថែមទៀត គឺអត់ទេ ដុតតែមួយសាហ្នឹងឆេះប៉ុន្មានក៏ឆេះទៅ រួចហើយបានយើងចាប់ផ្ដើមឆាយដីពីភ្លឺយើងហ្នឹងមកទម្លាក់ក្នុងចង្អូរហ្នឹងវិញ។ មួយអាទិត្យទៅ ១០ថ្ងៃភ្លៀងមកវាចាប់ផ្ដើមដុះជាថ្មីហើយ។ ការដុះលើកក្រោយនេះ យើងអត់មានដកកូនទៀតទេ គឺពន្លកវាធំជាងមុនទៅទៀតលើកទី២នេះ ហើយយើងមិនបាច់ដាំមួយសាទៀតទេ អាគល់ហ្នឹងគឺវាដុះដោយខ្លួនឯង យើងធ្វើរបៀបហ្នឹងគឺដាំ ១ឆ្នាំ ទទួលផលដល់ទៅ ៣ឆ្នាំ»។
ចំពោះការដាំអំពៅកែវស្ករ របស់លោក អៀម សាត នៅខេត្តព្រៃវែង វិញ លោកថា អំពៅគាត់ដាំ ៥ខែទើបប្រមូលផល។ លោកប្រៀបធៀបថា ដាំអំពៅនិងដាំស្រូវ គឺអំពៅលក់ចំណេញជាងលក់គ្រាប់ស្រូវ៖ «អំពៅចំណេញជាងស្រូវច្រើនណាស់។ បើដីអំពៅនេះ ខ្ញុំធ្វើស្រូវ លក់គ្រាប់ស្រូវបានតែ ១៧ម៉ឺនទេ បើខ្ញុំដាំអំពៅអាចលក់បានជិត ៥លាន។ អំពៅនេះខ្ញុំម៉ៅឲ្យគេបាន ៤លាន ៤០ម៉ឺន បើខ្ញុំចំណាយប្រេង ថ្លៃដាក់ជី និងប្រើកម្លាំងអស់តែ ៤០ម៉ឺនទេ»។
ដោយសារតែអំពៅទទួលបានផលចំណេញច្រើន ទើបគេឃើញមានចម្ការអំពៅដាំច្រើនម៉ឺនហិកតារនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ហើយមានរោងចក្រចម្រាញ់ទឹកអំពៅផលិតជាស្ករសនៅក្នុងខេត្តកំពង់ស្ពឺ៕
ប្រភព៖ RFA
ផ្សាយបន្តដោយ៖ Sesan
No comments:
Post a Comment