Wednesday, 18 November 2020

វិធីសាស្ត្រដាំម្នាស់🌱🌱

 


១, ការរៀបចំរង

យើងត្រូវរៀបចំដីឲ្យបានស្អាត ទុកចោលមួយសប្តាហ៍  បន្ទាប់មកកាយចង្អូរ ឬភ្ជួរឆូតដែលមានបណ្ដោយ២០ម៉ែត្រ និងចន្លោះចង្អូរប្រវែង ១ម៉ែត្ររួចដាក់ជីអាចម៍គោតាមចង្អូរហើយលប់ដីពីលើ។

២,ការដាំម្នាស់

យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ ដែលមានចន្លោះពីគុម្ភមួយទៅគុម្ភមួយ ប្រវែងពី ៣​​​ ទៅ ៤តឹក និងចន្លោះរងប្រវែងពី ៦ ទៅ ៨តឹក។ យើងត្រូវកប់គល់កូនម្នាស់ចូលទៅក្នុងដីប្រមាណ ១តឹក។

៣, ការសំអាតស្មៅ ពូនគល់​ និងការគ្របរង

ស្មៅចាប់ផ្ដើមដុះក្រោយយើងដាំ រួចរយៈពេល១ខែ យើងត្រូវត្រួតពិនិត្យមើល បើឃើញថាមានស្មៅដុះកម្ពស់កូនម្នាស់ យើងចាំបាច់ត្រូវធ្វើការជំរះស្មៅចេញ រួចពូនរង និងយកស្មៅងាប់ ឬដើមកន្ទ្រាំងខែត្រ ឬអង្កាមដាក់ពីលើរងឲ្យបានច្រើនដើម្បីឲ្យកើតជាជី និងបន្ថយការលូតលាស់របស់ស្មៅ។

៤, ការដាក់ជី

* ការដាក់ដីទ្រាប់បាត យើងដាក់ជីលាមកសត្វប្រមាណ៣ការុង ឬ៣០គីឡូក្រាមពីលើចង្អូររងប្រវែង២០ម៉ែត្ររួចកាប់ជ្រោយឲ្យបានសព្វមុនពេលដាំ។

* ការដាក់ជីបំប៉ន យើងប្រើជីអ៊ុយរ៉េ២ដង និងជី២០-២០-១៥  មួយដងសម្រាប់បំប់នដើមម្នាស់ឲ្យលូតលាស់ល្អ។ ត្រូវសំអាតស្មៅឲ្យបានស្អាតជាមុនសិន និងត្រូវដាក់ជីក្រោយភ្លៀងធ្លាក់សម្រាប់រដូវវស្សា។ នៅរដូវប្រាំងយើងត្រូវយកជីអ៊ុយរ៉េចំនួនកន្លះគីឡូក្រាម លាយទឹក១ធុងចំណុះ២០លីត្រសម្រាប់កូនម្នាស់១០០ដើម។ ត្រូវចាក់ស្រោច តាមគល់កុំឲ្យទឹកជីចូលក្នុងបណ្ដូលដើមម្នាស់។

* លើកទី១៖ ត្រូវដាក់ជីក្នុងរយៈពេល១ខែកន្លះ  ក្រោយដាំប្រើជីអ៊ុយរ៉េ ១គីឡូក្រាមសម្រាប់កូនម្នាស់២០០ដើម។

* លើកទី២៖ ត្រូវដាក់ក្នុងរយៈពេល ២ខែក្រោយលើកទី១ ប្រើជីអ៊ុយរ៉េម្ដងទៀត១គីឡូក្រាមសម្រាប់កូនម្នាស់២០០ដើម។

* លើកទី៣៖ ពេលម្នាស់ចាប់ផ្ដើមចេញផ្កាប្រើជី ២០-២០-១៥ មួយគីឡូក្រាមសម្រាប់កូនម្នាស់២០០ដើម។

» ចំណាំ៖ យើងអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងកន្ទ្រាំងខែត្រ ដោយចាក់ស្រោចតាមគល់ជំនួសជីអ៊ុយរ៉េបាន។ យើងប្រើទឹកជី១ធុងចំណុះ២០លីត្រ សម្រាប់ម្នាស់១០០ដើម។

៥, ស្រោចស្រព

បើយើងដាំកូនម្នាស់នៅរដូវប្រាំង យើងត្រូវស្រោចទឹកពន្លិចរងក្រោយដាំរួច និងត្រូវស្រោចវារៀងរាល់មួយខែម្ដងរហូតដល់ភ្លៀងធ្លាក់។

៦, កាច់សំអាតខ្នែង

ជាធម្មតាពូជម្នាស់ស្រុកយើងពុំសូវឃើញមានខ្នែងកូននៅពេលដើមម្នាស់ កំពុងលូតលាស់ទេ ប៉ុន្តែយើងគួរតែត្រួតពិនិត្យមើលបើមានខ្នែងត្រូវកាត់ចេញ ដោយទុកតែដើមមេមួយប៉ុណ្ណោះដើម្បីឲ្យបានផ្លែធំ។

៧, ជំរុញផ្កា

ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវាមានដើមធំល្អដែលមានស្លឹកលើស ពី២០ឡើងទៅ។ យកថ្មស្អុយលេខមួយ ចំនួន ៣ខាំលាយជាមួយទឹក១ធុងចំណុះ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូលក្នុងបណ្ដូលដើមម្នាស់ទាល់តែពេញ។ ជាធម្មតាល្បាយទឹកថ្មស្អុយ២០លីត្រអាចចាក់បាន ៣រងប្រវែង២០ម៉ែត្រ។ ក្រោយចាក់ថ្មស្អុយរយៈពេល ៤ខែ ២០ថ្ងៃទើបម្នាស់ទុំអាចកាច់យកលក់បាន៕


នាំមកជូនដោយ៖ Sesan-សេសាន




No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...