Tuesday, 17 November 2020

ដំណើរការនៃការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន


ដោយ​មើលឃើញពីសក្តានុពល​នៃការនាំចេញ​ផ្លែស្វាយ​កម្ពុជាទៅ​ក្រៅ​ប្រទេសនិង​ក្នុង​គោល​បំណងនាំ​ចេញ​ផ្លែ​ស្វាយ​ពី​ប្រទេស​កម្ពុជាទៅ​កាន់​ប្រទេសចិន​ដែល​​ធានា​បាននូវ​សុវត្ថិភាពភូត​គាម​អនាម័យ​នោះ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ បាន​ចាប់​ផ្តើម​ចរចា​ទីផ្សារ​ជាមួយ​ប្រទេសចិន តាមរយៈ​ការ​រៀប​ចំ​ផែន​ការ​ការងារ​សម្រាប់រៀប​ចំពិធីសារ​នាំ​ចេញ​ផ្លែ​ស្វាយ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន និង​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​រវាង​ភាគី​ចិន​និងកម្ពុជា កាលពី​ថ្ងៃទី២៥ ខែកញ្ញា​ឆ្នាំ​២០១៤​កន្លង​ទៅ​នៅ​សហភាព​មីយ៉ាន់ម៉ា។

នាពេល​ថ្មីៗកន្លងមក​នេះ រដ្ឋមន្រ្តីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ លោក​វេង សាខុន​បាន​បញ្ជាក់​លំអិត​ថា ក្រសួង​បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​ចរចា​ទីផ្សារ​ស្វាយ​ជាមួយ​អគ្គ​រដ្ឋ​បាល​គយនៃ​សាធារណរដ្ឋ​ប្រជាមានិតចិន (GACC) តាំង​ពី​ដើម​ឆ្នាំ​២០១៨ នៅ​មុន​ពេល​អគ្គ​រដ្ឋ​បាល​ត្រួត​ពិនិត្យ​គុណភាព អធិការកិច្ចនិង​ចត្តាឡីស័ក (AQSIQ) ច្របាច់​បញ្ជូល​គ្នា​ជាមួយ​ GACC រហូត​ដល់​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ ទើប​ទទួល​បាន​ការឯក​ភាព​និង​ឈាន​ដល់ការ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្តី​ពីលក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យសម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពីកម្ពុជាទៅកាន់​ប្រទេស​ចិននាថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០២០​ កន្លងទៅ​ថ្មីៗ​នេះ។

តើ​កសិករ​ឬអ្នក​វិនិយោគ​ចម្ការ​ស្វាយ​ត្រូវ​ធ្វើ​បែប​ណា ទើប​អាច​នាំ​ចេញ​ផ្លែ​ស្វាយស្រស់​កម្ពុជាទៅ​កាន់​ប្រទេសចិន​បាន? តើប្រភេទ​ផ្លែ​ស្វាយ​អ្វីខ្លះ​ដែល​អាច​នាំ​ចេញ​បាន?

ចម្ការ​ស្វាយ​ទីតាំង​វេចខ្ចប់ ឃ្លាំង​ត្រជាក់ និង​កន្លែង​ធ្វើ​ប្រព្រឹត្តិ​កម្ម​ភូតភាំ​អនាម័យ​សម្រាប់​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ ត្រូវចុះ​បញ្ជី​នៅអគ្គ​នាយកដ្ឋាន​កសិកម្មនិង​ទទួល​ស្គាល់​ដោយ ​GACC។ រាល់​ឯកសារ​ចុះបញ្ជី​ត្រូវ​មាន​ព័ត៌​មាន​ឈ្មោះ​ចម្ការ អាសយដ្ឋាន​ និង​លេខ​កូដសម្គាល់​ដើម្បី​កំណត់​ប្រភព​បាន​ត្រឹមត្រូវ នៅ​ពេល​ដែល​ផ្លែ​ស្វាយ​ដែល​នាំ​ចេញ​មិន​មាន​អនុលោមភាព​តាម​បទ​ប្បញ្ញត្តិ​នៃ​ពិធី​សារ​នេះ។ ​មុនពេល​ចាប់ផ្តើម​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​ក្នុង​រដូវ​នីមួយៗ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​ ត្រូវ​ផ្តល់​បញ្ជីឈ្មោះ​ចម្ការ​ស្វាយ​ដែល​បាន​ចុះបញ្ជី​ទៅGACC ជាមុន និង​ត្រូវ​មាន​ការ​យល់​ព្រម​ដោយ​ភាគី​ទាំងពីរ។

គ្រប់​ចម្ការ​ស្វាយ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ ត្រូវ​បង្កើត​និង​អនុវត្តន៍​ការ​ចុះបញ្ជី​ការ​អនុវត្ត​កសិកម្ម​ល្អ (GAP)​ឬអនុវត្តន៍​​តាម​ប្រព័ន្ធ​វិញ្ញាបនកម្ម​អន្តរជាតិ​ផ្សេងៗទៀត​ ដើម្បី​ធានា​ក្នុង​ការ​តាម​ដាន​ប្រមូល​ត្រលប់​វិញ​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម។ ដើម្បីថែរក្សា​ស្ថាន​ភាព​អនាម័យក្នុងចម្ការ​ត្រូវ​ធ្វើការ​ប្រមូល​ផ្លែ​ស្វាយ​ដែល​រលួយ​ចេញ​ពី​ចម្ការ​ក្នុង​អំឡុង​ពេល​ប្រមូល​ និង​ការអនុវត្ត​វិធាន​ការ​ចម្រុះគ្រប់​គ្រង​ដំណាំ (IPM) ដូចជាការ​អង្កេត​តាម​ដាន​សមាសភាព​ចង្រៃ ការ​ប្រើប្រាស់​វិធាន​ការ​គីមី ឬជីវសាស្រ្ត​និង​វិធាន​ការ​មេកានិច។ ចំពោះ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ហាម​ឃាត់​ដោយ​ប្រទេស​ចិន កម្ពុជា​ត្រូវ​អង្កេត​តាមដាននិង​ពិនិត្យ​ស្វែង​រក​ឱ្យ​បាន​ហ្មត់ចត់​ក្នុង​ចម្ការ​ក្នុង​អំឡុង​េល​ដំណាក់​កាលលូត​លាស់ និង​ប្រមូល​ផល​ស្វាយ​ដើម្បីធានាថា សមាសភាព​ ចង្រៃ​ភូតគាម​អនាម័យ​ហាម​ឃាត់​ដោយ​ប្រទេស​ចិន ស្ថិត​ក្រោម​ការ​គ្រប់គ្រង។


គ្រប់​ចំការស្វាយ​ដែល​បាន​ចុះបញ្ជី ត្រូវ​រក្សា​កំណត់​ត្រា​នៃ​ការ​អង្កេត​តាម​ដាន និង​វិធាន​ការគ្រប់​គ្រងសមាសភាពចង្រៃ និង​ផ្តល់នូវ​កំណត់​ត្រា​ទាំង​នេះ​តាម​ការ​ស្នើសុំ​របស់​ GACC។ កំណត់នេះ​ត្រូវ​មាន​ឈ្មោះ​ថ្នាំ​កសិកម្ម​ ធាតុសកម្ម កាល​បរិច្ឆេទប្រើ​ប្រាស់ និង​កំហាប់​នៃ​ថ្នាំ​កសិកម្មទាំងអស់​ដែល​បាន​ប្រើ​ប្រាស់​ក្នុង​រដូវ​ដាំដុះ​នីមួយៗ។

គ្រប់​ទី​តាំង​វេច​ខ្ចប់និ​ងកន្លែង​ស្តុកទុក​ផ្លែ​ស្វាយ​ទាំងអស់​ ត្រូវ​តែ​បង្កើត​ប្រព័ន្ធ​ប្រមូល​ត្រលប់​មកវិញ ដើម្បី​ធានា​ថា ផ្លែ​ស្វាយ​នាំ​ចេញ​អាច​ត្រូវ​បាន​តាមដាន​ត្រឡប់​មក​វិញ​ដល់​ចម្ការ​ដែល​បាន​ចុះបញ្ជី។ ប្រសិន​បើ​ទីតាំង​វេច​ខ្ចប់​ផ្លែ​ស្វាយ​មាន​ទីតាំង​ដាច់​ដោយ​ឡែក​ពី​សហគ្រាស​ធ្វើ​ប្រព្រឹត្តិកម្ម​កម្តៅ ផ្លែស្វាយ​ទាំងនោះ​អាច​ធ្វើ​ការ​ហៅ​ត្រឡប់​ទៅ​ចម្ការវិញ​តាម​រយៈ​សហគ្រាស​ធ្វើ​ប្រព្រឹត្តិកម្ម។

ការ​វេច​ខ្ចប់​និង​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​ផ្លែ​ស្វាយ​ស្រស់​បន្ទាប់​ពី​ប្រមូល​ផល​ ត្រូវ​អនុវត្ត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាងហ្មត់ចត់​ពី​សំណាក់​ភាគីកម្ពុជា ហើយ​ត្រូវ​ឆ្លង​កាត់​ការជ្រើសរើស​ដោយ​ដៃ ការ​លាង​សម្អាត​ និង​ដំណើរការ​ផ្សេងៗទៀត​ដើម្បី​ធានាថា ផ្លែ​ស្វាយ​ទាំងនោះ​គ្មាន​ជាប់​ដី សត្វ​ល្អិត​ចង្រៃ​ ម៉ៃត៍ ពពួកខ្យង ផ្លែរលួយ និង​សំណល់​រុក្ខ​ជាតិ​ផ្សេងៗ​។ ក្នុង​ករណី​មាន​ប្រើ​ប្រាស់​ថ្នាំ​កម្ចាត់​ផ្សិត​ ត្រូវ​តែ​ប្រើ​ឱ្យ​ស្រប​តាម​ស្តង់ដា​ជាតិ​សុវត្ថិភាព​ចំណីអាហារ​នៃប្រទេស​ចិន។

ប្រភេទ​ផ្លែ​ស្វាយ​ស្រស់​ដែល​មាន​ឈ្មោះ​វិទ្យា​សាស្រ្ត​ថា Mangifera indica  អាច​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេសចិន​បាន​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​និង​បទ​ដ្ឋាន​គតិ​យុត្ត​នៃ​ប្រទេស​ចិន​ បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ដែល​មាន​ចែង​ក្នុង​ពិធី​សារ​នេះ និង​គ្មាន​ជាប់ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ហាម​ឃាត់ចូល​ប្រទេសចិន។

ក្រៅ​ពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន តើកម្ពុជា​នាពេល​កន្លងមក បាន​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅប្រទេស​ណាខ្លះ? និង​មានគម្រោង​យ៉ាងបន្តទៀត?

លោករដ្ឋមន្រ្តី វេង សាខុន​បាន​មាន​ប្រសាសន៍ថា ៖ «យើង​មិន​មាន​ប្រទេស​ច្រើន​ទទួល​យក​​ការ​នាំ​ចូល​ស្វាយ​ស្រស់​ពី​ប្រទេសកម្ពុជានៅឡើយ​ទេ លើក​លែង​តែប្រទេស​កូរ៉េ ប្រទេស​ថៃ បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេសវៀត​ណាម» ។

ប្រទេសកូរ៉េ គេ​មាន​ទទួល​យក​តែ​តាម​រយៈ​ការ​ដាំ​ដុះ​ ការថែ​ទាំម ប្រមូល​ផល ការកម្ចាត់​សមាសភាព​ចង្រៃ និង​វេច​ខ្ចប់​ពី​ក្រុម​ហ៊ុន​ហ៊ីយុន​ដាយ តែមួយ​គត់ រឺឯការ​ដឹកជញ្ជូន​ចេញ​ត្រូវ​ធ្វើ​តាម​យន្ត​ហោះ ដែល​មាន​តម្លៃ​ខ្ពស់​ ហើយ​មាន​ចំនួន​តិច​តួច។ យើង​ក៏​បាន​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ទៅ​កាន់​បណ្តា​ប្រទស​ស្ថិត​ក្នុង​សមាជិកសហភាព​អឺរ៉ុប​ផង​ដែរ និងប្រទេស​រុស្ស៊ី ប៉ុន្តែ​មាន​ចំនួន​តិច​តួច​បំផុត ដោយបញ្ហា​នៃ​ការ​ដឹកជញ្ជូន​តាម​យន្ត​ហោះ ដែលកន្លង​មក​យើង​ផ្ញើ​តាម​យន្ត​ហោះ​កាតា និង​ជើង​យន្ត​ហោះ​ដទៃទៀត។ ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃនិង​វៀត​តាម បាន​ធ្វើ​ឡើង​មិន​ទៀង​ទាត់ អាស្រ័យ​ទៅ​លើ​គេ​ពេញ​ចិត្ត​ឱ្យ​នាំចូល​ឬមិនឱ្យ​នាំ​ចូល​ និង​ម្យ៉ាង​មក​ពី​ការ​បញ្ជាទិញ​ពី​ប្រទេស​ទី៣ ជាពិសេស​ប្រទេស​ចិន។

ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទកម្ពុជា​ និង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និ​ង​នេសាទ​ជប៉ុនបាន​ចាប់​ផ្តើម​ដំណើរការ​ចរចាស្តី​ពី​​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំ​ចេញ​ផ្លែ​ស្វាយ​ទៅ​កាន់​ប្រទេសជប៉ុន​ផងដែរ។

ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​នាំចេញ​ទៅ​កាន់សហរដ្ឋ​អាមេរិកក្នុង​ពេល​អនាគត ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​ទទួល​ជំនួយ​បច្ចេកទេស​ពីUSDA និង​USAIDដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្នុង​នោះ​រួម​មាន ការផ្តល់ជំនួយ​បច្ចេកទេស​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្រ្តអភិវឌ្ឍ​ន៍​ផ្នែក​ការពារដំណា និង​ភូតគាម​អនាម័យផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍ដំណាំ​សាកវប្ប​កម្ម ការ​កសាង​សមត្ថភាព​វិភាគ​ហានីភ័យ​លើ​ដំណាំ​ស្វាយ​និង​ស្វាយ​ចន្ទី រួម​ទាំង​ការកសាង​សមត្ថភាព​ពាក់ព័ន្ធ​ដូចជា​ សិក្ខា​សាលា​ស្តី​ពី​ដំណើរ​ការ​បើក​ទីផ្សារ ការ​វិភាគហានិភ័យសមាភាព​ចង្រៃ វិធាន​ការ​ភូតគាម​អនាម័យ ការ​អង្កេត​សមាសភាព​ចង្រៃ​លើ​ដំណាំ​ ដែល​បាន​ដំណើរការ​អនុវត្ត​ដោយ Animal and Plant Health Inspection (APHIS) នៃ ​US Department  of Agriculture  (USDA)។

លើស​ពី​នេះ USAID ក៏កំពុង​ផ្តល់ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍវិស័យ​កសិកម្ម​តាម​រយៈ​កម្ម​វិធី​មួយ​ហៅថា HARVEST II ដែល​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឃ​ខ្សែច្រវាក់​តម្លៃ​ដំណាំ​សាកវប្បកម្ម​ (បន្លែនិង​ផ្លែឈើ)។

យោង​តាម​ទិន្ន​ន័យ​របស់​អគ្គ​នាយក​ដ្ឋាន​កសិកម្ម (ការនាំ​ចេញ​ផ្លូវ​ការ​តាម​ច្រក​ចេញ​ចូល​តែមួយ) បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩កន្លង​ទៅ​មា​នផ្លែ​ស្វាយស្រស់ (58,162.16 តោន) ដំណាប់ស្វាយ (2,712.16 តោន) ទឹកស៊ីរ៉ូ​ស្វាយ (928.00 តោន) និង​ស្វាយជ្រក់ (8.60 តោន) ដែល​សរុប​ប្រមាណជា​៤៥លានដុល្លារអាមេរិក។​

លើស​ពី​នេះ​ទៀត ក៏​មាន​ការ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ក្រៅ​ផ្លូវ​ការ​ទៅប្រទេស​វៀត​ណាម​និង​ប្រទេស​ថៃ​ជាច្រើនម៉ឺន​តោន​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ផង​ដែរ៕


ប្រភព៖ ផ្កាឈូក(By មុំ គន្ធា - June 19, 2020 )

ផ្សាយបន្តដោយ៖ Sesan



No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...