ដើម្បីលក់ផលិតផលរបស់ខ្លួន កសិករត្រូវការផ្លូវថ្នល់ដែលទុកចិត្តបាន(ងាយស្រួលធ្វើដំណើរ) មធ្យោបាយដឹកជញ្ជូនទៅកាន់ទីផ្សារ និងតម្លៃសមរម្យ។ ការផ្លាស់ប្តូរគោលនយោបាយរដ្ឋាភិបាលឲ្យគាំទ្រកសិករតូចតាច អាចត្រូវការពេលវេលាយូរ។ ប៉ុន្តែមានវិធីជាច្រើនដែលកសិករអាចរៀបចំដើម្បីទទួលបានតម្លៃសមរម្យ ខណៈដែលធ្វើការងារដើម្បីទាញការគាំទ្រពីរដ្ឋាភិបាល។
⭕ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ
ជាញឹកញាប់ កសិករតូចតាចលក់ផលិតផលរបស់ខ្លួនទៅឲ្យឈ្មួញកណ្តាល ហើយទទួលបានប្រាក់តិចតួចប៉ុណ្ណោះ។ រដ្ឋាភិបាលអាចផ្តល់ការគាំទ្រឲ្យបញ្ឈប់ការដាំដំណាំបុរាណ ដូចជាពោតនិងស្រូវ ហើយដាំដំណាំសាច់ប្រាក់ជំនួសវិញ ដូចជាស្ករ កាហ្វេ ឬកាកាវ សម្រាប់ទីផ្សារអន្តរជាតិ។ ប៉ុន្តែប្រាក់ចំណូលពីដំណាំសាច់ប្រាក់ គឺគ្មានភាពប្រាកដទេ។ ប្រសិនបើតម្លៃអន្តរជាតិធ្លាក់ចុះ អ្នកអាចនឹងគ្មានប្រាក់ និងគ្មានអ្វីបរិភោគ។
សម្រាប់កសិករជាច្រើន ការផលិតដំណាំអាហារសម្រាប់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ អាចផ្តល់ប្រភពចំណូលដែលនឹងនរ។ សមាគមទីផ្សារ ចែករំលែកកម្លាំងពលកម្ម និងការចំណាយលើការនាំផលិតផលទៅដល់អ្នកប្រើប្រាស់, និងបន្ទាបតម្លៃសម្រាប់សមាជិកគ្រប់គ្នា។
⭕ទីផ្សារសហករណ៍
វិធីមួយដើម្បីប្រាកដថាមានតម្លៃល្អ និងសន្តិសុខអាហារ គឺត្រូវបង្កើតសហករណ៍មួយ ឬសមាគមទីផ្សារមួយ ជាមួយកសិករដទៃ។ នៅពេលកសិករលក់ផលិតផលរួមគ្នា ពួកគេអាចគ្រប់គ្រងតម្លៃបានប្រសើរ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូននិងរកទីផ្សារ។ ប្រទេសភាគច្រើនមានច្បាប់អំពីរបៀបបង្កើតសហករណ៍ ឬសមាគម។
ជាការសំខាន់គឺត្រូវធ្វើការជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ដើម្បីប្រាកដមនុស្សគ្រប់គ្នានឹងអនុវត្តតាមការទទួលខុសត្រូវរបស់ខ្លួន។ ការសំខាន់មួយទៀតគឺត្រូវយល់ស្របលើច្បាប់ដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបញ្ចេញយោបល់នៅក្នុងការសម្រេចចិត្ត និងដែលចែករំលែកផលប្រយោជន៍ដោយយុត្តិធម៌។
⭕ ផលិតផលបន្ថែមតម្លៃ
ក្រុមហ៊ុននានាដែលកែច្នៃអាហារ និងផលិតផលកសិកម្ម រកប្រាក់ចំណូលបានយ៉ាងច្រើន ដែលកសិករគួរតែធ្វើការងារកែច្នៃនេះជំនួសក្រុមហ៊ុនវិញ។ នៅពេលកសិករកែច្នៃដំណាំទៅជាផលិតផលសម្រាប់លក់ ដូចជាផ្លែឈើក្រៀម ឱសថរុក្ខជាតិស្ងួតនិងខ្ចប់ ដំណាប់និងចាហ៊ួយ ទឹកឃ្មុំ ្រហ្វូម៉ា កន្ត្រក គ្រឿងសង្ហារឹម ។ល។ នេះហៅថាផលិតកម្មបន្ថែមតម្លៃ ព្រោះអ្នកបានបន្ថែមតម្លៃទៅលើដំណាំដែលអ្នកបានដាំដុះ។
ការទិញឧបករណ៍ចាំបាច់សម្រាប់ការកែច្នៃអាហារ និងការស្វែងរកទីផ្សារសម្រាប់ផលិតផលបន្ថែមតម្លៃ អាចជាការពិបាក។ ប៉ុន្តែសហករណ៍អាចធ្វើឲ្យកិច្ចការនេះមានភាពងាយស្រួល។
⭕ផលិតផលឯកទេស និងការបញ្ជាក់វិញ្ញាបនបត្រ
សាជីវកម្មកសិដ្ឋានធំៗ អាចរក្សាតម្លៃឲ្យនៅទាប និងនៅតែអាចរកប្រាក់ចំណូល ព្រោះពួកគេផលិតយ៉ាងច្រើន និងច្រើនតែទទួលការគាំទ្រពីរដ្ឋាភិបាល។ ប៉ុន្តែកសិករដែលដាំដុះនៅលើដីទំហំតូច ក៏អាចទទួលប្រយោជន៍ពីកម្មវិធីទាំងឡាយដែលលើកកម្ពស់ផលិតផលផ្សេងៗដែលផលិតដោយមធ្យោបាយជាក់លាក់។
កម្មវិធីបញ្ជាក់វិញ្ញាបនបត្រមួយចំនួន ជួយកសិករឲ្យទទួលបានតម្លៃប្រសើរសម្រាប់ផលិតផលរបស់ខ្លួន។ កម្មវិធីបញ្ជាក់វិញ្ញាបនបត្រ អនុញ្ញាតឲ្យអ្នកទិញដឹងថាដំណាំនោះត្រូវបានដាំដុះដោយមិនប្រើសារធាតុគីមី ឬដឹងថាកសិករទទួលបានតម្លៃសមរម្យ។ កម្មវិធី២សម្រាប់ទីផ្សារអន្តរជាតិគឺ វិញ្ញាបនបត្រសារធាតុសរីរាង្គ និងវិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព។ មុននឹងសម្រេចចិត្តស្នើសុំវិញ្ញាបនបត្រ គួរពិចារណាអំពីការផ្លាស់ប្តូរទាំងឡាយដែលអ្នកត្រូវធ្វើ ដែលទាក់ទងនឹងរបៀបរៀបចំកសិដ្ឋានរបស់អ្នក។ គិតអំពីពេលវេលានិងប្រាក់ដែលនឹងចំណាយនៅក្នុងការផ្លាស់ប្តូរទាំងនេះ ថាតើនឹងមានទីផ្សារសម្រាប់ផលិតផលដែលអ្នកស្នើសុំវិញ្ញាបនបត្រនេះឬទេ និងថាតើអ្នកនឹងទទួលបានអ្វីខ្លះពីការបញ្ជាក់វិញ្ញាបនបត្រលើផលិតផលរបស់អ្នក។
⭕វិញ្ញាបនបត្រសារធាតុសរីរាង្គ
ផលិតផលសារធាតុសរីរាង្គ គឺត្រូវបានដាំដុះដោយប្រើមធ្យោបាយចិរភាព ដោយមិនប្រើសារធាតុគីមី ឬគ្រាប់ពូជបង្កាត់។ វិញ្ញាបនបត្រសារធាតុសរីរាង្គ ក៏ទាមទារផងដែរថា បន្ទាប់ពីប្រមូលផល ដំណាំត្រូវរក្សាទុកដោយឡែកពីដំណាំដែលបានដាំដោយប្រើសារធាតុគីមី។ ប្រទេសនីមួយៗមានច្បាប់ខុសៗគ្នាទាក់ទងនឹងការចេញវិញ្ញាបនបត្រ។ ភាគច្រើនតម្រូវឲ្យកសិករកត់ត្រាអំពីរបៀបដាំដំណាំរបស់ខ្លួន។
វិញ្ញាបនបត្រសារធាតុសរីរាង្គ និងវិញ្ញាបនបត្រ ពាណិជ្ជកម្មស្មើភាព ជួយកសិករឲ្យរកប្រាក់បន្ថែមទៀត។
⭕វិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព
វិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព ត្រូវបានផ្តល់ជូនសហករណ៍កសិដ្ឋាន ឬកម្មករកសិដ្ឋានដែលជាសមាជិកនៃសហជីព។ ដើម្បីទទួលបានវិញ្ញាបនបត្រនេះ ក្រុមកសិករបង្ហាញថាពួកគេប្រើប្រាស់ពលកម្មស្មើភាព(គ្មានការបង្ខំពលកម្ម គ្មានពលកម្មកុមារ និងប្រាក់កំរៃស្មើភាពសម្រាប់កម្មករ) និងលើកកម្ពស់មធ្យោបាយដែលមិនប៉ះពាល់បរិស្ថាន។ ដើម្បីរក្សាវិញ្ញាបនបត្រឲ្យនៅស្ថិតស្ថិរ ក្រុមនេះត្រូវតែបង្ហាញថាស្ថានភាពពលកម្មនិងបរិស្ថាន មានភាពប្រសើរយ៉ាងជាលំដាប់។ មានអាហារូបករណ៍ខ្លះសម្រាប់ក្រុមកសិករដែលមិនអាចចំណាយលើការសុំវិញ្ញាបនបត្រ។
បច្ចុប្បន្ន វិញ្ញាបនបត្រពាណិជ្ជកម្មស្មើភាព ត្រូវបានផ្តល់ជូនកសិករតូចតាចដែលផលិតកាហ្វេ តែ កាកាវ ចេក និងផ្លែឈើថ្មីស្រស់ដទៃទៀត និងអាចបញ្ចូលដំណាំដទៃទៀតក្នុងពេលដែលអ្នកកំពុងអានសៀវភៅនេះ៕
* ដោយសារអត្ថបទនេះប្រែសម្រួលពីភាសារបរទេសនិងនិយាយជាលក្ខណៈទូទៅមិនសំដៅតែប្រទេសណាមួយឡើយដូចច្នេះប្រហែលជាមានកំហុសឆ្គងខ្លះសូមបងប្អូនអធ្យាស្រ័យផង🙏🙏🙏
គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw