ក្រៅពីទម្ងន់ធ្ងន់ សត្វមាន់ពូជកម្រ ដុងតាវ នៅវៀតណាមមានជើងទាំងគូធំៗមិនចាញ់កដៃបុរសមាឌមាំឡើយ។
កាលពីសម័យមុន ពូជមាន់កម្រ និងតម្លៃថ្លៃកប់ពពកនេះត្រូវបានចិញ្ចឹមទុកសម្រាប់តែសែរាជវង្ស និងពិធីសែនព្រេនធំៗប៉ុណ្ណោះ។ សព្វថ្ងៃមាន់ដុងតាវត្រូវបានគេបង្កាត់ពូជចិញ្ចឹមលក់ជាពិសេសតាមភោជនីយដ្ឋានសេដ្ឋីទ្រព្យស្ដុក។
មាន់ដុងតាវអាចលូតលាស់ធំរហូតដល់ទម្ងន់ពី ៣ ទៅ ៦ គីឡូក្រាមដោយជើងគគ្រើមទាំងគូរបស់វាអាចធំជាងកំប៉ុងស្រាបៀរទៅទៀត។ មេមាន់ដុងតាវភាគច្រើនមានរោមសក្បុស ខណៈដែលអាឈ្មោលមានសម្បុរឆើត ឬរោមចម្រុះពណ៌ សិរលើក្បាលធំក្រហម។
សាច់របស់វាត្រូវបានប្រជាជនវៀតណាមសរសើរថាឆ្ងាញ់ជាងមាន់ធម្មតាធ្វើឲ្យអ្នកទិញហ៊ានឲ្យតម្លៃខ្ពស់ ខណៈដែលម្ចាស់កសិដ្ឋានសឹងចិញ្ចឹមលក់មិនទាន់។
សាច់មាន់ដុងតាវមួយគីឡូក្រាមមានតម្លៃពី ១៧ ទៅ ១៩ ដុល្លារអាមេរិក។ តម្លៃនេះអាចឡើងខ្លាំងនៅរដូវចូលឆ្នាំវៀតណាម។ ពូជស្ដេចមាន់ដែលល្អសម្រាប់យកទៅបង្កាត់អាចមានតម្លៃពី ២០០ ទៅ ៣០០ ដុល្លារឯណោះ។
កាលពីឆ្នាំ ២០១៣ ក៏ធ្លាប់មានព័ត៌មានចុះថាម្ចាស់កសិដ្ឋានម្នាក់មិនព្រមលក់មាន់ដុងតាវ ១ គូក្នុងតម្លៃក្រោម ២៥០០ ដុល្លារឡើយ។
ពូជមាន់ដុងតាវ ដើមឡើយមានប្រភពនៅស្រុកដុងតាវ ខេត្តហ៊ុងយិន ប៉ុន្តែសព្វថ្ងៃស្រុកដុងហាវ នៅខេត្តដុងណាយ គឺជាកន្លែងល្បីបំផុតខាងកសិដ្ឋានចិញ្ចឹមស្ដេចមាន់ជើងធំ។
ម្ចាស់កសិដ្ឋានលោក វូ ង៉ក់ទួន ដែលមានស្ដេចមាន់ជើងធំ ៤០០ គូទុកបង្កាត់ពូជនោះ គឺជាប្រភពចែកចាយសាច់មាន់ដុងតាវដ៏ធំជាងគេទៅកាន់បណ្ដាហាងនៅក្រុងហូជីមិញរាល់ថ្ងៃ។
ផ្ដើមចេញពីបំណងចិញ្ចឹមមាន់ដុងតាវ ១០ ក្បាលទុកគ្រាន់មើលលេងនោះ លោក វូ បានចំណាយពេលជាច្រើនឆ្នាំទម្រាំស្វែងយល់ពីវិធីចិញ្ចឹមវាបានត្រឹមត្រូវ។ ស្ដេចមាន់ជើងធំត្រូវការសេរីភាពក្នុងទីធ្លាធំទូលាយទើបវាអាចដើរបានច្រើន និងមានគុណភាពសាច់ល្អហើយឆ្ងាញ់។
ការចិញ្ចឹមមាន់ដុងតាវប្រើពេលពេញមួយឆ្នាំទើបវាធំអាចលក់បាន។ មាន់ញីទៀតសោត ពងបានតិចជាងមាន់ធម្មតាដែរ ម៉្យាងវិញទៀតព្រោះតែជើងវាធំពេកក៏នាំឲ្យពិបាកក្រាបពងដែរ។ បើទោះជាមាន់ដុងតាវពិបាកចិញ្ចឹមក៏ពិតមែន ប៉ុន្តែការព្យាយាមនឹងហុចផលមកវិញគាប់ចិត្ត។ មាន់កាន់តែសាច់ សាច់កាន់តែផ្អែម។
លោក វ៉ាន់ ឌិញហា ដែលជាម្ចាស់កសិដ្ឋាននៅតំបន់ទ្រុងឌិញលើកឡើងថា៖ «ឆ្នាំមុនលក់ដាច់ពេក ខ្ញុំសល់មាន់តែ ២ ក្បាលនៅផ្ទះ។ ឆ្នាំនេះចំណូលច្រើនជាងឆ្នាំមុន ៦០ ភាគរយ»។
លោកលើកឡើងទៀតថា៖ «មាន់ដុងតាវរបស់ខ្ញុំទាក់ទាញអ្នកស្រុកហាងឌួង បាក់ចាង បាក់និញ និងហាណូយ មកមើលពួកវាផ្ទាល់»។
លោក លូ មិញជិន ឈ្មួញកណ្ដាលដែលដើរប្រមូលទិញមាន់ដុងតាវតាមផ្ទះអ្នកស្រុកបានលើកឡើងថា រូបរាងដ៏ចម្លែករបស់ស្ដេចមាន់នេះធ្វើឲ្យក្រុមអភិជនចាប់អារម្មណ៍ជានិច្ច។
លោករំឭកថា៖ «កាលពីឆ្នាំ ២០១២ សូម្បីតែព្រះអង្គម្ចាស់ជប៉ុន អាគីស៊ីណូ ក៏យាងមកកាន់ស្រុកនេះដើម្បីទតស្ដេចមាន់ជើងធំដោយផ្ទាល់ដែរ។ ចាប់ពីពេលនោះមក មាន់ដុងតាវកាន់តែមានឈ្មោះល្បីដល់អង់គ្លេសទៀត»៕
_____________________________
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/
Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment