Monday, 17 January 2022

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារអញ្ជើញមកពីក្រុមហ៊ុន ហ័រឡុង និងសហភាគី ដើម្បីសម្តែងការគួរសម និងជួបផ្តល់បទសម្ភាសន៍ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ ព្រឹកថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី   វេង សាខុន បានទទួលជួបក្រុមការងារអញ្ជើញមកពីក្រុមហ៊ុន ហ័រឡុង និងសហភាគី ដើម្បីសម្តែងការគួរសម និងជួបផ្តល់បទសម្ភាសន៍ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម    ជារួមនិងដោយឡែកនោះគឺផលិតផលផ្លែឈើកម្ពុជា និងទីផ្សារ រវាងកម្ពុជា-ចិន។  

ជាបឋម លោកនាយកក្រុមហ៊ុន បានលើកឡើងថាកម្ពុជា ជាមិត្តរបស់ចិន ហើយនៅប៉ុន្មានឆ្នាំ   ចុងក្រោយនេះ ភាគីទាំងពីរបានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពេញលេញ។ កិច្ចសហ ប្រតិបត្តិការចិន-កម្ពុជាលើវិស័យកសិកម្មបានប្រព្រឹត្តទៅក្នុងរបៀបវារៈរបស់ប្រមុខរដ្ឋទាំងពីរនៅ ក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់ និងផ្លូវលើកដំបូង។ ជាក់ស្តែង បច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនបានមកធ្វើការវិនិយោគលើវិស័យកសិកម្ម (ផលិតកម្មដំណាំ វារីវប្បកម្ម មជ្ឈមណ្ឌលទីផ្សារកសិផល ពិពណ៌កសិផល កន្លែងកែច្នៃ វេចខ្ចប់ ធ្វើអនាម័យ កន្លែងសម្លាប់សត្វល្អិតចង្រៃ)។ ការវិនិយោគនេះ គឺមានបំណងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីធានាបានបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងស្តងដារទីផ្សារនាំចេញ។ លោកសង្ឃឹមថា នាពេលអនាគតដ៏ខ្លី សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិនដែលបាននិងកំពងដំណើរការ នឹងធ្វើឲ្យផលិតផលកសិកម្មកម្ពុជា មានវត្តមាននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិនកាន់តែច្រើនឡើងថែមទៀត។ 

ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងភាគីទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ចម្លើយយ៉ាងក្បោះក្បាយ ជាលំដាប់លំដោយ ដោយផ្តើមចេញពីការរកបាននូវសន្តិភាពពេញលេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាចាប់ផ្តើមអភិវឌ្ឍជាជំហានៗលើគ្រប់វិស័យ ជាក់ស្តែងវិស័យកសិកម្មបានប្រែក្លាយពីប្រទេសមួយខ្វះខាតស្បៀង មកជាប្រទេសផលិតស្បៀងដើម្បីធ្វើការនាំចេញ។ ដូចលោកនាយកក្រុមហ៊ុនបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនថា យោងលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ បានទាក់ទាញវិនិយោគិនចិនជា ច្រើនមកវិនិយោគលើវិស័យកសិកម្ម ហើយមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ គឺក្រុមហ៊ុនហ៊ុនទី ដែលបានដាក់ទុនវិនិយោគបង្កើតមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម លើផ្ទៃដី ៨០ហ.ត ដោយធ្វើការបែងចែកទីផ្សារផ្លែឈើ អគារកែច្នៃ អគារវេចខ្ចប់ ឃ្លាំងស្តុក (Cold storage) អគារ ពិពណ៌កសិផលកន្លែងសម្លាប់មេរោគ និងសត្វល្អិតចង្រៃ សម្រាប់ផ្លែឈើដូចជា ស្វាយ មានប៉ៃលិន ចេក ដូង និងផលិតផលវារីវប្បកម្មផងដែរ។ល។ ដើម្បីជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា រដ្ឋាភិបាលចិនបានឧបត្ថម្ភមន្ទីរពិសោធន៍ ថ្នាំការពារជំងឺឆ្លងគោ-ក្របី និងជំងឺដំពកស្បែកគោផងដែរ។ 

តាមរយ:ជំនួយឧបត្ថម្ភនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិន អគ្គរដ្ឋបាលគយដែលបានផ្តល់កិច្ចសហការពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែ ស្វាយកែវរមៀតកម្ពុជា និងមានប៉ៃលិន ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលស្វាយ និងចេកអំបូងលឿងនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការកន្លងមក។ មួយវិញទៀត សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនចិន គឺពិតជានឹងចូលរួមបំពេញបន្ថែមនូវខ្សែច្រវាក់ផលិតកម្មផ្លែឈើ ខ្សែច្រវាក់តម្លៃ និរន្តរភាពផលិតកម្ម និងទីផ្សារនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរនឹងផ្តល់កាលានុវត្តភាពសម្រាប់វិនិយោគិន កសិករ ម្ចាស់ចំការ និងអាជីវករ មានឱកាសពង្រីកសក្តានុពលផលិតកែច្នៃ និងនាំចេញស្របតាមគន្លងប្រក្រតីភាពថ្មី។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នឹងរង់ចាំផ្តល់កិច្ចសហការ ធ្វើយ៉ាងណាឲ្យការវិនិយោគសម្រេចទទួលបានជោគជ័យ៕

               

#ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
#ផ្សាយបន្ដដោយ៖ សេសាន និយាយពីកសិកម្ម


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...