១, អត្ថប្រយោជន៍នៃ ទំពាំងផ្អែម
ទំពាំងផ្អែមត្រូវបានគេប្រើប្រាស់ស្រស់សម្រាប់ជាមុខម្ហូបអាហារ និងមានសារៈប្រយោជន៍ ច្រើនសម្រាប់សុខភាពដូចជា ជួយសម្រកទម្ងន់ កាត់បន្ថយហានិភ័យជម្ងឺមហារីក ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយពង្រឹងសុខភាពបេះដូង មានប្រសិទ្ធភាពសម្រាប់ទប់ទល់នឹងជម្ងឺ ផ្លូវដង្ហើម និងយកសម្រាប់ព្យាបាលការចឹករបស់ពស់ និងខ្យាដំរី ។ ដើមទំពាំងធំវាអាចយក ទៅធ្វើជាទ្រុងសត្វជាដើម ។
២, ការជ្រើសរើសពូជ
ពូជឬស្សីទំពាំងដែលមានប្រភពច្បាស់លាស់ ពេញនិយមសម្រាប់ទីផ្សារពូជដែលធន់ទៅនឹង ការប្រែប្រួល អាកាសធាតុ សត្វល្អិត និងជម្ងឺ ។
៣, ការរៀបចំដី និងការដាំដុះ
- ភ្ជួរដីចំនួន១ទៅ២ដង ដើម្បីបន្ធូរដី និងភ្ជួរត្រឡប់កាកសំណល់ដំណាំ និងស្មៅចូលក្នុងដី រួចហាលដី ៧ ទៅ១០ថ្ងៃ
- ជីករណ្ដៅទំហំ 0.៥ម៉ែត្រ បួនជ្រុង និងជម្រៅ ០.៥ ម៉ែត្រ រួចដាក់ជីកំប៉ុស្តិ៍ ឬលាមកសត្វមួយ បង្គី
- ចន្លោះពីគុម្ភមួយទៅគុម្ភមួយ ៣ម៉ែត្រទៅ ៣,៥ម៉ែត្រ
- ក្នុងមួយហិតាដាំបានចន្លោះ៨៣០ជាងទៅ១,១០០គុម្ភ
- ដាំដោយដាក់កំប្លោក ឬចំបើងដើម្បីរក្សាសំណើមនៃដី
- កូនឬស្សីគួរដាំក្នុងខែប្រាំងចន្លោះពីខែ១១ ដល់ខែ៣ ព្រោះឬស្សីអាចដុះលូតលាស់ និងធន់ទៅនឹងទឹកភ្លៀងក្នុងខែវស្សា។
៤, ការថែទាំ
ក. ការធ្វើស្មៅ៖ ត្រូវជម្រះស្មៅឲ្យបាន១ដង ក្នុង១ឆ្នាំ ។
ខ. ការតាក់តែងមែក៖ ចាប់ពីអាយុ៦ខែ ត្រូវចាប់ផ្ដើម កាត់ដើមខ្លះចេញពីគុម្ពដើម្បី កុំឲ្យណែន ពេក និងជាទូទៅទុកតែ៣ទោ៥ដើមតែប៉ុណ្ណោះ ។
គ. របៀបប្រើជី
មុនដាក់ជី ត្រូវជីករណ្ដៅជុំវិញគល់រួចដាក់ជីលាមកសត្វ ឬកំប៉ុស្តិ៍ រួចយកដីលប់ ដាក់ទន្ទឹមពេលធ្វើស្មៅ ដើម្បីជួយបង្កើនជីជាតិដី ធ្វើឲ្យដីធូរ បង្កើនសត្វល្អិតមានប្រយោជន៍ ក្នុងដី ជំរុញការលូតលាស់ទំពាំង កាត់បន្ថយ សត្វល្អិតចង្រៃ និងជម្ងឺទំពាំង និងរក្សាសំណើម ដីបានល្អសម្រាប់បន្សាំទៅនឹងភាពរាំងស្ងួតដែលជាឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ។
៥, ការគ្រប់គ្រងជីជាតិដី
ការគ្រប់គ្រង ជីជាតិដីបានល្អ រួមមានការប្រើជីគីមី ជាមួយជីធម្មជាតិ នឹងបង្កើនទិន្នផលទំពាំង ផ្អែម ឬធ្វើឲ្យប្រសើរឡើង សមត្ថភាព និងផលិតភាពដី ។
ក. ការប្រើគម្របដី
ការប្រើកំប្លោកឬស្លឹករុក្ខជាតិគ្របលើគល់ទំពាំងបន្ទាប់ពីដាំ ដើម្បីរក្សាសំណើមដីការពារការ ហូរច្រោះ ការពារកុំឲ្យស្មៅដុះ និងផ្ដល់ជីជាតិទៅឲ្យដីវិញ ។
ខ. ការប្រើប្រាស់សារធាតុសរីរាង្គ
ប្រើជីកំប៉ុស្តិ៍ ឬជីលាមកសត្វពុកផុយ ដូជាលាមក គោ លាមកចៀម លាមកជ្រូក និងលាមកមាន់ សំបូរទៅដោយសារធាតុចិញ្ចឹម ដើម្បីជួយឲ្យដីមានលក្ខណៈល្អប្រសើរ ។
៦, ការគ្រប់គ្រងទឹក
ដំណាំទំពាំងផ្អែមអាចធន់ទ្រាំបានចំពោះភាពរាំងស្ងួត តែវាមិនធន់នឹងការជាំទឹកទេ ទោះយ៉ាងណាវាក៏ត្រូវការស្រោចទឹកឲ្យបាន ១៥ដង ក្នុងមួយខែក្នុងរដូវប្រាំង ។ ប្រព័ន្ធទ្រីប ជាជម្រើសស្រោចស្រពមួយដែលជួយសន្សំសំចៃទឹកបានច្រើន ។
៧, បច្ចេកទេសប្រមូលផល និងការគ្រប់គ្រងក្រោយពេលប្រមូលផល
ការប្រមូលផលទំពាំងផ្អែម គឺអាស្រ័យលើពេលវេលាដាំដុះពូជស្រាលអាចប្រមូលផលនៅ អាយុ១០ទៅ ១២ខែក្រោយពេលដាំ និងពូជធ្ងន់អាចប្រមូលផលនៅអាយុ១ឆ្នាំ ឬលើស ក្រោយពេលដាំ ។ ក្នុងមួយគុម្ពអាច ប្រមូលផលបាន ២០គីឡូក្រាមក្នុងមួយគុម្ព និងអាចប្រមូលបានមិនតិចជាង២០ឆ្នាំ ៕
ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាំមកជូនដោយ៖ sesan-សេសាន
[សួស្ដីបងប្អូនទាំងអស់គ្នាដែលមានបំណងចង់បានកូនឫស្សីផ្អែមល្អៗបណ្ដុះតាមបច្ចេកទេសត្រឹមត្រូវយកទៅដាំដុះសូមទំនាក់ទំនងមកយើងខ្ញុំតាមរយ:៖
លេខទូរស័ព្ទ 011930717
ឬTelegram https://t.me/Sesan_group
ឬឆាតចូលFacebook page Sesan-សេសាន]
សូមអរគុណ!!
No comments:
Post a Comment