«បញ្ហា និងដំណោះស្រាយ»៖ បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាមានអ្នកចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛?
ហេតុផលអាចមានច្រើន តែយើងអាចសាកល្បងវិភាគលើចំណុចមួយចំនួនទាំងអស់គ្នាសិន មុននឹងស្វែងរកដំណោះស្រាយជូនពុកម៉ែបងប្អូនអ្នកដាំស្វាយចន្ទី តាមរយៈការចងក្រងគ្នាជាសហគមន៍។
• ការវិភាគសេដ្ឋកិច្ចនៅក្នុងតារាងខាងលើ គឺជាទិន្នន័យដែលយោងតាមការសិក្សាយ៉ាងសុក្រឹត មិនតិចជាង១០ករណីផ្សេងៗគ្នានោះទេ តែការសិក្សាទាំងនោះសុទ្ធតែផ្អែកលើផលិតកម្មស្វាយចន្ទីដែលធ្វើឡើងក្រោមទម្រង់ជាសហគមន៍ និងអ្នកមានចម្ការធំៗ មានបច្ចេកត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធល្អ(M23) ចំណាយថែទាំស្តង់ដាជាប្រចាំ និងទទួលបានទិន្នផលខ្ពស់។
• កត្តាថ្លៃតែមួយមុខពុំទាន់អាចធានាប្រាក់ចំណេញដល់កសិករបាននៅឡើយ ហើយនៅមានកត្តាគុណភាពនៃគ្រាប់ស្វាយចន្ទីមួយទៀត ដែលធ្វើឱ្យអ្នកដាំជាលក្ខណៈគ្រួសារ លក់មិនសូវបានថ្លៃ ដូចអ្នកដាំស្តង់ដានោះទេ។
ការធ្លាក់ចុះនៃថ្លៃស្វាយចន្ទីពិតជាបានប៉ះពាល់ដល់ទឹកចិត្ត និងការរំពឹងទុករបស់កសិករតូចៗ។ កសិករប្រភេទនេះអាចជួបការលំបាកមុនគេ និងងាយរងសម្ពាធខ្លាំងជាងគេ ហើយក៏មិនមានលទ្ធភាពយកគ្រាប់ស្វាយចន្ទីទៅសម្ងួតទុកដើម្បីរង់ចាំថ្លៃល្អមកវិញដែរ ព្រោះពួកគាត់គ្មានទុនបង្វិលនោះទេ។ តាមបទពិសោធនៃឆ្នាំកន្លងមក ថ្លៃអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតាវិញផងដែរ។ នេះគឺជាកត្តាជះឥទ្ធិពលពីខាងក្រៅ និងតែងកំណត់ដោយទីផ្សារអន្តរជាតិ មិនស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើយ។
ជម្រើសល្អបំផុតមួយ សម្រាប់អ្នកដែលទន់ខ្សោយ និងដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប គឺការពិចារណារួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគាត់ពីហានិភ័យទាំងនេះ។ សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាដែលបានលើកឡើងខាងលើ ដោយសារកត្តាមួយចំនួន ដូចជា៖
• ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ
• ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប
• ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ
• ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់
• ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»ដ៏រឹងមាំ។
ពុកម៉ែបងប្អូនកសិករអ្នកដាំស្វាយចន្ទី ដែលមានចំណាប់អារម្មណ៍ និងស្ម័គ្រចិត្តរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប អាចទំនាក់ទំនងផ្ទាល់ជាមួយខ្ញុំ ឬទៅកាន់ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មបាន។ រូបខ្ញុំ និងក្រុមការងារនឹងរង់ចាំបម្រើបងប្អូនកសិករទាំងអស់ឱ្យអស់ពីលទ្ធភាព។
Credit: ឃឹម ហ្វីណង់
No comments:
Post a Comment