នំបំពង់ជាមុខរបរប្រពៃណីរបស់អ្នកភូមិកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ បច្ចុប្បន្ននំបំពង់ កំពុងតែទទូលបានការគាំទ្រនិងមានទីផ្សាររយៈពេល៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីស្ងាត់ទីផ្សារអស់ជាច្រើនឆ្នាំមក។ សព្វថ្ងៃនេះ អ្នកប្រកបរបរធ្វើនំបំពង់នេះ ក៏នៅតែមិនទាន់បំពេញតម្រូវការឈ្មួញ ដែលបញ្ជាទិញបាននៅទ្បើយទេ។ ក្នុងនោះគ្រួសារអ្នកមីង ស្រី ក៏ទទួលបានផលប្រយោជន៍ជាចំណូលពីការធ្វើនំបំពង់លក់ផងដែរ។ សិប្បកម្ម នំបំពង់ ដែលអ្នកខេត្តកំពតហៅថា«នំបាញ់កែប» ធ្វើពីម្សៅ ល្ង និងខ្ទិះដូង និងមានរសជាតិដូចជាស្លឹកតយ សូកូទ្បា ទឹកដោះគោ កាហ្វេ រួមទាំងរសជាតិផ្សេងទៀត។
វាគឺជាមុខរបរតជំនាន់របស់អ្នកខេត្តកំពត។ ជាពិសេសអ្នកភូមិកំពង់គ្រែង ស្រុកទឹកឈូ តែម្តង។ សព្វថ្ងៃនេះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតែប្រកបមុខរបរប្រពៃណីមួយនេះ ដោយសារវាកំពុងតែមានទីផ្សារ។ កំពុងអង្គុយលាយម្សៅ ជាមួយស្លឹកតយ និងគ្រឿងផ្សំផ្សេងទៀត អ្នកមីង ស្រី និងកូនស្រី បានប្រកបរបរធ្វើនំបំពង់ ឬ នំបាញ់កែប នេះអស់រយៈពេល៥ឆ្នាំមកហើយ។ ក្នុងមួយថ្ងៃអ្នកមីង ស្រី ធ្វើនំបំពង់នេះ ចំនួន៥គីឡូម្ស៉ៅ ឬច្រើនជាងនេះ តាមតម្រូវការបញ្ជាទិញពីឈ្មួញ ដែលយកទៅលក់បន្តនៅតាមហាងផ្សេងៗ។
ក្រោយពីធ្វើនំបំពង់ ដោយវេចខ្ជប់ត្រឹមត្រូវរួចរាល់ហើយ ស្ត្រីវ័យ៤០ឆ្នាំរូបនេះ អាចទទួលបានចំណូលពី៥ម៉ឺនរៀលឡើងទៅ តាមលទ្ធភាពនៃការធ្វើនំនេះ។ ដៃម្ខាងកាន់ដង្កៀប ហើយដៃម្ខាងទៀតកាន់ពុម្ពធ្វើនំ ដែលនៅលើចង្ក្រាន មានភ្លើងចេញពីធ្យូង នៅក្នុងផ្ទះថ្មខ្លួន ស្រ្តីមេម៉ាយរូបនេះ បានប្រាប់ដូច្នេះថា៖«ខ្ញុំធ្វើនំបំពង់នេះទៅតាមលទ្ធភាពដែលអាចធ្វើបានតែប៉ុណ្ណោះ ទើបធ្វើមិនទាន់អ្នកដែលគាត់ទិញយកទៅលក់បន្តទេ ។ និយាយទៅមានប៉ុន្មានគាត់(ឈ្មួញ)យកប៉ុណ្ណឹង ចំណែកឯតម្លៃវិញ គឺទៅតាមការកម្មង់របស់ភ្ញៀវ បើចង់បានរសជាតិពិសេសគឺដាក់គ្រឿងផ្សំឲ្យច្រើនតាមតម្រូវការទៅ»។
តាមរយៈរបរធ្វើនំបំពង់លក់នេះ វាជាផ្នែកសេដ្ឋកិច្ចសំខាន់មួយ ដែលជួយជំរុញលទ្ធភាពរបស់អ្នកមីង ស្រី អាចចិញ្ចឹមកូនស្រីម្នាក់ ដែលកំពុងអង្គុយជួយធ្វើនំអ្នកស្រី បានបញ្ចប់ការសិក្សាថ្នាក់ទី១២ ។ តាមពិតទៅមុនប្រកបរបរធ្វើនំបំពង់នេះ ស្ត្រីមេម៉ាយរូបនេះ គឺគ្រាន់តែជាអ្នកស៊ីឈ្នួលធ្វើនំឲ្យគេ ដោយទទួលបានកម្រៃ១០០រៀល ក្នុងមួយកញ្ចប់ប៉ុណ្ណោះ កាលពីជាង១០ឆ្នាំមុន។ ប៉ុន្តែដោយសារនំបំពង់កាលណោះ គ្មានទីផ្សារល្អ ទើបអាជីកម្មធ្វើនំត្រូវផ្អាកដំណើរការ ហើយអ្នកមីង ស្រី ក៏ងាកទៅធ្វើការងាររោងចក្រមួយរយៈ។
«ខ្ញុំបានឈប់ធ្វើនំបំពង់នេះម្តងហើយ ព្រោះតែគ្មានអ្នកបញ្ជាទិញនិងគ្មានទីផ្សារលក់ ដោយឃើញថានំបំពង់ចាប់ផ្តើមមានទីផ្សារនិងមានហាងគេទិញយកទៅលក់បន្តវិញទៀតនោះ ទើបខ្ញុំចាប់ផ្តើមប្រកបរបរនេះរយៈពេល៥ឆ្នាំ ហើយមកដល់សព្វថ្ងៃឃើញថា មានទីផ្សារហើយ អ្នកភូមិក៏ចាប់ផ្តើមធ្វើនំច្រើនដែរ»។ នេះជាការបញ្ជាក់របស់ស្ត្រីរាងស្ដើង វ័យ៤០ឆ្នាំ ដែលកំពុងចូលជាសមាជិកសមាគមស្ត្រីធ្វើនំបំពង់នៅខេត្តកំពត ដើម្បីផលិតនំ ចែកចាយនិងផ្គត់ផ្គង់តម្រូវការទីផ្សារទូទាំងប្រទេស៕
Credit: Thmeythmey25
ផ្សាយបន្តដោយ៖ សេសាន
Sesan Facebook page: https://www.facebook.com/sesan.cambodia/
Telegram group: https://t.me/Sesan_group
Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1
Telegram admin: https://t.me/klartdean
សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share
Sesan Tik Tok: https://vt.tiktok.com/ZSdxr6vE6/
Sesan Youtube Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw
No comments:
Post a Comment