Friday, 2 October 2020

វិធីសាស្ត្រគ្រប់គ្រងទឹកក្នុងស្រែ

 

ទឹកជាធនធានចាំបាច់ក្នុផលិតកម្មដំណាំស្រូវ។ ទឹកដើរតួនាទីដ៏សំខាន់ទៅក្នុងដំណើរការលូតលាស់របស់ដំណាំដូចជា ធ្វើឲ្យរុក្ខជាតិធន់នឹងកំដៅតាមរយៈការបំភាយចំហាយទឹកចេញពីផ្ទៃស្លឹក ជាភ្នាក់ងារក្នុងដំណើររស្មីសំយោគ ព្រមទាំងសម្របសម្រួលដល់ការស្រូប និងដឹកជញ្ជូនសារធាតុចិញ្ចឹម។ ម្យ៉ាងទៀតកម្ពស់ទឹកក្នុងស្រែមានទំនាក់ទំនងទៅនឹងលទ្ធភាពបែកគុម្ពរបស់ស្រូវ និងការលូតលាស់របស់ស្មៅចង្រៃ។  ដូច្នេះ ការគ្រប់គ្រងទឹក គឺជាកត្តាចំបងដែលកសិករត្រូវយកចិត្តទុកដាក់ក្នុងផលិតកម្មដំណាំស្រូវ។

តម្រូវការទឹករបស់ដំណាំស្រូវប្រែប្រួលខុសគ្នាអាស្រ័យលើពូជ និងវគ្គលូតលាស់។ ពូជស្រូវចំការត្រូវការទឹកតិច។ ការដាំដុះស្រូវប្រភទនេះ ធ្វើឡើងដោយគ្មានប្រព័ន្ធភ្លឺ និងពឹងផ្អែកលើទឹកភ្លៀង ឬការស្រោចស្រពដូចដំណាំចំការដ៏ទៃទៀត(ស្រោចស្រពមិនឲ្យជោគជាំពេក គឺត្រឹមសើមដីល្មម)។

មួយផ្នែកធំនៃពូជស្រូវចំការមានការលូតលាស់ខ្សោយ និងផ្ដល់ទិន្នផលទាបនៅក្នុងលក្ខខណ្ឌមានទឹកច្រើន។ ចំណែកពូជស្រូវទំនាបពឹងទឹកភ្លៀង ដូចជា ផ្ការំដួល រាំងជ័យ ខា៤ ផ្កាច័ន្ទសែនសរ និងពូជស្រូវប្រាំងដូចជា អ៊ីអ៊ែរ៦៦ សែនពិដោរ ជលសារ ជាពូជស្រូវត្រូវការទឹកមធ្យម ឬច្រើន ដែលទាមទារឲ្យមានប្រព័ន្ធភ្លឺមាំល្អ ហើយជាពិសេសតម្រូវឲ្យមានប្រព័ន្ធស្រោចស្រពថែមទៀត។ 

ដើម្បីស្ទូងស្រូវទំនាបពឹងទឹកភ្លៀង និងស្រូវប្រាំងដោយប្រើសំណាបខ្ចី (ដើមទាប) ស្របតាមបច្ចេកទេស ទឹកក្នុងស្រែ គួររក្សាក្នុងកម្រិត ១-៥ ស.ម។ ក្នុងករណីមានប្រព័ន្ធបញ្ចេញបញ្ចូលទឹកគ្រប់គ្រាន់ នៅក្នុងដំណាក់កាលបែបគុម្ព គួររក្សាទឹកក្នុងស្រែកម្ពស់ប្រមាណ ២-៥ ស.ម។ នៅក្នុងអំឡុងពេលនៃវគ្គលូតលាស់ កសិករគួររក្សាទុកស្រែឲ្យស្ងួតទឹកក្នុងរយៈពេលពី ២-៣ថ្ងៃ ទើបបញ្ចូលទឹកជាថ្មី (សម្រាប់ស្រែដែលមានប្រព័ន្ធស្រោចស្រពត្រឹមត្រូវ) ដើម្បីឲ្យប្រព័ន្ធឬសរបស់ស្រូវលូតលាស់ល្អ និងបែកគុម្ពបានច្រើន។ ត្រូវជៀសវាងការបង្ហូរទឹកចឹញពីស្រែ នៅពេលដែលគ្រោះរាំងស្ងួតទំនងនឹងកើតមានឡើង។ ចាប់ពីដំណាក់កាលកកើតកួរដល់ដំណាក់កាលដាក់ទឹកដោះ ស្រូវត្រូវការទឹកជាប្រចាំ ដើម្បីបង្កើនសមាសភាគទិន្នផល។ ដូច្នេះ កសិករត្រូថែរក្សាទឹកក្នុងស្រែយ៉ាងហោចណាស់ពី ៥-១០ស.ម ជាពិសេសនៅចុងរដូវវស្សាជិតអស់ទឹកភ្លៀង។ លើសពីនេះទៅទៀត សម្រាប់ស្រែទំនាបពឹងទឹកភ្លៀង ដែលគ្មានប្រព័ន្ធស្រោចស្រព កសិករគួរជីកស្រេះទំហំ ២០ម x ១០ម ឬត្រូវជីកប្រឡាយទទឹង ១ម ជុំវិញស្រែ ដើម្បីផ្ទុកទឹកសម្រាប់ជួយសង្រ្គោះនៅពេលជួបរាំងស្ងួតក្នុងរយៈពេលខ្លី ហើយអាចចិញ្ចឹមសត្វ និងត្រី ឬប្រមូលត្រីធម្មជាតិបានទៀតផង។

ការគ្រប់គ្រងទឹកបានល្អមានសារៈប្រយោជន៍ដូចជា៖
-កសិកចំណេញថវិកាដែលត្រូវចំណាយក្នុងការស្រោចស្រព
-កាត់បន្ថយចំណាយលើការធ្វើស្មៅ
-ដំណាំលូតលាស់បានល្អបែកគុម្ពច្រើននិងផ្ដល់ទិន្នផលខ្ពស់
-កាត់បន្ថយហានិភ័យក្នុងការខ្វះទឹកដែលអាចធ្វើឲ្យស្រូវងាប់ ឬស្កក។

ប្រភព៖ https://web.maff.gov.kh/book/Rmuk4HJ0GA

បញ្ចូលរូបភាព និងនាំមកជូនដោយ៖ Sesan


No comments:

Post a Comment

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...