Thursday, 27 October 2022

បច្ចេកទេសដាំដុះដំណាំមង្ឃុត🌱

ផ្លែមង្ឃុត មានរសជាតិផ្អែម ឆ្ងាញ់ជាប់ចិត្ត និងមានតម្លៃគួរសម្យនៅលើទីផ្សារបច្ចុប្បន្ន។ ផ្លែមង្ឃុតមានសារជាតិចិញ្ចឹមទ្រទ្រង់ សុខភាពសំខាន់ៗ ដូចជា វីតាមីន B និង C ជាតិសរសៃ កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក សង្ក័សី ប្រូតេអ៊ីន ខ្លាញ់ ផូស្វ័រជាដើម។

លើសពីនេះមង្ឃុត ជួយទប់ស្កាត់ ប្រឈមមុខនឹងជម្ងឺធាត់ និងលើសទម្ងន់ ជួសជុលគ្រឿងក្នុងសារពាង្គកាយ កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ បង្កើនកោសិកាឈាមក្រហម និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង និងជម្ងឺឆ្លងផ្សេងៗទៀត ជម្រុញដល់ការជួសជុលកោសិកាដែលងាប់ និងការពារ ប្រឆាំងនឹងជម្ងឺដាច់សរសៃឈាម ជំនួយដល់សុខភាពឆ្អឹង ជំនួយដល់ប្រព័ន្ធចងចាំ ជំនួយដល់សុខភាពស្បែក ធ្មេញ ប្រឆាំងនឹងរ៉ាឌីកាល់ ដែលធ្វើមនុស្សមានអារម្មណ៍តានតឹងផងដែរ។
ខាងក្រោមនេះជាបច្ចេកទេសក្នុងការដាំដុះមង្ឃុត៖

ការជ្រើសរើសពូជ
✔ពូជដែលមានភាពរឹងមាំ អាចធន់ទ្រាំទៅនិងជំងឺផ្សេងៗ
✔ពូជដែលធន់ទ្រាំទៅនិងអាកាសធាតុ
✔ងាយចេញផ្កា និង កាន់ផ្លែបានច្រើន
✔ទំងន់ផ្លែទំហំធំល្អ
✔មានក្លិននិងរស់ជាតិឈ្ងុយឆ្ងាញ់ពិសារ
✔ផ្លែទុំទុកបានយូរ
✔មិនសូវមានសរសៃឆ្មារ
✔ពណ៌ស្អាតទាក់ទាញភ្នែក

ការបណ្តុះកូនមង្ឃត
ត្រូវជ្រើសរើសផ្លែទុំល្អ ធំល្អ មានក្លិនឆ្ងុយ រសជាតិផ្អែមឆ្ងាញ់
យកគ្រាប់ចេញ បកយកសំបកសាច់ចេញ រួចហើយលាងទឹកឲ្យស្អាត
យកគ្រាប់នោះ ទៅកប់ក្នុងថង់បណ្តុះ កប់រាក់ៗជម្រៅ០,៥ ស.ម រួចលប់ដីបន្តិច
ស្រោចទឹកជាប្រចាំ ២០ថ្ងៃក្រោយ កូនមង្ឃុតដុះពន្លកបាន៥-៧ស.ម បំបែកដាក់ថង់បណ្តុះធំជាងមុន
ថែទាំរហូតដល់កូនមង្ឃុត កំពស់ ៥០-៧០ស.ម អាចដាំបានហើយ

ការរៀបចំរណ្តៅ
🌱ត្រូវជីករណ្តៅ ទំហំ១ម៉ែត្រ បួនជ្រុង ជម្រៅ ០,៥ម៉ែត្រ ទៅ ០,៧ម៉ែត្រ
🌱ចន្លោះជួរ និងចន្លោះរង ៨x ៨m
🌱យកដីស្រទាប់លើដាក់មួយដុំ និងស្រទាបក្រោមដាក់មួយដុំ
🌱បន្ទាប់មកយកលាមកសត្វ ឬជីកំប៉ុសគោក ចំនួន២បង្គី ២០គ.ក្រ
🌱បន្ទាប់មកច្របល់ជាមួយដី ស្រទាប់ផ្នែកខាងលើ ដាក់ទៅបាតរណ្តៅ
🌱ដាក់កំទេចកំទីរុក្ខជាតិ ឲ្យណែនរហូតពេញរណ្តៅ
🌱បន្ទាប់ពីដាំបាន ៧ ទៅ ១០ ថ្ងៃ ដាក់ជី ១៥-១៥-១៥ ពី ១០-១៥ ក្រាម/ដើម
🌱បន្ទាប់ពីដាំបាន ២ ទៅ ៣ ខែ ដាក់ជី ១៥-១៥-១៥ ពី ០,៥-១គីឡូក្រាម/ដើម
🌱ឆ្នាំទី១ ឡើងទៅ គឺដាក់ជី ១៥-១៥-១៥ ពី ១-២ គីឡូក្រាម និងជីលាមកសត្វ ១០-២០គីឡូក្រាម/ដើម ដាក់របៀបនេះ រហូតដល់ឆំា្នទី ៤-៥
🌱ឆ្នាំបន្តបន្ទាប់ទៀត ដាក់ជីដំណាំមង្ឃុតត្រូវធ្វើឡើងដូច
តទៅ គឺ ២ដងក្នុងមូយឆ្នាំ ជារៀងរាល់ឆ្នាំ នៅពេលប្រមូល ផលរួច និងធ្វើការសំអាតគល់កាត់តែងមែកដោយដាក់ ជី ១៥ ១៥ ១៥ ចំនួន៣គីឡូក្រាម/១ដើមអាស្រ័យទៅដោយប្រភេទដើមតូចឬធំ
🌱ចំងាយពីគល់ដើមដល់ចុងមែក ១ ម៉ែត្រដាក់ជី ១ គីឡូកា្រម
🌱ចំងាយពីគល់ដើមដល់ចុងមែក ២ ម៉ែត្រដាក់ជី ២ គីឡូកា្រម
🌱ចំងាយពីគល់ដើមដល់ចុងមែក ៣ ម៉ែត្រដាក់ជី ៣ គីឡូកា្រម

ការប្រមូលផលមង្ឃុត
អាយុ៥ឆ្នាំ ទៅចាប់ផ្តើមផ្តល់ផលហើយ ឆ្នាំដំបូង អាចផ្តល់ផ្លែពី១០-២០ផ្លែក្នុង១ដើម
ទិន្នផលផ្លែ កើនឡើងជារៀងរាល់ឆ្នាំអាស្រ័យការថែទាំ អាចដល់១០០០ផ្លែក្នុង១ដើម នៅអាយុ១៥ឆ្នាំ
ប្រមូលផលច្រើន ធ្វើឡើងពីខែ កញ្ញា ទៅតុលា
បន្ទាប់ពីចេញផ្កា៥-៦ឆ្នាំ អាចប្រមូលផលបានហើយ
ផ្លែចាស់ប្រែពណ៌ពី ខៀវខ្ចី ទៅក្រហមត្នោត និងមានសំបករាងទន់បន្តិចពេលច្របាច់
គេអាចបះវារាល់ថ្ងៃដោយសារផ្លែវាទុំមិនស្រុះបះបណ្តាក់គ្នារហូតអស់៕



គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw




Wednesday, 19 October 2022

វិធីបណ្តុះកូនចេក ពី ក្តិលចេក (PIF technical)🌱🌱

បច្ចេកទេសធ្វើអោយគេអាចបណ្តុះកូនចេក ចេញពីក្តិលចេក ១ដើម បានកូនចេកចំនួន ចាប់ពី ១០ដើម រហូតដល់ ៣០ដើម ដោយប្រើពេលតែ ២ខែប៉ុណ្ណោះ។

ការបំបែកដោយក្តិល (PIF technical) មានប្រសិទ្ធភាពបន្ទាប់ពី បច្ចេកទេសបំបែកជាលិកា (tissue culture) ដែលការបំបែកជាលិកា កូនចេកក្រមុំមួយដើម អាចបំបែកកូនចេកបាន ចាប់ពី ៦០ដើម ទៅ ១០០ដើម។
ការបំបែកដោយក្តិល (PIF technical) មានដំណាក់កាលដូចតទៅ៖

១) ការរៀបចំ រោងថ្នាលបណ្តុះ៖
រោងបណ្តុះ អាចធ្វើពីឬស្សី ជារោង ៤ជ្រុង ឬ រោងដូចក្នុងរូបភាព កំពស់មួួយម៉ែត្រ ២តឹកពីដី។  ត្រូវរៀបចំនៅទីតាំង ដែលអោយត្រូវពន្លឺថ្ងៃ តែ ២០% ទៅ ៣០%ប៉ុណ្ណោះ ដោយប្រក់ស្លឹក គ្របធាងដូង ឬ គ្របស្បៃកាត់បន្ថយកំដៅច្រើនជាន់ ឬប្រក់ក្រណាត់គូតុងក្រាស់ៗ ពី ខាងលើ។ មានក្បាំងសម្រាប់ដាក់អាចម៍រណា ដែលខ្ពស់ផុតពីដី ពី ២តឹក ទៅ ៣តឹក។  ត្រូវមានថង់ផ្លាស្ទិកក្រាស់ សម្រាប់គ្របអោយជិត កុំអោយខ្យល់ចូល។

២) ការសំលាប់មេរោគផ្សិត និង បាក់តេរី ពីអាចម៍រណា សម្រាប់ជាសារជាតិចិញ្ចឹមបណ្តុះ ៖
អាចម៍រណាឈើ មានប្រសិទ្ធភាពជាងគេបំផុត ក្នុងការបណ្តុះកូនចេក។  អាចម៍រណា មានជ័រឈើ ដែលជាសារជាតិចិញ្ចឹមល្អបំផុតក្នុងការបណ្តុះឬស និងចិញ្ចឹមដើម និងស្លឹក។ 
ហាមយកចំបើង ដែលរើចេញពីរោងបណ្តុះផ្សិត មកបណ្តុះកូនចេក ព្រោះសំបូរមេរោគផ្សិត។ មុននឹងដាក់ក្តិលចេក ចូលទៅបណ្តុះ ត្រូវសម្លាប់មេរោគអាចម៍រណាសិន។  អាចម៍រណាអាចលាយនឹងកន្ទក់បាន។  ត្រូវចំហុយអាចម៍រណានោះ រយៈពេល១៥នាទី ទៅ៣០នាទីសិន ដោយធុងដាក់លើភ្លើង ឬចំហុយដោយទឹកពុះ ឬចំហុយដោយឃ្លុំបេជិតកំដៅពី ៨០អង្សាសេ ទៅ ១២០អង្សាសេ។  បន្ទាប់ពីចំហុយសម្លាប់មេរោគរួចរាល់ហើយ ត្រូវយកអាចម៍រណានោះ ទៅចាក់ក្រាល ក្នុងថ្នាលបណ្តុះចេក ដោយគ្របថង់ផ្លាស្ទិក រុំកៅស៊ូបិតអោយជិត កុំអោយខ្យល់ចូល។

៣) ការចិតក្រឡឹងសំបកចេកចេញពីក្តិល ៖
បន្ទាប់ពីគាស់ដើមចេកយកមកលាងទឹកអោយជ្រះដី រួចរាល់ហើយ គឺត្រូវចិតក្រឡឹង បកសំបក ម្តងមួយស្រទាប់ៗ កុំអោយដាច់ភ្នែកកូនចេក តែខាងក្រោមក្តិល ត្រូវចិតឬសចេកចាស់ៗ ចេញអោយអស់។  កាំបិតដែលចិត ត្រូវស្ងោរសំលាប់មេរោគសិន មុននឹងចិត ឬលាងនឹងអាល់កុល ឬទឹកអូសាវែល រួចដុតភ្លើង។  បន្ទាប់ពីចិតក្តិលចេករួចរាល់ហើយ ត្រូវលាងទឹកវាអោយស្អាតជ្រះដីល្អ។  ការចិតនេះ អាចប្រើកាំបិតស្តើង ពុះជា៤តែមិនមែនពុះអោយដាច់ទេ គឺពុះសាច់ខាងលើ ដើម្បីចែកប្លុកកោសិកា។
៤) ការសម្លាប់មេរោគផ្សិត បាក់តេរី ពីក្តិលចេក និងការរៀបចំក្តិលចេកចូលថ្នាលបណ្តុះ ៖
ការសម្លាប់មេរោគចេញពីក្តិលចេក ដែលបានចិតរួច អាចប្រើវិធី ៣យ៉ាង ១អាចក្រឡុកលាងនឹងអាល់កុល (បើមានលទ្ធភាព) ២អាចក្រឡុកលាងជាមួយនឹងទឹកអូសាវែលដែលលាយជាមួយនឹងទឹកបិត(បើមានលទ្ធភាព)។  ៣អាចដាំទឹកអោយពុះ ហើយយកក្តិលចេកទាំងនោះ ដាក់ចូលត្រឡប់ឡើងចុះរយៈពេល ១៥វិនាទី ទៅ៣០វិនាទី សឹមលើកចេញមកវិញ។  អាល់កុល និង អូសាវែលអាចក្រឡុក រយៈពេល ៣នាទីបាន យ៉ាងយូរបំផុត៥នាទី ដើម្បីអោយងាប់មេរោគ ជាពិសេសមេរោគផ្សិត ដែលជាហេតុធ្វើអោយក្តិលចេករលួយ។

៥) ការកាត់កូនចេក ដែលដុះមកធំជាងគេចេញ ដើម្បីអោយកូនចេកដុះច្រើន ៖
បន្ទាប់ពីសម្លាប់មេរោគរួចរាល់ហើយ យើងត្រូវយក ក្តិលចេកមកដាក់តំរៀបក្នុងថ្នាល ដោយកប់ចូលជ្រៅទៅក្នុងអាចម៍រណា ដោយទុកខាងលើបន្តិច មិនអោយលិចកប់បាត់ទាំងស្រុងទេ។ 
បន្ទាប់ពីកប់ហើយ ត្រូវស្រោចទឹក ដោយប្រើទឹកថ្លាល្អ បើមានទឹកភ្លៀងត្រងទុក យកទៅស្រោច ជាការល្អ ព្រោះទឹកភ្លៀង មានវីតាមីនផង និងជីវជាតិផង។  ហាមយកទឹកល្អក់ ដែលមានលាយដីយកទៅស្រោច ព្រោះអាចងាយនឹងកើតផ្សិត។
ត្រូវស្រោចទឹក អោយអាចម៍រណាសើមជាប្រចាំ។
១សប្តាហ៍ក្រោយមក ក្តិលចេកក៏ចាប់ផ្តើម ដុះឬស។ ២ទៅ ៣សប្តាហ៍ក្រោយមក ក៏មានកូនចេក ដុះឡើងមក។  តែកូនចេកដែលដុះ ដំបូងនេះ មិនមានចំនួនដើមច្រើននោះទេ ដូច្នេះ កូនចេកដំបូងនេះ ត្រូវយកកាំបិតកាច់ផ្លែ ឬកាំបិតស្តើងៗ កាត់ចេញ ហើយពុះគល់កូនចេកនោះជា៤។  រយៈពេលក្រោយមកក្តិលចេកនោះ ដុះកូនកាន់តែច្រើន។  រាល់ពេលស្រោចទឹករួចរាល់ ត្រូវបិតថង់អោយជិត កុំអោយខ្យល់ចូល។
៦) ការបំបែកកូនចេក ចេញពីក្តិល ដាក់ចូលកន្ទោង ៖
បន្ទាប់ពីកូនចេកដុះច្រើនមក យើងអាចយកកាំបិតកាច់ផ្លែ ឬ កាំបិតមុតស្តើង ច្រឹបកូនចេក អោយដោយសាច់ក្តិលមួយជ្រុងមូល រូចដាក់ដាំចូលក្នុងកន្ទោង ដែលមានដីលាយជីកំប៉ុស្ត៍ សម្លាប់មេមេរោគរួចរាល់ ដោយតំរៀបគ្នាក្នុងថ្នាលថ្មី គ្របថង់ផ្លាស្ទិកបិតជិតខ្យល់ដូចគ្នា ហើយមានដំបូលពីខាងលើ មិនអោយត្រូវពន្លឺថ្ងៃ។  ដាក់បែបនេះ រយៈពេល ពី ១សប្តាហ៍ ទៅ ១០ថ្ងៃ រហូតដល់ចាប់ឬស ដោយមានការស្រោចទឹក ជាទៀងទាត់ធម្មតា។

៧) ការដាំកូនចេកពីកន្តូងចូលថង់ខ្មៅ ៖
បន្ទាប់ពីកូនចេក ចាប់ឬស នៅក្នុងកន្ទោង ល្មមហើយ យើងអាចដាំ កូនចេកនេះ ចូលទៅក្នុងថង់ខ្មៅ ដែលមានចោះប្រហោង ដោយដាក់តំរៀប នៅក្រោមស្បៃកាត់បន្ថយ ពន្លឺថ្ងៃ រហូតដល់កូនចេកនេះ រឹងមាំ ល្មមដាំ ស្លឹក៣ ស្លឹក៤ ស្លឹក៥។

៨) ការបន្សាំអាកាសធាតុអោយកូនចេក ៖
មុននឹង យកកូនចេកនេះ យកទៅដាំលើដី ត្រូវរៀបចំភ្ជួររាល់ដី ជាច្រើនលើកច្រើនសារ រួចស្វាន រណ្តៅ ឬជីករណ្តៅរួចរាល់។  ត្រូវបកស្បៃ អោយកូនចេកទាំងនេះ ត្រូវពន្លឺថ្ងៃ ពី ១ថ្ងៃ ទៅ ៣ថ្ងៃសិន ទើបយកទៅដាំ។

បញ្ជាក់ ៖ ពេលវេលា ដែលចាប់ផ្តើមបណ្តុះបានល្អ គឺ ចាប់ពីចុងខែ៥ រហូតដល់ ខែ ១២។  ហាមបណ្តុះនៅ ចុងខែ ២ ខែ ៣ និងខែ ៤ ព្រោះអាកាសធាតុក្តៅខ្លាំងណាស់ ធ្វើអោយក្តិលចេកដែលបណ្តុះនោះរលួយខូចអស់៕
សូមអរគុណ!! 


គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw





Saturday, 15 October 2022

ដំណាំខ្ទឹមស​ (បច្ចុប្បន្ននេះប្រទេសកម្ពុជានាំចូលខ្ទឹមច្រើនណាស់)🌱🌱

១,កត្តាដី៖ ដំណាំខ្ទឹមសអាចដុះលូតលាស់បានលើដីច្រើនប្រភេទ ប៉ុន្តែអាចមានបញ្ហាខ្លះៗលើដីដែលមានភាគរយឥដ្ឋខ្ពស់ និងប្រភេទដីខ្សាច់គ្មានជីជាតិ។ ដីដែលឆ្លើយតបទៅនឹងដំណាំប្រភេទនេះ គឺជាប្រភេទដីល្បប់ល្បាយខ្សាច់ ដីល្បប់តាមមាត់ទន្លេ។ ចំពោះដីដែលមាន pH ពី៥ ទៅ៧ បានជះឥទិ្ឋពលខុសគ្នាបន្តិចបន្តួច ទៅលើការលូតលាស់ និងទិន្នផលនៃខ្ទឹមស។

គេអាចដាំខ្ទឹមសនៅប្រទេសកម្ពុជាយើងបានតែមួយរដូវប៉ុណ្ណោះ គឺចាប់ពីខែវិច្ចិកា ហើយប្រមូលផលនៅខែកុម្ភៈ។

២,អំពីអាកាសធាតុ៖ នៅក្នុងដំនាក់កាលលូតលាស់ ដំណាំនេះត្រូវការ សីតុណ្ហភាពមួយជាជាក់លាក់ និងសំណើមបរិយាកាសខ្ពស់ រហូតដល់ខ្ទឹមបង្កើតមើម។

ក្រោយពីមើមពេញលក្ខណៈហើយ វាត្រូវការអាកាសធាតុក្តៅបង្គួរ ហើយសំណើមបរិយាកាសស្ងួត។

🌱ការជ្រើសរើសពូជ

មើមដែលត្រូវយកមកដាំ គឺឆ្លងកាត់ការសម្រាករយះពេល៤ទៅ៥ខែ ក្នុងលក្ខខណ្ឌធម្មតា។ ពូជខ្ទឹមសដែលគេសម្គាល់បានថា ពូជស្រាល មធ្យំ ឬពូជធ្ងន់នោះ គឺគេសម្គាល់ដោយក្លែប នៃមើមរបស់វា ដែលគេហៅថាកំពិស។

👉ពូជស្រាល៖ មើមរបស់វាមានក្លែប ឬកំពិសផ្នែកខាងក្រៅធំខាងក្នុងតូចគ្មានជួរទេមានអាយុ៩០ ថ្ងៃជាពូជក្នុងស្រុក។

👉ពូជ មធ្យម៖ មើមរបស់វាខ្លី ក្លែបខាងក្នុង និងខាងក្រៅធំ ប្រហែលគ្នា តែក្លែបក្នុងវែងជាងក្លែបក្រៅ។ ពូជនេះមានប្រភពពីប្រទេសវៀតណាមខាងត្បួងមានអាយុ១១០ថ្ងៃ។

👉ពូជធ្ងន់ ៖ មើមធំវែងក្លែបនៃមើមរបស់វាធំស្មើគ្នាប្រវែងស្មើគ្នាទាំងក្លែបក្នុង និងក្រៅ ពូជនេះមិនអាចដាំដុះនៅក្នុងប្រទេសកម្ពុជាយើងបានទេព្រោះវាមានអាយុកាលដល់ទៅ ៥ទៅ៦ខែគេច្រើនដាំនៅប្រទេសចិនភាគខាងជើង។

🌱វិធីដាំ

គេភ្ជួរ និងរាស់ដីឲ្យបានជ្រៅ និងច្រើនលើកហើយបំបែកដីឲ្យល្អិត ទើបគេលើករង មានន័យថារបៀបឈូតរងគឺលើកឲ្រខ្ពស់ កម្ពស់២០ទៅ២៥ ស.មទទឹងរងគឺ៨០ទៅ១០០ស.ម បណ្តោយរងប្រវែង១៥ម ជាមធ្យម។ ក្រោយពីលើករងហើយ គេត្រូវវាយបំបែកដីនោះឲ្យល្អិតហើយគេកៀរឲ្រស្មើរ ហាលដីឲ្យស្ងួតរយះពេល២ទៅ៣ថ្ងៃ ទើបគេយកមើមខ្ទឹមទៅដាំ។

👉មុននឹង យមមើមខ្ទឹមទៅដាំលើថ្នាល គឺគេយកមើមខ្ទឹមទាំងនោះមកប្រឡះឲ្យបែកចេញពីគ្នាជាក្លែបៗ ឬជាកំពិសៗ បន្ទាប់មកទៀតគេកាត់ក្បាលមើមខ្ទឹមបន្ទិចៗ ហើយទៅត្រាំក្នុងសូលុយស្យុង នីត្រូសែន កម្រិត១ភាយរយ(១គ.ក្រ ជីអ៊ុយរ៉េ លាយទឹក ១០០លីត្រ)រយៈពេល៨ទៅ១០ម៉ោងក្រោយមកយកមើមខ្ទឹមទាំងនោះច្រកចូលក្នុងបាវ ឬការ៉ុងសើមហើយរក្សារទុកកន្លែងងងឹត រយៈពេល១២ម៉ោង ពេលនោះខ្ទឹមនឹងដុះចេញពន្លកស្លឹកត្រង់កន្លែងកាត់ និងផ្នែកខាងក្រោម គឺដុះចេញឬសមួយចំនួន។

ក្រោយពីធ្វើបែបនេះ រួចមក គេយកខ្ទឹមទៅដាំ តែមុននឹងដាំត្រូវស្រោចទឹកឲ្យជោគដីលើកថ្នាលបន្ទាប់មកគេចុចឲ្យ មានរន្ឋជម្រៅ២ស.ម ក្នុងចន្លោះ១៥ស.ម គុណ ២០ស.ម ជាចន្លោះជួរ និងគុម្ពបន្ទាប់មកទើបយកកំពិសខ្ទឹមនោះទៅដាក់ក្នុងរន្ឋឲ្យបាន លិចស្មើរដី ហើយព្រាចចំបើងលើដើមការពារស្ងួតមុខដើមខ្ទឹម ធ្វើឲ្យខ្ទឹមដុះលូតលាស់យឺត។ ដំណាំខ្ទឹមសគេពុំចាំបាច់បាចថ្នាំមុនពេញដាំឡើយ១ហ.ត គេត្រូវការពូជចំនួនពី ៣៥០ ទៅ ៤៥០គ.ក្រ។

🌱របៀបស្រោចទឹក

ក្រោយពីដាំហើយ ខ្ទឹមត្រូវការទឹកភ្លាម គឺគេស្រោចជាធម្មតា ២ថ្ងៃ២លើក សំណើមដីប្រមាណពី៧០ ទៅ៧៥ភាគរយ រហូតដល់ខ្ទឹមមានអាយុ៥០ទៅ៥៥ថ្ងៃ គេចាប់ផ្តើមបង្កើនការស្រោចទឹក គឺសំណើមដីពី៧៥ទៅ៨៥ភាគរយ ដើម្បីឲ្យមើមខ្ទឹមរើកកាន់តែធំ ហើយរហ័សទៀតផង។ ក្រៅពីនេះគេអាចបញ្ជូលទឹកក្រោយពីដាំបានរយៈពេល៥០ទៅ៥៥ថ្ងៃ គឺគេអាចបញ្ជូលទឹកឲ្យលិចមើមខ្ទឹម រួចបញ្ជេញទឹកនោះចោលភ្លាម វាខុសពីដំណាំ ដែលគេមិនស្រោចឲ្យជោគជាំពេកនោះទេ។

ដំណាំប្រភេទ នេះវាត្រូវការទឹកចាប់ពីពេលដុះលូតលាស់ រហូតដល់ពេលវាចាប់ផ្តើមទុំ គឺស្លឹកប្រែពណ៌ពីបៃតង ទៅល្បឺចំនួន ៧០ភាគរយ ទើបគេលែងស្រោចទឹក។ 

🌱ការប្រើប្រាស់ជី

ចំពោះដំណាំខ្ទឹមស វាត្រូវការជីពេញទំហឹង ក្នុងដំណាក់កាលលូតលាស់និងពង្រីងមើមនូវសារធាតុពិសេសដូចជា N. P. K និងMg ។

🌱វិធីសាស្ដ្រនៃការដាក់ជី

ដាក់មុនពេលដាំ ប្រភេទជី ១៥.១៥.១៥ ចំនួន២០០គ.ក្រ /ហ.ត បំប៉នក្រោយដាំ ប្រភេទជីអ៊ុយរ៉េ ចំនួន៤០គ.ក្រ/ហ.ត ក្រោយដាំរយៈពេល១៥ថ្ងៃ ។ បំប៉នជី១៥.១៥.១៥ចំនួន២០០គ.ក្រ ដាក់តាមចន្លោះគុម្ពក្រោយដាំរយៈពេល៣៥ថ្ងៃ។ បំប៉នក្រោយដាំរយៈពេល ៥០ ថ្ងៃ គឺប្រភេទជីអ៊ុយរ៉េចំនួន ៦០ គ.ក្រ លាយជាមួយជី KCL ចំនួន១០០ គ.ក្រ បាចតាមចន្លោះគុម្ព ហើយស្រោចទឹកភ្លាម។ បំប៉នក្រោយពេលខ្ទឹមមានអាយុ ៧០ ថ្ងៃ គឺជីអ៊ុតរ៉េ ចំនួន៧៤ គ.ក្រ/ហ.ត លាយទឹកស្រោចហើយរួចយកទៅស្រោចតាមក្រោយដើម្បីលាង ។

🌱ការជ្រំជ្រួយដីពូនគល់ និងកំចាត់ស្មៅ

👉ការជ្រំជ្រួយដីលើកទី១ ធ្វើឡើងក្រោយពីខ្ទឹមមានអាយុ២៥ ថ្ងៃ គឺគេចាប់ផ្ដើមដកស្មៅ និងជ្រំជ្រួយដីជាលើកដំបូង ត្រូវជ្រំបំបែកដីមុខលើដើម្បីឲ្យសំណើមដីមានលំនឹងល្អ ។ ក្រោយមកទៀតគេអាចដាក់ស្មៅពេលស្មៅដុះលូតលាស់ តែមិនជ្រំដីឡើយ ។ គេអាចជ្រំដីលើកទី២ នៅពេលខ្លឹមមានអាយុ៤៥ ទៅ ៥០ ថ្ងៃ ពេលនោះគេជ្រំដីមិនឲ្យជ្រៅឡើយគឺបំបែកដីមុនលើដើម្បីឲ្យទឹកជ្រាបបានល្អ រក្សាសំណើមឲ្យបានសមស្រប ក្រៅពីនោះ គេលែងជ្រំដីតែគេអាចដកស្មៅចេញ ១ឬ២ លើកថែមទៀតទៅតាមកំរិតស្មៅ។

🐌🐞អំពីជម្ងឺ និងសត្វល្អិត

១,អំពីជម្ងឺសំខាន់ៗ

ជម្ងឺរលួយទន់ក្លែប : ជម្ងឺប្រភេទនេះតែងតែកើតឡើងលើដំណាំខ្លឹមសនៅពេលខ្លឹមឡើង

មើមធ្វើឲ្យមើមជាំៗហើយរលួយប្រសិនបើក្លែបណាមួយកើតជម្ងឺនេះស្លឹកដែលទាក់ទងនឹងក្លែបនោះស្រពោនហើយងាប់។

ជម្ងឺស្ងួតស្លឹក : ជម្ងឺតែងធ្វើឲ្យស្លឹកខ្ទឹមមានចំណុចពណ៌សលើស្លឹកចំណុចៗហើយក្រោយ មកស្លឹកខ្ទឹមឡើងពណ៌លឿងបន្ទាប់មកស្ងួតហើយងាប់តែម្ដង។ បើមានជម្ងឺនេះគេប្រើសូលុយស្យុង Boricacid ២%២លីត្រ =២០០លីត្រ បាញ់លើផ្ទៃដី ១ហ.ត និងត្រូវបន្ថយការស្រោចទឹក។

២,អំពីសត្វល្អិត

កណ្ដៀរ : កាលណាដីមានគេព្រាចថ្នាំគ្រាប់មុនពេលដាំដូចជា Ekatin ឬ Furadan ១៥ទៅ១៨គ.ក្រ/ហ.ត។

ខ្មូត : ខ្មូតស៊ីមើមខ្ទឹមពេលទុកដាក់ គេអាចច្រើវិធានការការពារចំពោះការបំផ្លាញនេះបាន ដោយបង្ហុយផ្សែងពុល Posphine ។

សត្វល្អិតក្នុងដី : Nematode នៅពេលមានការបំផ្លាញពីសត្វល្អិតប្រភេទនេះគេត្រូវចាត់ វិធានការដូចជា យកមើមខ្ទឹមពូជត្រាំរយៈពេល៨ ទៅ ១០ ម៉ោងមុនយកទៅដាំ។

🌱ការប្រមូលផល

គេអាចប្រមូលផលខ្ទឹមបាន ក្រោយពីដាំរយៈពេលពី ៩០ ទៅ ១២០ ថ្ងៃ ទៅតាមប្រភេទពូជ នៅពេលខ្ទឹមទុំចាប់ផ្ដើមប្រែពណ៌បៃតង ទៅលឿងប្រមាណ ៧០% ហើយចាប់ផ្ដើមទន់ដើម នៅត្រង់ចំណុចខាងលើមើម គេបញ្ឈប់ការស្រោចទឹក ក្រោយមករយៈពេល១០ទៅ១៥ ថ្ងៃ គេដក់ហាលរយៈពេល២ ទៅ៣ ថ្ងៃ ទៀតទើបគេទុកដាក់បានវិធីទុកដាក់គឺគេច្រើនយកស្លឹក ខ្ទឹមមកចង់ជាបាច់ជាប់គ្នា ហើយព្យួរទុកនៅកន្លែងស្ងួត គេទុកបានរយៈពេល១០ ទៅ ១២ ខែ ជាធម្មតាតែវាអាចបាត់បង់ទម្ងន់ចំនួន៣០%ក្នុងអំឡុងរយៈពេលទុកដាក់ ៕

Credit: កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម

_________________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw


Friday, 7 October 2022

វិធីធ្វើថ្នាំកំចាត់ដង្កូវនិងសត្វល្អិតងាយៗ🍶🍸🐛🐝🐞🐚

ថ្នាំជក់(សរសៃថ្នាំជក់)ដែលជាថ្នាំខ្លាំង។ យកសរសៃថ្នាំជក់ស្ងួត ចំនួន​១ក្តាប់ដៃតឹងណែន។ ទឹក២លីត្រ។ ត្រាំថ្នាំក្នុងទឹកចំនួន១ម៉ោង​រួចហើយចាក់សាប៊ូលាងចានចំនួន ៤ស្លាបព្រាបាយ។ កូរច្របាច់អោយរលាយចូលគ្នា។ ច្រោះត្រងយកកាករបស់វាចេញ។ 

យកទឹកថ្នាំមកប្រើបានហើយ។ កំរិតប្រើគឺ ថ្នាំនេះ៦ស្លាបព្រា លាយទឹក៥លីត្រ។ បាញ់ពេលព្រឹកៗឬពេលព្រលប់។ បាញ់លើបន្លែគ្រប់ប្រភេទ បាញ់លើឈើហូបផ្លែ បាញ់ការពារត្រួយដំណាំ។ ៣ថ្ងៃបាញ់ម្តង។ មានប្រសិទ្ធភាពល្អ។ ៧ថ្ងៃក្រោយពេលបាញ់ថ្នាំនេះទើបយើងអាចប្រមូលផលមកបរិភោគបាន។
បើចង់ទុកបានយូរ យើងយកថ្នាំជក់មកស្ងោរជាមួយទឹករំងាស់អោយរីងទឹក៥០% បើទឹក២លីត្រ ត្រូវស្ងោរអោយនោសល់តែ១លីត្រ។ ពេលប្រើចាំដាក់សាប៊ូលាងចានតាមក្រោយ។ ច្រកដបទុកបាន១ឆ្នាំ។ 

ប្រភព៖ នី ណាក់។

_________________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw



វិធីធ្វើជីទឹក អឹនប៉េកា(NPK)🍶🍀🌱

                   

ជីទឹក អឹន ប៉េ កា (NPK)

សំបកចេក១ស្និត លាយទឹក៣លីត្រឬ៤លីត្រ។ ហាន់សំបកចេកល្អិតៗ ដាក់ត្រាំក្នុងផើងជាមួយទឹក៣ទៅ៤លីត្រ។ ចាក់ទឹកក្រូច M150 ចំនួន៣គំរបដប។កូរអោយសព្វ គ្របទុកក្នុងម្លប់ចំនួន២យប់ឬយ៉ាងយូរ៣យប់។

ច្រោះត្រងយកកាករបស់វាចេញ។ ច្រកទឹកជីនេះទុកក្នុងដបស្អាតហើយបិទគំរបអោយជិត រក្សាទុកក្នុងម្លប់បាន៦ខែ។ កំរិតប្រើ ទឹកជីសំបកចេក ១កែវ(1/4L) លាយទឹក៥លីត្រ។បាញ់លើស្លឹក លើដើម សល់ទឹកស្រោចគល់បន្លែ មានម្ទេស ត្រប់ ត្រសក់ ដំណាំមានផ្លែ ធ្វើអោយផ្លែច្រើន។ 
១សប្តាហ៍ប្រើម្តង។ ស្រោចរុក្ខជាតិលំអ ស្រោចផ្កា នាំអោយវាផ្កាច្រើន គ្មានរោគ។
សំរាប់រូបមន្តបន្ថែមទៀតគឺយកសំបកចេកហាលអោយស្ងួត កិនអោយម៉ដ្ឋ ដាក់លាយជាមួយម្សៅសំបកស៊ុត។ ម្សៅសំបកចេក១គីឡូ លាយម្សៅសំបកស៊ុត១ខាំ។ យកមករោយឬជីកដីកប់នៅតាមគល់ដំណាំគឺដំណាំ២ឬ៣ស្លាបព្រាបាយក្នុង១ដើមគឺវានឹងផ្តល់ផ្លែច្រើន ដំណាំមានរស់ជាតិផ្អែមឆ្ងាញ់ គ្មានជម្ងឺ និងគ្មានសត្វបំផ្លាញ។

Credit: នី ណាក់

_________________________________

គ្រប់យ៉ាងនៅលើចង្អុលដៃរបស់បងប្អូន☝️😊📱

Sesan Facebook page: https://www.facebook.com/sesan.cambodia/

Telegram group: https://t.me/Sesan_group

Telegram channel: https://t.me/joinchat/JGHFAz3o3Eo2MzU1

Telegram admin: https://t.me/klartdean

សេសានផ្សារកសិកម្ម➡️ https://www.facebook.com/groups/1141852629635517/?ref=share

Sesan Tik Tok: https://vt.tiktok.com/ZSRjhbHRo/

Sesan Youtubehttps://vt.tiktok.com/ZSRjhbHRo/ Channel: https://youtube.com/channel/UCvbUTKnDrhblquM0rYSQISw


គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸

គុណប្រយោជន៍ធំៗទាំង៥យ៉ាងរបស់ស្លឹកគ្រៃសម្រាប់យើងគ្រប់គ្នាគួរតែយល់ដឹង៖🌱🌱🍃🍃🍸 ជួយដល់សុខភាពស្បែក✅ ស្លឹកគ្រៃជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប...